​ភ្នំពេញៈ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ក្រើន​រំឭក​ទៅដល់​ប្រជាពលរដ្ឋ ដែលមាន​តម្រូវការ​កម្ចី​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​មុននឹង​សម្រេចចិត្ត​ក្នុងការ​ស្នើសុំ​កម្ចី​ពី​ស្ថាប័ន​ណាមួយ​។​


​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កាល​ពីថ្ងៃ​ទី​ ១៦ ខែមករា បានចេញ​សេចក្តីប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​​ប្រយ័ត្ន ចំពោះ​កម្ចី​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ខណៈដែល​ថ្មីៗ​នេះ​មាន​ជនខិលខូច​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ក្រោមរូបភាព «​ការផ្តល់​កម្ចី​ប្រាក់​តាម​អន​ឡាញ​» ដែលមាន​លក្ខណៈ​ងាយស្រួល​ខ្ចី ដើម្បី​ទាក់ទាញ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចាប់អារម្មណ៍ និង​ធ្វើការ​ស្នើសុំ​ខ្ចីលុយ​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ទាំងនោះ​។​

«​ក្រោយពី​ប្រជាពលរដ្ឋ​បាន​ចាប់អារម្មណ៍​ហើយ ក្រុម​ជនខិលខូច​ទាំង​នោះបាន​ធ្វើជា​យល់ព្រម​ផ្តល់ប្រាក់​កម្ចី​តាម​ការស្នើសុំ​ដោយ​តម្រូវឱ្យ​ថត​ឯកសារ​មួយចំនួន​ដូចជា​អត្តសញ្ញាណ​របស់ខ្លួន​និង​តម្រូវឱ្យ​វេរ​លុយ​ទៅឱ្យ​ក្រុម​ជន​​ខិលខូច​ទាំងនោះ​ជា​ថ្លៃ​សេវា​ផ្សេងៗ ប៉ុន្តែ​នៅ​ទីបំផុត​ប្រាក់កម្ចី​ក៏​មិនបាន ថែមទាំង​បាត់បង់​លុយ​ដែល​បាន​វេរ​ទៅឱ្យ​ក្រុម​ជនខិលខូច​ទាំងនោះ​ថែមទៀត​»​។​ 


​ក្រោមរូបភាព «​ការផ្តល់​កម្ចី​ប្រាក់​តាម​អន​ឡាញ​»​ នេះ ក្រុម​ជនខិលខូច​បាន​ផ្សព្វផ្សាយ​ដោយ​ភ្ជាប់​ជាមួយ​សារ​ដូចជា​៖ ផ្ដល់ប្រាក់​កម្ចី​ដែល​អត្រា​ការប្រាក់​ទាប​រយៈពេល​យូរ​នៃ​ការបង់​កម្ចី រហ័ស​ទាន់​ចិត្ត និង​មាន​ផ្ដល់​ទំហំ​កម្ចី​ប្រាក់​ច្រើន​។​

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​លីកាដូ​ឱ្យដឹងថា បញ្ហា​កម្ចី​ប្រាក់ តាម​អន​ឡាញ​នេះ វា​ជា​ករណី​ដែល​បាន​កើតឡើង​ម្ដង​ហើយ​ម្ដងទៀត ខណៈ​ជនរងគ្រោះ​ចេះតែមាន​ជា​បន្តបន្ទាប់ ហើយ​ជន​​ល្មើស​ក៏​នៅ​មិនទាន់​ចាប់បាន​អត្តសញ្ញាណ​ពិតប្រាកដ​នៅឡើយ​។


លោក​ថ្លែងថា​៖«​អ្វីដែល​សំខាន់​ក្រៅពី​ការ​ក្រើនរំឭក គឺ​ខាង​នាយកដ្ឋាន​ត្រូវតែ​ចាត់​វិធាន​ការ​តាមផ្លូវ​ច្បាប់​ទៅដល់​ជន​ដែល​បាន​ប្រព្រឹត្ត​យក​ឧបករណ៍​អន​ឡាញ​ធ្វើជា​កម្ចី​ប្រាក់ ដើម្បី​ប្រព្រឹត្ត​ខុសច្បាប់ ការគំរាមកំហែង ការប្រើប្រាស់​រូបភាព​អាសអាភាស​ជាដើម​របស់​ជនរងគ្រោះ​»​។​

​លោក​ថ្លែង​ទៀតថា ការប្រើ​​ប្រាស់​រូបភាព​ទាំងនេះ វា​សុទ្ធតែជា​រឿង​ខុសច្បាប់ ដូច្នេះ​អាជ្ញាធរ មិនគួរ​ចេញ​តែ​សារ​ក្រើនរំឭក​ប្រជាពលរដ្ឋ​មួយ​ឡើយ ពីព្រោះ​ជនល្មើស​តែងតែ​បង្កប់ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ ហេតុនេះ​ត្រូវមាន​វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យបាន​តឹងរ៉ឹង​ទៅកាន់​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​៕