​ភ្នំពេញៈ​ នាឱកាស​ចូលរួម​កិច្ច​ពិភាក្សា​ស្ដីពី​ «​ពាណិជ្ជកម្ម​សម្រាប់​ការអភិវឌ្ឍ​» ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ​២០២៤​ លោកស្រី ​ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា វិស័យ​ពាណិជ្ជកម្ម ជា​ចលករ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សកលលោក​។​

​ស្ថិតនៅក្នុង​ទីក្រុង​ដា​វ៉ូស សហ​ព័ន្ធ​ស្វ៊ី​ស កាលពី​ថ្ងៃទី​ ១៦ ខែ​មករា ឆ្នាំ ​២០២៤ លោកស្រី ចម និម្មល​ បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ពហុភាគី​ស្ដីពី ​«​ពាណិជ្ជកម្ម​សម្រាប់​ការអភិវឌ្ឍ​» ដែលជា​កម្មវិធី​មួយ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២៤ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​លើកឡើង​ពី​ការកត់សម្គាល់​របស់លោក​ស្រី​ថា វិស័យ​ពាណិជ្ជកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ និង​លើកកម្ពស់​ស្ដង់ដា​នៃ​ការរស់នៅ​របស់​ប្រជា​ពលរដ្ឋ​។ 


​ទោះជា​យ៉ាងនេះ​ក្ដី លោកស្រី​បាន​អះអាងថា បញ្ហា​សកល​ដូចជា​វិបត្តិ​សុខាភិបាល និង​សង្គ្រាម​នៅតែ​បន្ត​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​​ស្ដារឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក ហើយ​ដើម្បី​ចូលរួមចំណែក​ដល់​ការស្ដារ​ឡើងវិញ​នេះ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​​ខិតខំ​ប្រឹងប្រែង​ពហុភាគី​មួយចំនួន​នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ចូល​ជា​សមាជិក​នៃ​ការចរចា​ស្ដីពី​កិច្ច​សម្រួល​វិ​និយោគ​សម្រាប់​ការអភិវឌ្ឍ និង​ការអនុវត្ត​យ៉ាងសកម្ម​នូវ​កិច្ចព្រមព្រៀង​កិច្ច​សម្រួល​ពាណិជ្ជ​កម្ម​ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​។​

​លោកស្រី​បញ្ជាក់ថា​៖ «​កម្ពុជា​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ដំណើរ​ការ​ពាណិជ្ជកម្ម​ក្នុង​តំបន់​តាម​​រយៈ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​អា​​ស៊ាន​»​។ លោកស្រី​ក៏បាន​បង្ហាញ​ពី​ការរំពឹងទុក​ផងដែរ​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា​នឹង​រួមចំណែក​ដល់​ការពង្រឹង​តួនាទី​នៃ​វិស័យ​ពាណិជ្ជកម្ម ដែលជា​ចលករ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋ​​កិច្ច​ជាតិ និង​សកលលោក​។​


​អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក ​ហុង វណ្ណៈ បានបង្ហាញ​ពី​ការយល់​ឃើញ​មិន​ខុសពី​លោកស្រី​រដ្ឋ​មន្ត្រី​នោះទេ ដោយ​លោក​បាន​និយាយថា វិស័យ​ពាណិជ្ជ​កម្មនេះ បាន​ដើរតួនាទី​យ៉ាងសំខាន់ ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ដែល​វិស័យនេះ​ជា​ចលករ​សំខាន់​ណាស់​ក្នុងការ​រុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​។

លោក​បាន​និយាយ​នៅ​ថ្ងៃទី​ ១៧  ខែមករា​ថា ជាក់​ស្តែង​កម្ពុ​ជាមាន​ផលិតផល​ក​សិ​​កម្ម​ច្រើន ដែល​ការផលិត​បាន​ច្រើន​នេះ មិន​ត្រឹមតែ​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​គ្រប់គ្រាន់​នោះទេ តែ​ក៏​ផលិត​លើស​ដែល​អាច​អនុញ្ញាតឱ្យ​កម្ពុជា អាច​នាំចេញ​ដើម្បី​ទទួល​​បាន​ប្រាក់ចំណេញ សម្រាប់​យកមក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​វិញ​។ 

​លោក​បញ្ជាក់ថា៖ «​ពេលដែល​យើង​ផលិត​បាន​ហើយ មិន​ថា ផលិតផល​កសិកម្ម​ឬ​ឧស្សាហកម្ម​នោះទេ យើង​មិន​ត្រឹមតែ​ផ្គត់ផ្គង់​ក្នុងស្រុក​ឡើយ តែ​យើង​ក៏​អាច​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​បាន​ផងដែរ​ដែល​នេះ​គេ​ហៅថា ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលជា​ការធ្វើ​ពាណិជ្ជកម្ម​ដ៏​ធំ​ណាស់​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​»​។

ទោះ​យ៉ាងណា លោក​ វណ្ណៈ បានផ្តល់​ជា​យោបល់​ថា ដើម្បីឱ្យ​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​កាន់​តែមាន​ប្រសិទ្ធភាព និង​អាច​ពង្រីក​ទីផ្សារ​បាន​កាន់តែ​ទូលាយ​កម្ពុជា​ត្រូវ​ចាប់ផ្តើម​គិត​​គូរ​ពី​ការពង្រឹង​ទីផ្សារ​ចាស់ និង​ពង្រីក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ដោយ​ត្រូវ​បង្កើន​គុណភាព និង​បរិមាណ​ផលិតផល​របស់ខ្លួន ឱ្យស្រប​ទៅតាម​ស្តង់ដា និង​តម្រូវការ​របស់​ទីផ្សារ​អន្តរជាតិ​។​

​បើ​យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានបង្ហាញ នៅក្នុង​រយៈពេល ​១២ ​ខែ ឆ្នាំ​ ២០២៣ ពាណិជ្ជ​កម្ម​កម្ពុជា​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ៤៦ ៨២៨​ លាន​​ដុល្លារ​ថយចុះ​ជិត ​២ ភាគរយ​។ នៅក្នុង​ការនាំចេញ​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ២២ ៦៤៤ លាន​ដុល្លារ កើនឡើង​ជិត​ ២ ​ភាគរយ ខណៈដែល​ការនាំ​ចូល​របស់​កម្ពុជា​ពី​ទីផ្សារ​បរទេស​វិញ មានតម្លៃ​ទឹកប្រាក់​ជាង ២៤ ១៨៣ ​លាន​ដុល្លារ​ថយចុះ ​៥​ ភាគ​​រយ ធៀប​នឹង​ឆ្នាំ​ ២០២២៕