​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ស្វាគមន៍​ចំពោះ​គោលបំណង និង​ការ​ប្តេ​​ជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទេសចរណ៍​លំដាប់​ពិភពលោក Trip.com ដែលថា នឹងធ្វើ​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក ទស្សនា​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​។


​លោក​ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដូចនេះ ក្នុងជំនួប​ជាមួយនឹង​លោកស្រី Jane Sun អគ្គ​​នាយិកា​ក្រុមហ៊ុន Trip.com ដើម្បី​ពិភាក្សា​ការងារ​ក្នុង​ឱកាសលោក​ចូលរួម​វេទិកា​សេដ្ឋកិច្ច​​ពិភពលោក​ឆ្នាំ​ ​២០២៤ ​នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វ៊ី​ស​។​

​ក្នុងជំនួប​កាលពី​ថ្ងៃទី​ ១៦ ខែ​មករា អគ្គនាយិកា​ក្រុមហ៊ុន Trip.com លោកស្រី Jane Sun បានលើកឡើង​ពី​ដំណើរ​ការ​អាជីវកម្ម និង​សក្តានុពល​របស់​ក្រុមហ៊ុន Trip.com ដែល​​មាន​ប្រតិបត្តិការ​អាជីវកម្ម​ផ្តោតជាសំខាន់​លើ​វិស័យ​ទេសចរណ៍​។​


​ជាមួយគ្នានេះ លោកស្រីក៏បាន​បញ្ជាក់​ផងដែរ​ពី​គោល​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នៅ​កម្ពុជា ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ឱ្យបាន​កាន់តែច្រើន​មក​ទស្សនា​កម្ពុជា ដែលជា​ប្រទេស​ដ៏​ស្រស់ស្អាត និង​មាន​គោលដៅ​ទេសចរណ៍ ដែលមាន​ភាព​ទាក់​ទាញ​ខ្លាំង​។​

​ជាការ​ឆ្លើយតប លោក​ ហ៊ុន​ ម៉ា​ណែ​ត បានបង្ហាញ​ការ​ស្វា​គម​ន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ពង្រីក​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​តាមរយៈ​កិច្ចសហការ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក ស្រប​ពេលដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី៧ បាននិងកំពុង​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ចាំបាច់ សំដៅ​ជំរុញ​កំណើន​នៃ​វិស័យ​ទេសចរណ៍ នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩​។


​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​​ហ្វិ​ក ​(PATA)​ បាន​សាទរ​ចំពោះ​ដំណឹង​ល្អ​នេះ ខណៈ​កម្ពុជា​ត្រូវ​ការ​អង្គភាព​ទេសចរណ៍​ធំៗ​ដូច​នេះ ដែលជា​អ្នកដើរ​តួនាទី​ដ៏​​សំខាន់​នៅ OTA (Online Travel Agency) ដែល​កម្ពុជា​ត្រូវ​ការ​ការចូលរួម​រប​ស់​អង្គភាព​ទាំង​នេះ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នេះ​។​

​លោក​ថ្លែងថា​៖ «​យើង​ត្រូវការ​ពួកគេ​ចូលរួម ព្រោះ​ពួកគេ​មាន​កម្លាំង​ខ្លាំង​មាន​ថាមពល​ខ្ពស់ ឱ្យតែ​គេ​មក​ដោយ​ស្របច្បាប់ មក​ដោយ​គោរព​ច្បាប់​កម្ពុជា​មែន ខ្ញុំ​គិតថា ជា​ការល្អ​មែនទែន ប៉ុន្តែ​ថា​តើ​រដ្ឋាភិបាល​យើង​រួចរាល់​ហើយ ឬ​នៅក្នុង​ការគ្រប់គ្រង​ចំណូល​ពន្ធ​ពី​ពួកគេ​នោះ​»​។​

​លោក ធួន ស៊ីណាន បន្តថា កន្លងមក​មាន​បញ្ហា​ជាច្រើន​ដែរ​ជាមួយនឹង OTA នេះ ដោយសារ​រដ្ឋាភិបាល​ចាប់ផ្តើម​កៀប​ទៅលើ​ពន្ធដារ ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​កៀប​ខ្លាំង​មែនទែន ទៅលើ​ពួក​អ្នករកស៊ី​នៅក្នុង​ស្រុក ប៉ុន្តែ​រដ្ឋាភិបាល​ហាក់បីដូចជា​ព្រងើយកន្តើយ​ក្នុងការ​គ្រប់គ្រង​ក្រុម OTA នេះ ដែល​ពួកគេ​ភាគច្រើន​មិនមាន​ការិយាល័យ​នៅក្នុង​ស្រុក​ខ្មែរ​ទេ​។​​លោក​ក៏បាន​ស្នើ​ទៅដល់​រដ្ឋា​ភិ​បាល​ក្នុងការ​ពិនិត្យមើល​ទៅលើ​ការប្រកួតប្រជែង​ដែល​មិនមាន​តម្លាភាព​នៅក្នុង​វិស័យ​មួយ​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា Trip.com គឺជា​វេ​ប​សាយ​ធ្វើដំណើរ​មួយ​ឈានមុខ​គេ​លើ​ពិភពលោក ដោយ​រួម​​បញ្ចូល​កញ្ចប់​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ដ៏​ទូលំទូលាយ សម្រាប់​ការធ្វើដំណើរ​ជុំវិញ​ពិភព​​លោក ដោយ​អ្នកទេសចរ​ទូទាំង​ពិភពលោក ក៏​អាច​កក់​សេវាកម្ម​ទេសចរណ៍ ដូចជា សំបុត្រ​យន្តហោះ​កន្លែង​ស្នាក់នៅ និង​សំបុត្រ​រថយន្ត​ជាដើម នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​វេ​ប​សាយ Trip.com​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ ​២០២៣ ក្រុម​ហ៊ុន Cambodia Angkor Air របស់​កម្ពុជា​ក៏បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង Trip.com ក្នុងការ​​បង្កើត​អាកាសយានដ្ឋាន​ឆ្លាត​វៃ (smart airport) នៅក្នុង​ខេត្ត​សៀមរាប​ផងដែរ​៕