ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដែលស្ថិតក្នុងសង្កាត់ចំនួន ២ ខណៈដែលក្រុងបង្កើតថ្មីនេះ នឹងត្រូវអនុវត្តតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ដើម្បីធ្វើការអភិវឌ្ឍឱ្យមានសក្ដានុពលវិស័យទេសចរណ៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យស្ដីពីការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ចុះថ្ងៃទី ១១ ខែមករា និងបានប្រកាសឱ្យដឹងជាសាធារណៈកាលពីល្ងាចថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤។
ក្នុងអនុក្រឹត្យបានសម្រេចថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន ២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែន ត្រូវស្ថិតនៅក្នុងសង្កាត់រុនតាឯក និងទីតាំងរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវស្ថិតនៅក្នុងឃុំខ្នារសណ្តាយ។
ដោយឡែក ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។
អនុក្រឹត្យដដែលបានបញ្ជាក់ថា៖ «ក្រុងរុនតាឯកតេជោសែន ត្រូវអនុលោមតាមមាត្រា ១៨ ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា ៣ ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ»។
ការបង្កើតក្រុងរុនតាឯកតេជោសែននេះ នឹងត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រាប់ឱ្យដឹងថា តំបន់រុនតាឯកនេះ មិនទាន់មានលក្ខណសម្បត្តិកំណត់ទៅជាក្រុងបានឡើយ ប៉ុន្តែប្រសិនជារាជរដ្ឋាភិបាលសម្រេចទៅជាក្រុងហើយ វាក៏ល្អម្យ៉ាងដែរ ពីព្រោះដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ អាចទទួលបានសេវាផ្សេងៗ និងមានជីវភាពល្អប្រសើរ។ បន្ទាប់ពីបង្កើតជាក្រុងហើយ រាជរដ្ឋាភិបាល ក៏គួរតែមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងបំពេញលក្ខណសម្បត្តិឱ្យក្រុងរុនតាឯកនេះ មានសម្រស់ទាក់ទាញទេសចរណ៍ និងសកម្មភាពសេដ្ឋកិច្ចដូចទៅនឹងក្រុងដទៃទៀតដែរ។
លោក គិមអេង បានថ្លែងថា៖ «នៅពេលយើងបានបង្កើតជាក្រុងហើយ មានការអភិវឌ្ឍ វាគឺជារឿងមួយល្អប្រសើរណាស់ ដើម្បីឱ្យប្រជាពលរដ្ឋដែលគាត់បានផ្លាស់ទៅកាន់ទីនោះ មានភាពកក់ក្ដៅ មានសេវាសាធារណៈ គ្រប់គ្រាន់ ក៏ដូចជាការប្រកបមុខរបររបស់គាត់ក៏នៅតែអាចរកចំណូលបាន ដូចកន្លែងពីមុនដែរ»។
លោក យង់ គិមអេង ថា តំបន់រុន តាឯក ត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតទៅជាក្រុង ក៏វារឿងមួយស្របតាមគោលបំណងរបស់ប្រជាពលរដ្ឋផងដែរ ពីព្រោះកន្លងមកតំបន់នេះ មិនមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ឡើយ ខណៈដែលប្រជាពលរដ្ឋជាច្រើនបានចាកចេញពីតំបន់អង្គរទៅរស់នៅតំបន់នោះ។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ជាទូទៅការបង្កើតតំបន់ណាមួយ ឱ្យក្លាយទៅជាក្រុងបាន លុះត្រាតែមានសក្ដានុពលសេដ្ឋកិច្ច មានការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ មានប្រជាពលរដ្ឋច្រើន ក៏ដូចជាសកម្មភាពពាណិជ្ជកម្មច្រើនផងដែរ។
លោក ប៊ុនថង បានថ្លែងទៀតថា តំបន់រុនតាឯក មិនទាន់ស័កិ្តសមបង្កើតឱ្យទៅជាក្រុងឡើយ ប៉ុន្តែជាឆន្ទៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិ គឺចង់លើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ប្ដូរលំនៅរបស់ខ្លួន ចាកចេញពីតំបន់អង្គរ ទៅរស់នៅតំបន់រុនតាឯក ដើម្បីឱ្យតំបន់នោះមានការអភិវឌ្ឍ និងមានភាពរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពពាណិជ្ជកម្ម ក៏ដូចជាសកម្មភាពវប្បធម៌ អប់រំ និងវិស័យទេសចរណ៍ជាដើម។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថាការសម្រេចរបស់រាជរដ្ឋាភិបាលនេះ វាជាការតបស្នងទៅកាន់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីលំនៅឋានក្បែរតំបន់អង្គរហ្នឹង។ អ៊ីចឹង ការកែប្រែទៅជាតំបន់ហ្នឹងទៅជាក្រុងនេះ វាជួយលើកកម្ពស់ជីវភាព និងផ្ដល់សេវាសាធារណៈផ្សេងៗទាំងការអប់រំ សុខភាព និងឱកាសការងារកាន់តែល្អប្រសើរ»។
ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានប្រជាពលរដ្ឋរស់នៅ ៤៤២ គ្រួសារ ហើយត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិវឌ្ឍជាភូមិធម្មជាតិរុនតាឯក ដោយសារតែប្រជាពលរដ្ឋមានលំនៅឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានស្ម័គ្រចិត្តទៅរស់នៅទីនោះ ដែលបានផ្តល់ផ្ទះ និងដីសម្រាប់ធ្វើកសិកម្មជាដើម។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក មានការកើនឡើងដល់ចំនួន ៥ ៨៦៥ គ្រួសារ៕