​សៀមរាបៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សិក្ខា​សាលា​អាស៊ាន​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​លើក​ទី​​​ ២ អំពី​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ កាល​​ពីថ្ងៃ​ទី​ ១៥ ខែមករា ឆ្នាំ​ ២០២៤ នៅ​ខេត្តសៀមរាប​។​


​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ មាន​គោលបំណង ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​អា​ស៊ាន ស្តីពី​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ និង​ឯកភាព​លើ​សេចក្តីព្រាង​ចុង​​ក្រោយ​នៃ​គោលការណ៍​ណែនាំ​អាស៊ាន សម្រាប់​ការពិគ្រោះ​​យោបល់ និង​ការអនុម័ត​ចុងក្រោយ ដោយ​គណៈកម្មការ​អាស៊ាន​លើ​ការអនុវត្ត​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី​ការការពារ និង​ការ​លើកកម្ពស់​សិទ្ធិ​ពលក​រ​ទេ​សន្តរ​ប្រវេសន៍ (ACMW)​។​

​បើតាម​លទ្ធផល​នៃ​សិក្ខា​សា​លា​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការងារ កាលពី​ថ្ងៃទី ​១៦ ខែមករា​ឱ្យដឹងថា សិក្ខាសាលា​បាន​ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​គ្រប់​ជ្រុងជ្រោយ​ទៅលើ​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​នេះ​។


ក្រសួង​បញ្ជាក់ថា​៖ «​តំណាង​ពី​ស្ថាប័ន​នៃ​រដ្ឋ​សមាជិក​អាស៊ាន និង​តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ ​(ILO)​ ក៏បាន​កោត​សរ​​សើរ​ដល់​កម្ពុជា​ដែល​បានរៀបចំ​សិក្ខាសាលា​លើក​ទី២ នៅ​ខេត្ត​សៀមរាប និង​គំនិត​ផ្តួចផ្តើម​រៀប​​ចំ​ឱ្យមាន​ការធ្វើ​ចល័តភាព​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេ​សន្តរ​ប្រវេសន៍​ក្នុង​តំបន់​អាស៊ាន​»​។​

​លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ប្រាប់​ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​ពល​ករ​ទេសន្តរប្រវេសន៍​​កម្ពុជា​ដែល​ធ្វើការ​នៅ​បរទេស ក៏ដូចជា​ពលករ​បរ​ទេស​ដែល​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា​។


​លោក​បន្តថា​ការបង្កើត​គោល​​ការណ៍​ណែនាំ​អាស៊ាន ជាមួយនឹង​សេចក្តីថ្លែងការណ៍​អាស៊ាន ស្តីពី​ចល័តភាព​នៃ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​អាស៊ាន នេះ​គឺជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ការងារ​ក្នុងពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​នៅ​ឆ្នាំ ​២០២២​។​

​លោក កត្តា អ៊​ន បាន​ថ្លែងថា​៖ «​ក្រសួង​ការងារ ក្នុងនាម​ជា​ប្រទេស​ដឹកនាំ​គម្រោង​ក្រោម​ការ​សហការ​ពី​លេខាធិការដ្ឋាន​អា​​ស៊ាន និង​អង្គការ​អន្តរជាតិ​ខាង​ការងារ បាននិងកំពុង​ដឹកនាំ​រៀបចំ​គោលការណ៍​ណែនាំ​អាស៊ាន​ស្តីពី​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​​ទេសន្តរប្រវេសន៍​»​។​

​ជា​គោលដៅ​ចម្បង​គោល​ការ​ណ៍​ណែនាំ​អាស៊ាន​នេះ ក៏​នឹង​ដើរតួ​ជា​ឯកសារ​មូលដ្ឋាន និង​ផែនទី​បង្ហាញផ្លូវ​ដ៏​មាន​សារៈ​​សំខាន់ សម្រាប់​ប្រទេស​ទទួល និង​ប្រទេស​បញ្ជូន​ពលករ​ក្នុងការ​​ធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀងទ្វេភាគី ឬ​ពហុភាគី ក្នុងការ​ឈានទៅ​សម្រេចបាន​នូវ​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​សម្រាប់​ពលករ​ទេ​សន្តរ​​ប្រវេសន៍​ក្នុង​តំបន់​អាស៊ាន​។ នេះ​បើតាម​លោក​កត្តា អ៊​ន បានបញ្ជាក់​បន្ថែម​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ថ្លែង​នៅ​ថ្ងៃទី ​១៧ ខែមករា​ថា វា​ជា​រឿង​មួយ​ដ៏​ល្អ​បំផុត​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​បានអនុម័ត​លើ​សេចក្តីព្រាង​ជុំវិញ​អត្ថ​ប្រ​យោជន៍​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ទាំងអស់​នៅក្នុង​តំបន់ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​តំណាង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។ ប្រសិនបើ​មិនមាន​ការ​រៀបចំ​ឱ្យមាន​គោលការណ៍​ណែនាំ​នេះ​ទេ គឺ​មានន័យថា ពលករ​ដែល​ធ្វើការ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​ជាពិសេស​ពលករ​កម្ពុជា​តែម្តង​គឺ​ប្រឈមមុខ​នឹង​ការបាត់​បង់​សិទ្ធិ និង​ផលប្រយោជន៍​ជាច្រើន​។​

​លោក ប៉ាវ ស៊ីណា ថ្លែងថា​៖ «​មានន័យថា ពួកគាត់​ទៅធ្វើ​ការ​ដោយ​មិនមាន​ការយកចិត្ត​ទុកដាក់​ពី​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​នោះទេ​។ ដូចនេះ ការចេញ​គោលការណ៍​ណែនាំ​នេះ គឺ​នឹង​ជួយ​ទៅដល់​ពលករ​ទាំង​​អស់​មិន​ចំពោះតែ​ពលករ​កម្ពុជា​យើង​ទេ ពលករ​ទាំងឡាយ​ណាក៏ដោយ​ដែល​កំពុង​បំពេញ​ការ​ងារ​ក្នុងប្រទេស​ដែលជា​សមាជិក​អាស៊ាន គឺ​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់បំផុត​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន​ទាំងនោះ​»​។​

​លោក ​ប៉ាវ ស៊ីណា បាន​លើក​​ឡើង​ថា បើសិនជា​គ្មាន​គោល​ការណ៍​ណែនាំ​នេះ​ទេ ពលករ​ទេសន្តរប្រវេសន៍​នឹង​ទទួលរង​ការរំលោភបំពាន​សិទ្ធិ កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ញើស​ឈាម​ពួក​​គាត់​។ ដូច្នេះ​គោលការណ៍​ណែនាំ​នេះ ជួយ​ទប់ស្កាត់​រាល់​ទម្រង់​ដែលជា​ទង្វើ​កេងប្រវ័ញ្ច​ដល់​កម្លាំង​ពលកម្ម​ពលករ​។​

​សូមបញ្ជាក់​ផងដែរ​ថា សិក្ខា​សាលា​នេះ មានការ​ចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង​ការងារ និង​អ្នកពាក់ព័ន្ធ​ប្រមាណ​ ៨០ ​នាក់​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ដែលជា​តំណាង​នៃ​គណៈកម្មការ​អា​ស៊ាន ​(ACMW),​សមាគម​សន្តិ​​សុខ​សង្គម​អាស៊ាន (ASSA), តំណាង​និយោជក​, តំណាង​កម្ម​ករ​និយោជិត និង​អង្គការ​សង្គម​​ស៊ីវិល នៃ​រដ្ឋ​សមាជិក​អាស៊ាន​, សហព័ន្ធ​និយោជក​អាស៊ាន (ACE), ក្រុមប្រឹក្សា​សហជីព​អាស៊ាន (ATUC), លេខាធិការ​ដ្ឋា​ន​អាស៊ាន (ASEC), អង្គ​ការ​អន្តរជាតិ​ខាង​ការងារ ILO និង​ប្រទេស​ទី​ម័​រ​ខាងកើត​ដែល​បាន​ចូលរួម​ជា​អ្នកសង្កេតការណ៍​ផងដែរ​៕