លោកស្រី Mary Akinyi Olwal នាយិកាក្រុមហ៊ុន Buhler Group ថ្លែងថានឹងនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេមកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា តាំងពីដំណើរការដាំដុះ ប្រមូលផល រហូតដល់ការផលិតកែច្នៃសម្រាប់នាំចេញទៅក្រៅប្រទេស។ នេះបើតាមតេឡេក្រាម លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមករានេះ។
ការសន្យារបស់លោកស្រីនាយិកាក្រុមហ៊ុន Buhler Group ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ពេលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលលោកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដារ៉ូស សហព័ន្ធស៊្វីស។
ប្រភពដដែលបានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រី Mary Akinyi Olwal នាយិកាក្រុមហ៊ុន Buhler Group ជម្រាបប្រាប់ពីវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុន Buhler Group និងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគ ដោយនាំយកបច្ចេវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន មកកាន់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យកសិកម្ម តាំងពីដំណើរការដាំដុះ រហូតដល់ប្រមូលផល ព្រមទាំងកែច្នៃសម្រាប់នាំចេញក្រៅប្រទេស។
ឆ្លើយតបការលើកឡើងរបស់លោកស្រីនាយិកាក្រុមហ៊ុន Buhler Group លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅតែផ្តល់អាទិភាពលើវិស័យកសិកម្ម តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាតម្លៃកសិផល។ ជាពិសេស រាជរដ្ឋាភិបាលក៏បានដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេស ផងដែរ។
ក្នុងជំនួបនោះដែរ លោកនាយករដ្ឋមន្ត្រី បានស្វាគមន៍បំណងល្អរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគមកកម្ពុជា ពិសេស នាំយកបច្ចេកវិទ្យាទំនើបជួយដល់វិស័យកសិកម្មរបស់កម្ពុជា ការជួយកសាងធនធានមនុស្ស និងការរក្សាទុកផលិតផលកសិកម្មបានក្នុងបរិមាណច្រើន និងរយៈពេលវែង។
លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មកម្ពុជា៕