ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ស្នើឱ្យ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​គោលនយោបាយ​គណបក្សនយោបាយ​ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដោយ​ភាពត្រឹមត្រូវ និង​អព្យាក្រឹតភាព​។​


​លោក ម៉ុក ដា​រ៉ា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល បាន​ថ្លែង​ដូចនេះ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​តំណាង​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​។​

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប លោក ម៉ុក ដា​រ៉ា បានស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ធ្វើឱ្យ​ការផ្សព្វផ្សាយ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ឱ្យមាន​ភាពត្រឹមត្រូវ ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​គោលការណ៍​របស់ គ​.​ជ​.​ប និង​ក្រមសីលធម៌​ផងដែរ​។​ 


លោក​បាន​បញ្ជាក់ថា ៖«​ការគោរព​តាម​នីតិវិធី និង​គោលការណ៍​របស់ គ​.​ជ​.​ប នេះ ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព ដោយ​សេរី​ត្រឹមត្រូវ យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​»​។​

លោក ម៉ុក ដា​រ៉ា បានលើកឡើង​ដែរ​ថា ការលក់ ឬ​ជួល​ម៉ោង​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ដល់​គណបក្ស​នយោបាយ គឺត្រូវធ្វើ​ឡើង​ដោយ​ស្មើភាព តម្លៃ​ស្មើៗ​គ្នា និង​តាម​លំដាប់​មុន​ក្រោយ​។ 


​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ប្រកាស​ជា​សាធារណៈ​ពី​ចំនួន​ម៉ោង និង​តម្លៃ ដែល​ខ្លួន​ត្រូវ​លក់​ជូន​ដល់​គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ហើយ​មិនត្រូវ​លក់​ម៉ោង​ផ្សាយ​ផ្តាច់មុខ​ឱ្យ​គណបក្សនយោបាយ​ណាមួយ​ឡើយ​។ 

ប្រភព​ដដែល​បាន​បន្តថា ចំពោះ​ការលក់​ម៉ោង​ផ្សាយ​នេះ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ត្រូវយក​ចំនួន​ម៉ោង​សរុប​ដែល​ចង់​លក់​ចែក​ជាមួយនឹង​ចំនួន​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត នោះ​នឹង​ឃើញ​ចំនួន​នាទី ឬ​ម៉ោង​ដែល​ត្រូវ​លក់​ជូន​គណបក្សនយោបាយ​នីមួយៗ​។ ប៉ុន្តែ​ក្នុងករណី​មាន​គណបក្ស នយោបាយ​តិច ឬ​គណបក្សនយោបាយ​តែមួយ​ទិញ​ម៉ោង​ផ្សាយ ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ អាច​លក់ ម៉ោង​ផ្សាយ​ឱ្យ​គណបក្សនយោបាយ​ដែលមាន​លទ្ធភាព​ទិញ​នោះ​នៅ​រយៈពេល​យ៉ាងច្រើន ២ ដង​នៃ​រយៈ​ពេលដែល​គណបក្ស​នយោបាយ​នោះ​ត្រូវ​ទទួលបាន​។​

ដោយឡែក សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​បំណង​រៀបចំ​កម្មវិធី​សំណួរចម្លើយ ឬ​កិច្ចពិភាក្សា​អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ ដើម្បី​ផ្សព្វផ្សាយ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ គឺអាច​រៀបចំ​កម្មវិធី​នេះ​បាន ដោយ​ពុំ​តម្រូវឱ្យមាន​លិខិត​យល់ព្រម​ពី គ​.​ជ​.​ប ឡើយ​។ 

គ​.​ជ​.​ប បានលើកឡើង​ដែរ​ថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក៏​អាច​សុំ​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​សម្របសម្រួល មុននឹង​រៀបចំ​កម្មវិធី​លើ​ការងារ​បច្ចេកទេស មួយចំនួន​ក្នុង​ការរៀបចំ​កម្មវិធី​ប្រធានបទ ឬ​សំណួរ​ ដែល​ត្រូវ​ដាក់ជូន​គណបក្សនយោបាយ ការសម្របសម្រួល​ទីតាំង​ប្រជុំ សន្តិសុខ និង​សុវត្ថិភាព​»​។​

លោ ម៉ុក ដា​រ៉ា បាន​បញ្ជាក់ថា​៖ «​សាមី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវមាន​ការទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ចំពោះ​ខ្លឹមសារ​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី សំណួរចម្លើយ ឬ​កិច្ចពិភាក្សា ដែល​រៀបចំឡើង​នោះ ហើយ​អ្នករៀបចំ​កម្មវិធី និង​អ្នកសម្របសម្រួល កម្មវិធី​នេះ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត យុត្តិធម៌​»​។​

លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាព ថ្លែងថា ជាទូទៅ​នីតិវិធី​របស់ គ​.​ជ​.​ប ក្នុងពេល​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ មិន​ខុសពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះទេ ហើយ​ទាក់ទង​នឹង​ការរៀបចំ​ម៉ោង​ផ្សព្វផ្សាយ​ពី​គោលការណ៍ ឬ​គោលនយោបាយ​របស់​គណ​បក្សនយោបាយ​នេះ គ​.​ជ​.​ប ក៏​តែងតែ​រៀបចំ​ដដែលៗ​ដែរ​។​

​លោក​បាន​ថ្លែងថា ៖ «​អ្វីដែល​សំខាន់​គឺ​ការចាត់វិធានការ​រប​ស់ គ​.​ជ​.​ប ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​រំលោភ​លើ​គោលការណ៍​របស់ គ​.​ជ​.​ប ដែល​កន្លងមក​យើង​ឃើញ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ខ្លះ វិទ្យុ​ខ្លះ មានការ​ប្រើពាក្យ​សម្ដី​ដែលមាន​ការគំរាមកំហែង ឬ​ញុះញង់ និង​មានការ​វាយប្រហារ​ទៅលើ​គណបក្សនយោបាយ​ណាមួយ​ជាដើម​នោះ យើង​មិនឃើញ​មានការ​ចាត់វិធានការ​ណាមួយ​នោះទេ​»​។​

លោក យង់ គិ​ម​អេង ថ្លែងថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នាពេល​ខាងមុខនេះ នឹង​មិនមាន​បញ្ហា​អី​កើតឡើង​នោះទេ ព្រោះ​ជាការ​បោះឆ្នោត​មួយ​ដែល​លទ្ធផល​ដឹង​ទុកជាមុន​ហើយ ព្រោះ​ជាការ​បោះឆ្នោត​អសកល ដែល​មានតែ​ក្រុមប្រឹក្សា និង​តំណាងរាស្ត្រ​ជា​អ្នកបោះឆ្នោត​ប៉ុណ្ណោះ ហើយ​ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​ក៏​នឹងមិន​មានការ​ចាប់អារម្មណ៍​ច្រើន​ដែរ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​នីតិវិធី​នៃ​ការរៀបចំ​របស់ គ​.​ជ​.​ប ជាការ​ចាំបាច់​សម្រាប់​ឱ្យមាន​ភាពស្មើគ្នា ឬ​សមធម៌​រវាង​គណបក្ស និង​គណបក្ស​ដែល​បានរៀបចំ​តាម​បណ្តាញ​ប្រព័ន្ធ​ព័ត៌មាន ឬ​អង្គការ​នានា​ដែល​ត្រូវ​ឈរ​គោលការណ៍​របស់ គ​.​ជ​.​ប ដែល​បាន​ណែនាំ​នេះ​»​។​

សូម​បញ្ជាក់ដែរថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​ថ្ងៃ​បោះឆ្នោត​ត្រូវបាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤៕