​ភ្នំពេញៈ​លោក ​​ហេង រតនា អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ឱ្យ​ដឹង​ថា នៅក្នុ​ង​ដំណាក់​កាល​បច្ចុប្បន្ន​នេះ ការ​ជួយ​ជា​ថវិកា​ក្នុង​នាម​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​គឺសាធា​រណរដ្ឋ​ប្រជាមា​និត​ចិន​កំពុង​តែ​ឈរ​នៅ​លំដាប់​លេខ​១ បន្ទាប់​មក​ប្រទេស​ជប៉ុន ​សហ​រដ្ឋ​អាមេរិក​ ​និង​តំបន់​នៃ​បណ្តា​ប្រទេស​ដទៃ​ទៀត​។​


​ជា​មួយ​គ្នា​នោះ លោក​ ហេង រតនា ​ក៏​បាន​បញ្ជាក់​ដែរថា​ រាជរដ្ឋាភិ​បាល​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​លេខ​១​វិញ​ម្តង​នៅក្នុង​ផ្គត់​ផ្គង់​គាំទ្រ​ដល់​វិស័យ​សកម្ម​ភាព​មីន​នៅ​កម្ពុជា​តាំង​ពី​ការ​ខិតខំ​សម្រេច​ឱ្យបាន​នូវ​គោល​ដៅ​កម្ពុជា​អស់​មីន​នៅ​ចុងឆ្នាំ​២០២៥ ​ដែល​រាជ​រដ្ឋាភិ​បាល​បាន​ដាក់​ថវិកា​ប្រមាណ​ជាង​៣០​លាន​ដុល្លារ​ដុល្លារ​សម្រាប់​គាំទ្រ​ការ​បោស​សម្អាត​មីន​នេះ​។​

​លោក​ ហេ​ង រតនា បានលើ​ក​ឡើង​ដូចនេះ​តាម​រយៈ​វីដេអូ​បទ​សម្ភាសន៍ ​ដែល​បាន​ផ្សព្វផ្សា​យ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់​មជ្ឈ​មណ្ឌល​សក​ម្ម​ភាព​កំចាត់​មីន​កម្ពុជា​ កាលពី​ថ្ងៃទី​១៧  ខែមករា ឆ្នាំ​២០២៤​។​


​លោក​បាន​ថ្លែង​ថា៖«​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ ជាពិសេស​ជំនួយ​របស់​រដ្ឋាភិ​បាល​ចិន​មក​ដល់​ប្រទេស​កម្ពុជា​យើង​ដែល​តាម​រយៈ​ជំនួយ​នេះ​ធ្វើឱ្យ​សកម្ម​ភាព​បោស​សម្អាត​មីន​មាន​ភាពជឿ​នលឿន​មែន​ទែន បើ​យើង​ប្រៀប​ធៀប​ពី​ការខ្វះ​ដៃគូ​ចិន​នេះ យើង​នឹង​មាន​ការ​លំបាក​ច្រើន​ដែល​អាច​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​នូវ​គោល​ដៅ​របស់​យើង​ដែរ​»​។​

​បើតាម​​លោក​ ហេង រតនា កន្លង​មក​រាជរ​ដ្ឋាភិបា​ល​ចិន​ បាន​ជួយ​ក្នុង​វិស័យ​មីន​កម្ពុជា​ ផ្តោត​ដោយ​ទៅលើ​​៣​ប្រភព​សំខាន់ក្នុង​នោះ ​រួម​មាន​ ការជួយ​ជា​ថវិកា​លើ​ការ​ចំណាយ​ការ​បោស​សម្អាត​មីន​, ការ​ជួយ​ជា​សម្ភារ​បរិក្ខារ​ទៅ​ដល់​បណ្តា​ដៃគូ​បោស​សម្អាត​មីន​ទាំង​អស់​ ជា​ពិសេស​កង​យោធ​ពល​ខេមរភូ​មិន្ទ​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ ហើយ​ចំណុច​ចុង​ក្រោយ​គឺ​ការ​ជួយ​ក្នុង​ការ​ហ្វឹក​ហ្វឺន​ធន​ធាន​មនុស្ស​។​


​លោក​បាន​ថ្លែង​ថា៖«​យើង​ឃើញ​ថា រដ្ឋាភិ​បាល​ចិន​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​ក៏​បង្កើន​ជំនួយ​ទាក់​ទិន​នឹង​ការ​គាំទ្រ​នេះ ហើ​យ​មក​ដល់​ម៉ោង​នេះ តាមរ​យៈ​ការជួប​ជាមួយ​នឹង​ភាគី​ចិន យើង​ឃើញ​ថា ​តំណាង​រដ្ឋា​ភិបាល​ចិន​បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​គាំទ្រ​កម្ពុជា​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​សំខាន់​ក្នុងការ​បោសស​ម្អាត​យុទ្ធភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ដើម្បី​ផ្តល់​សុវត្ថិ​ភាព​ជូន​ប្រជាជ​ន ហើយ​​ចិន​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​នេះ​»​។​

ឆ្លៀត​ឱកាស​នោះ​ លោក ​ហេង រតនា ក៏បាន​បញ្ជាក់​ដែរថា ភារ​កិច្ច​ចំពោះ​មុខ​ក្នុង​សកម្ម​ភាព​ដោះមី​ន​នេះ​គឺ​នៅមា​ន​ច្រើន​ និង​ត្រូវការ​ពេល​វេលា​យូរ​ ដែល​ចំពោះ​មុខ​នេះ​ អង្គភាព​ស៊ីម៉ាក់ ​បាន​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ស្រប​ជា​មួយ​នឹង​ផែន​ការ​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិ​បាល​នៅ​ឆ្នាំ​២០២៨ ​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ជា​អតិ​បរមា​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា និង​បន្ត​ដំណើរ​រហូត​អាច​ដល់​ឆ្នាំ​២០៣៥​ ដើម្បី​បោសស​ម្អាត​គ្រាប់​បែក​ចង្កោម​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា​។​

​យោង​តាម​លោក ​ហេង រតនា​ គ្រាប់​បែក​ចង្កោម​ដែល​បាន​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម​មាន​ប្រមាណ​ជិត​៣០​លាន​កូន​គ្រាប់​នៅលើ​ទីតាំង​ប្រមាណ​៧០​ភាគ​រយ​នៃ​បណ្តា​ភូមិ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំងប្រ​ទេស​កម្ពុជា​ដែល​ប៉ះពាល់​ប្រមាណ​ជា​១​ម៉ឺន​ភូមិ ​ហើយ​កម្លាំង​អង្គ​ភាព​ស៊ីម៉ាក់​បាន​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ដើម្បី​ចងក្រ​ង​ជា​ទិន្នន័​យ​ជាតិ​ផង​ដែរ​។​

​សម្រាប់​ឆ្នាំ​២០២៤ ​នេះ អ​ង្គភា​ព​ស៊ីម៉ាក់​ បាន​ដាក់​គោល​ដៅ​បោសស​ម្អាត​ដោះ​មីន​លើ​ផ្ទៃដី​ប្រមាណ ២៧៨​ គីឡូ​ម៉ែត្រ​ការ៉េដែល​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០២៣ ​ប្រមាណ​ជា​ ១០​ គីឡូ​ម៉ែត្រ​ការ៉េ​។ 

​សូម​រំឭក​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅអង្គ​ភាព​ស៊ីម៉ាក់​ កាល​ពី​ថ្ងៃទី​១៥ ខែ​មករា​ លោក M​a Shengkun​ អគ្គ​នាយ​ក​រង​ អគ្គនា​យ​កដ្ឋាន​គ្រប់​គ្រង​អាវុធ​នៃ​ក្រសួង​ការ​បរទេស​ចិន​ កោត​សរសើរ​ចំពោះ​កិច្ចប្រតិ​ប​ត្តិការ​របស់​អង្គ​ភាព​ស៊ីម៉ាក់​ ចំពោះ​ការផ្តល់​ដី​សុវត្ថិភា​ពនិង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជូន​ដល់​ប្រជាព​លរដ្ឋ​នៅ​តំបន់​ដែល​រង​គ្រោះ​ដោយ​សារ​សំណល់​យុទ្ធភ​ណ្ឌ​ពី​សង្គ្រាម​។ 

​លោក​ Ma Shengkun ​ក៏បាន​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិ​បាល​ចិនក្នុង​ការបន្ត​គាំទ្រ​រាជ​ដ្ឋា​ភិ​បាល​ដើម្បី​ផ្តល់​ជំនួយ​ដល់​កិច្ច​ប្រតិ​បត្តិការ​របស់​អង្គភាព​ស៊ីម៉ាក់​ទាំង​ថវិកា​ ទាំង​សម្ភារ​បច្ចេក​ទេស​ និង​ការ​ហ្វឹក​ហ្វឺន​ធន​ធាន​មនុស្ស​៕