ភ្នំពេញៈ​កម្ពុជា ​និង​អូ​ស្ត្រាលី បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​កិ​ច្ចសហ​ប្រតិប​ត្តិការ​បន្ថែម​លើ​បេសក​កម្ម​រក្សា​សន្តិ​ភាព​តាម​រយៈ​ការ​បង្កើន​វគ្គ​ហ្វឹក​ហ្វឺន​រួមគ្នា ​ខណៈ​កម្ពុជា​ស្នើ​ភាគី​អូស្ត្រា​លី ​ផ្តល់​វគ្គ​ហ្វឹក​ហ្វឺន​ខ្លី​-​វែង​ ទាំង​ក្នុង​និង​ក្រៅ​ស្រុក​កាន់​តែ​ច្រើន​ដោយ​រួមប​ញ្ចូល​ទាំង​កង​កម្លាំង​មួក​ខៀវ​ និង​ក្របខ័ណ្ឌ​កង​កម្លាំង​កម្ពុជា​ផងក្នុង​ក្រប​ខ័ណ្ឌ​ត្រីភាគី​។​


​ការ​ប្តេជ្ញា​ចិត្ត​រវាង​ភាគី​ទាំង​២នេះ​ ធ្វើ​ឡើងនៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​តំណាង​អូស្ត្រាលី​ លោក​ Tony Peck នាយ​អនុ​ព័ន្ធ​យោធា​អូស្ត្រាលី​ថ្មី ប្រចាំ​កម្ពុជា ​និង​លោក​សែម ​សុវណ្ណនី ​អនុ​ប្រធាន​ទី​១ គណៈ​កម្មាធិ​ការ​ជាតិ​ និង​ជា​អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​ នៅ​ថ្ងៃទី១៨ ​ខែមករា ឆ្នាំ​២០២៤​។​ នេះ​បើ​យោង​តាម​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​នៅ​ថ្ងៃ​ដដែល​។​

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួបនោះ​ ​លោក​ សែម សុវណ្ណនី បាន​ស្វាគ​មន៍​ចំពោះ​វត្តមាន​មក​ដ​ល់ក​ម្ពុ​ជា​របស់​លោក Tony Peck និងបាន​អរគុណ​ដល់​រដ្ឋាភិ​បាល ​កងទ័ព និង​ប្រជា​ជន​អូស្ត្រាលី​ ដែល​តែង​ជួយ​កម្ពុជា​ចំពោះ​បេស​កកម្ម​រក្សា​សន្តិ​ភាព​កន្លង​ទៅ​ដែល​អូស្ត្រាលី​ជា​ប្រទេស​ទី​១​ក្នុងការ​ផ្តល់​វគ្គ​ហ្វឹកហ្វឺន​ផ្នែក​បោស​សម្អាត​មីន ​ផ្នែក​នាយ​ទា​ហាន​សេនា​ធិការ ​ផ្នែក​សង្កេត​ការណ៍ និ​ង​ជួយ​បញ្ជូន​កង​លេខ​១៣៥ ​ទៅ​កាន់​បេសក​កម្ម​នៅ​សា​ធា​រណ​រដ្ឋ​ស៊ូ​ដង់​ផង​។​


​លោក​កត់​សម្គាល់​ពី​វឌ្ឍន​ភាព​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-​អូស្ត្រាលី​ រយៈ​ពេល ៧២​ ឆ្នាំ មក​នេះ ហើ​យ​រយៈ​ពេល​ ៣២​ ឆ្នាំ​ មក​ហើយ​ដែល​កម្ពុជា​ធ្លាប់​ទទួល​វត្តមាន​កង​ទ័ព​មួក​ខៀវ​អូ​ស្ត្រាលី​ ក្រប​ខ័ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​ជាង ៥០០ ​រូប ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រូប មក​រក្សា​សន្តិ​ភាព​នៅ​កម្ពុជា​ក្នុងស​ម័យ​អ៊ុន​តាក់​ ដែល​ដឹកនាំ​ដោយ​លោក​ John San​der​son មេ​បញ្ជាការ​បេសក​កម្ម ​UNTAC ដែល​ជា​ជន​ជាតិ​អូស្ត្រាលី ​ដោយ​លោក​ចាត់​ទុក​ជា​គុណូប​ការៈ​ធំធេង​សម្រាប់​កម្ពុជា​។ 

​លោក​ សែម សុវណ្ណនី បាន​រំពឹងយ៉ាង​​ដូច្នេះ​ថា​៖«​អូស្ត្រាលីនឹ​ង​ផ្តល់​វគ្គ​ហ្វឹក​ហ្វឺន​កាន់​តែច្រើ​ន​។ អូស្ត្រាលី​ នឹង​បង្កើត​ឱ្យមាន​វគ្គ​ហ្វឹក​ហ្វឺន​ក្នុង​និង​ក្រៅ​ស្រុក ​រយៈ​ពេល​វែង​-​ខ្លី បន្ថែម​ ដោយ​អាច​រួម​បញ្ចូល​ទាំង​កង​កម្លាំង​មួក​ខៀវ​ នគរបាល និង​រាជ​អាវុធ​ហត្ថ​»​។​


អគ្គ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​រក្សា​សន្តិ​ភាព​ ក៏បាន​ស្នើ​ដល់​ភាគី​អូស្ត្រា​លី​ពង្រីក​វគ្គ​ហ្វឹកហ្វឺ​ន​សម្រាប់​កម្ពុជា​ពី​ត្រឹម​កម្រិត​ទ្វេ​ភាគី ​ទៅ​ជា​កម្រិត​ត្រី​ភាគីបន្ថែម​ទៀត ដើម្បី​ស្រប​តាម​ការ​ចង់​បានរ​បស់​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​ដែល​ធ្លាប់​ថ្លែង​សុន្ទរ​កដា​ប្តេជ្ញា​ចិត្ត​លើ​បេសក​កម្ម​រក្សា​សន្តិ​ភាព​នៅ​មហា​សន្និ​បាត​អង្គកា​រស​ហប្រជា​ជាតិ​កន្លង​ទៅ​។​

​ចំពោះ​​ភាគី​អូស្ត្រាលី​វិញ ​លោក​ Tony Peck បាន​កត់​សម្គាល់​ពី​ភាព​រីក​ច្រើន​ចំពោះ​សកម្ម​ភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​កម្ពុជា​និង​អូស្ត្រាលី​ក្នុង​បេសក​កម្ម​រក្សា​សន្តិ​ភាព​នេះ​ដែល​លោក​កោត​សរសើរ​កម្ពុជា​ផង​ដែរដែលបានប្រែ​ក្លាយ​ខ្លួន​ពី​ប្រទេស​ទទួល​ជំនួយ​កង​ទ័ព​មួក​ខៀវ​​ទៅជា​អ្នក​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ​មួក​ខៀវ​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក​វិញ​។ 

​លើស​ពីនេះ​ លោក​បាន​ទទួល​យក​សំណើ​របស់​កម្ពុជា​ ដោយ​ភាព​រីក​រាយ ​និង​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិការ​រ​វាង​គ្នា​និង​គ្នា ​ជាពិសេស​សំណើ​បង្កើន​វគ្គ​ហ្វឹក​ហ្វឺន​យោ​ធា​។​

​ពាក់ព័​ន្ធ​នឹង​បញ្ហា​នេះ​ លោក ​គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​ លើក​ឡើង​ថា អូស្ត្រាលី​ជា​ប្រទេស​មួយ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​កិច្ច​ការ​រក្សា​សន្តិ​ភាពក្រោម​ឆត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ​។​ជាក់​ស្តែង​អូស្ត្រាលី​ចូល​មក​បំពេញ​បេសកក​ម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ១​៩៩១ ​ដល់​ឆ្នាំ​១៩៩៣​ ឬ​សម័យ​អ៊ុន​តាក់ដែល​លោក​សម្លឹង​សុទិ​ដ្ឋិនិ​យម​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិការ​ផ្នែក​យោធា​និង​ការរក្សា​សន្តិភាព​រវាង​ប្រទេស​ទាំង​២​។

​ចំពោះ​ទំ​នាក់​ទំនង​ការ​ទូត​វិញ​ លោក​បានបញ្ជាក់​ថា​៖ «​ទំនាក់​ទំនង​កម្ពុជា​-​អូស្ត្រាលី​ ស្ថិ​តក្នុង​ផ្លូវ​វិជ្ជមាន​ដែល​ស្ថិត​នៅលើ​​ផ្លូវ​ត្រូវហើយ​មាន​ការ​វិវឌ្ឍជា​វិជ្ជ​មាន ​ទោះបី​ជា​ការរិះ​គន់​ទៅលើ​លម្ហ​ប្រជា​ធិបតេ​យ្យ ​លម្ហ​នយោ​បាយ​ជា​ដើម​ពី​រង្វង់​ក្រុម​អ្នក​នយោបា​យ​ប្រឆាំង​មួយចំ​នួន​តូច​ដែល​បំពេញ​ចិត្ត​ម្ចាស់​ឆ្នោត​របស់គេ​នៅ​ទឹកដី​អូស្ត្រា​លី​នោះ​»​។

​គួរ​ជម្រាប​ជូន​ថា ​គិត​មក​ទល់​ពេល​បច្ចុប្បន្ន​ អូស្ត្រាលី​ បាន​ផ្តល់​វគ្គ​ហ្វឹក​ហ្វឺន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេសសរុប​ចំនួន ២៥​វគ្គមក​ឱ្យ​កម្ពុជា ក្នុង​នោះ​មាន​សិក្ខាកា​មចំនួន១៥៤​នាក់បាន​ចូល​រួម​បណ្តុះ​បណ្តាល​៕