ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) លោក អ៊ុក រ៉ាប៊ុន បានកោតសរសើរអង្គការ ស្បៀងអាហារពិភពលោកដែលតែងតែគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
លោក អ៊ុក រ៉ាប៊ុន ដែលជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ផងដែរនោះ បានលើកឡើងដូចនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Claire Conan តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែមករា កន្លងទៅនេះ។
យោងតាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនាក្នុងជំនួបនេះ លោកស្រី Claire Conan បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសលើវិស័យស្បៀង និងអាហារូបត្ថម្ភដែលសមិទ្ធផលនេះកើតចេញពីការដឹកនាំ និងសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទផ្ទាល់។
តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងពីផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ២០២៤-២០២៨ របស់អង្គការស្បៀងអាហារពិភពលោក ដែលមានភាពស៊ីគ្នាជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងបានស្នើដល់លោក អ៊ុក រ៉ាប៊ុន ផ្តល់ការគាំទ្រលើផែនការយុទ្ធសាស្ត្រនេះផងដែ។
លោកស្រីបានថ្លែងថា ៖ «អង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានធ្វើសកម្មភាពជាច្រើនក្នុងនោះរួមមាន ការលើកកម្ពស់នូវរបបអាហារ និងអាកប្បកិរិយានៃការទទួលទានអាហារដែលល្អសម្រាប់សុខភាព ការជួយរៀបចំនូវយុទ្ធសាស្ត្រជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការបញ្ចូលនូវមីក្រូសារជាតិទៅក្នុងអាហារ និងការធ្វើឱ្យប្រព័ន្ធស្បៀងបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុជាដើម»។
ទន្ទឹមនឹងនោះដែរ លោក អ៊ុក រ៉ាប៊ុន ក៏បានថ្លែងថា អង្គការស្បៀងអាហារពិភពលោកតែងតែគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។ លោកបានបញ្ជាក់ថា ៖ «យើងក៏សូមថ្លែងអំណរគុណដល់លោកស្រី Claire Conan ដែលបានរាយការណ៍ពីផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា ២០២៤-២០២៨ របស់អង្គការស្បៀងអាហារពិភពលោក ហើយខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះផែនការយុទ្ធសាស្ត្រនេះ»។
ស្របជាមួយគ្នានោះដែរ លោក អ៊ុក រ៉ាប៊ុន ក៏បានស្នើឱ្យអង្គការស្បៀងអាហារពិភពលោកបន្តគាំទ្រដល់ដំណើរការតាក់តែង អនុវត្ត និងវាយតម្លៃនៃយុទ្ធសាស្ត្រជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
សូមរំឭកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិអាហារូបត្ថម្ភ លើកទី១០ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្តោតលើប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភថា បញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំ២ដែលអង្គការសហប្រជាជាតិកំពុងយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឱ្យមនុស្សគ្រប់រូបទទួលបានសន្តិសុខស្បៀង អាហារូបត្ថម្ភ របបអាហារសុខភាព ការពារ បរិស្ថាន និងជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។
លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន និងពលរដ្ឋគ្រប់រូប បន្តការយកចិត្តទុកដាក់ និងអនុវត្ត ពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពពលរដ្ឋ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព៕