ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ថែមទៀត​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ដើម្បី​រួមចំណែក​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ នៅតាម ជនបទ​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា​និង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ឱ្យបាន​ ១០០%​ នៅត្រឹម​ឆ្នាំ​២០២៥​។​


ការបន្ត​កិច្ចសហប្រតិបត្តិការ​ថែមទៀត​នេះ ត្រូវបាន​លើកឡើង​តាមរយៈ​ជំនួប​រវាង​លោក ឆាយ ឫទ្ធិ​សែន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយ​លោក Scott Morris អនុប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត អាស៊ីអាគ្នេយ៍ និង​អាស៊ី​ប៉ាស៊ីហ្វិក និង​លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB)​ ដែល​បាន​ពិភាក្សា​ការងារ​គ្នា​លើ​វិស័យ​អភិវឌ្ឍន៍ជនបទ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៤​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​។​

ក្នុងជំនួប​នេះដែរ លោក ឆាយ ឫទ្ធិ​សែន បានលើកឡើង​អំពី​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​នេះ ​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ បាននិងកំពុង​អនុវត្ត​ចក្ខុវិស័យ​របស់ខ្លួន គឺ​ការលើកកម្ពស់​គុណភាព និង​គុណ​តម្លៃ​ជីវិត​ប្រជាជន​នៅ​តំបន់​ជនបទ​ប្រកបដោយ​បរិ​យាប​ន្ន ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ តាមរយៈ​កម្មវិធី​អាទិភាព​ចំនួន​៤ ក្នុងនោះ​រួមមាន ទី​១ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍​ជនបទ​ប្រទាក់ក្រឡា​ឱ្យក្លាយ​ជា​តំបន់​ជនបទ​សមាហរណកម្ម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​សេវាកម្ម​មូលដ្ឋាន​ចាំបាច់​ទៅដល់​ទីជនបទ​។​


​ទី​២ ការកែលម្អ​លក្ខខណ្ឌ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ ឱ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ឥរិយាបថ​ល្អ មាន​សុខភាព និង​អនាម័យ​ល្អ ព្រមទាំង​មាន​ផាសុកភាព​។ ទី​៣ ​ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​ជនបទ តាមរយៈ​ការបណ្តុះបណ្ដាល​ជំនាញ​មូលដ្ឋាន ដើម្បី​បង្កើត​ការងារ និង​មុខរបរ ក្នុង​គោលដៅ​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ នៅ​តំបន់​ជនបទ និង​ទី​៤ ពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការ​ទូទៅ​ដើម្បី​ពង្រឹង​ស្ថាប័ន​និង​អភិបាលកិច្ច​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ឱ្យមាន​សមត្ថភាព​បម្រើប្រជាជន​នៅ​ជនបទ ដោយ​សុចរិត និង​ទទួលខុសត្រូវ​ខ្ពស់​។​

លោក​បាន​ថ្លែងថា​៖ «​កិច្ចការ​ចំពោះមុខ​ដែល​ត្រូវអនុវត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្លះ ដែល​ក្រសួង​កំពុង​ជួបប្រទះ ដូចជា​ការពង្រឹង​គុណភាព​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជនបទ ការអប់រំ​ឱ្យ​ប្រជាជន​នៅ​ជនបទ​ប្រកាន់យក​ឥរិយាបថ អនាម័យ​ល្អ ក៏ដូចជា​ការលើកទឹកចិត្ត​បង្កើត​មុខរបរ​បង្កើន​ចំណូល​គ្រួសារ​នៅ​ជនបទ​ជាដើម​»​។​


លោក Scott Morris ថ្លែង​ដោយបាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង សំដៅ​ផ្តល់​ផលប្រយោជន៍​ឱ្យ កាន់តែ​ធំធេង​ថែមទៀត​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

លោក​បាន​ថ្លែងថា​៖ «​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​»​។​

អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោក ពិត ករុណា បាន​បញ្ជាក់ថា មកដល់​ពេលបច្ចុប្បន្ន​នេះ ការងារ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ គឺ​ក្រសួង​សម្រេចបាន​ប្រមាណ ៨៥% នៅ​ទូទាំងប្រទេស​។ ក្នុងនោះ​មាន​ខេត្ត​ចំនួន ៦​ ខេត្តហើយ ដែល​ក្រសួង​បានប្រកាស​ជា​ខេត្ត​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង  និង​ខេត្ត​កែប​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ក្រសួង​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ​ចំពោះ​វិស័យ​អនាម័យ  និង​ការផ្គត់ផ្គង់​ទឹកស្អាត ជនបទ  ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​ដែល​រស់នៅ​តំបន់​ជនបទ​ទទួលបាន​ទឹកស្អាត​ក្នុងការ​ប្រើប្រាស់ និង​យល់ដឹង​អំពី​សុខភាព  អនាម័យ  មាន​បង្គន់​ប្រើប្រាស់​គ្រប់​គ្រួសារ  និង​បញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ផងដែរ​»​។​

លោក ពិត ករុណា ថ្លែងថា សមិទ្ធផល​ដែល​សម្រេចបាន​នាពេល​កន្លងមកនេះ ក្រសួង​ក៏បាន​ដាក់​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ជា​គោលដៅ​អាទិភាព​សម្រាប់​ការអនុវត្ត​អាណត្តិ​នេះ​ដើម្បី​ធ្វើយ៉ាងណា​សំដៅ​ដល់​ឆ្នាំ​២០២៥ គឺ​ឱ្យ​ប្រជាជនមាន​ទឹកស្អាត​ប្រើប្រាស់  និង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​បាន​ ១០០​ ភាគរយ​៕