ព្រះវិហារៈ មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ  បាន​ចាប់​ផ្ដើម​ជំរុញ​ការ​ងារ​លុប​បំបាត់​ឱសថ​ក្លែង​ក្លាយ តាមរយៈការ​ចុះ​ហាម​ឃាត់ចំ​ពោះ​អ្នក​លក់​ឱសថ​​តាម​រថយន្ត​​ចល័ត​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ធ្វើ​កិច្ច​សន្យា​ឱ្យ​បញ្ឈប់​សកម្ម​ភាព​លក់​ឱសថ​បែប​នេះ​ជា​បន្ត​ទៅ​ទៀត​ ដើម្បី​ធា​​នាសុ​ខុ​មា​ល​ភាព​អ្ន​កប្រើ​ប្រា​ស់​។​


លោក គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​មករា​ថា ការ​ហាម​ឃាត់​ និង​បញ្ឈប់​សកម្មភាព​ទាំង​អស់​នេះ គឺ​ដោយ​សារ​តែ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ពិនិត្យ​ឃើញ​ឱសថ​ទាំង​នោះ​ពុំ​មាន​លិខិត​អនុញ្ញត តាំង​ពី​ច្បាប់​អនុញ្ញាត​ពី​ការ​លក់​ឱសថ​ផង ក៏​ដូច​ជា​ច្បាប់​ក្នុង​ផ្សព្វ​ផ្សាយ​ឱសថ។ 

លោកសង្កេតឃើញថា ឱសថ​ដែល​បានអំ​ពាវនា​វ​លក់​ទាំង​នោះ​មាន​ដូច​ជា​ ឱសថ​បុរាណ  ប្រេង​កូឡា ប្រេង​ខ្យល់ និងកៅ​អៀករូ​ប​ខ្លា​ជា​ដើម ដែលកំពុង​​ឃោសនា​ផ្សព្វ​ផ្សាយ​លក់​បែប​លក្ខណៈ​​បោក​ប្រាស់​។


លោក​ថ្លែង​ថា​៖ «​ក្នុង​នាម​យើង​ជា​មន្ទីរ​សុខាភិបាល ជា​មួយ​អាជ្ញាធរ គឺ​យើងត្រូ​វ​តែ​បញ្ឈប់​គាត់ ពី​ព្រោះមិន​មាន​ឱសថ​មួយ​អាច​ព្យាបាល​ជំងឺ​បាន​គ្រប់​មុខ​នោះ​ទេ ហើយ​ថែម​ទាំង​ជា​ឱសថ​បុរាណ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ទៅ​ទៀត និង​មិន​ដឹង​ថា​ ឱសថបុ​រាណ​ហ្នឹង​ផ្សំ​ពី​អ្វី មាន​ផល​ប៉ះ​ពាល់​អ្វី​ក៏​យើង​មិន​បាន​ដឹង​ដែរ​។ អ៊ីចឹង​មាន​គ្រោះ​ថ្នាក់​ណាស់​ប្រសិន​បើ​ប្រជាពលរដ្ឋ​បាន​ទិញ​យក​មក​ប្រើ​ប្រាស់​»​។

បើ​តាម​លោក គួង ឡូ ប្រសិន​បើអ្នក​​លក់​ឱសថ​នៅតា​ម​ដង​ផ្លូវ មាន​ច្បាប់​អនុញ្ញាត​តាំង​ពី​ការ​ផ្សព្វ​ផ្សាយ និងច្បា​ប់​អនុញ្ញាត​ពី​ការ​លក់​ឱសថ នោះ​គឺ​មន្ទីរ​សុខាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​មិន​មាន​ការ​ហាម​ឃាត់​រាល់​ការ​លក់​ឱសថរ​បស់​ពួកគាត់​ឡើយ​។ 


ទោះ​​បីជា​​យ៉ាង​ណា​ក៏​ដោយ ការ​ផ្សព្វ​ផ្សាយ​លក់​ឱសថ​ចល័ត​នៅ​តាម​ផ្លូវ មាន​ច្បាប់​ក្ដី ឬ​មិន​មាន​ច្បាប់​ក្ដី លោក​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​តែចៀ​ស​វាង​ការ​ទិញ​ឱសថ​ទាំង​នោះ​យក​ប្រើ​ប្រាស់ពីព្រោះ​ឱសថ​ដែល​ពិត​ប្រាកដ គឺ​មាន​ទីតាំង​បើក​លក់​ត្រឹម​ត្រូវ​ មិន​មែន​ដើរ​ល​ក់​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​បែប​នេះ​ទេ​។

លោកបា​ន​​បញ្ជាក់​ថា៖ «​ប្រជាពលរដ្ឋ​យើង ត្រូវ​តែ​ចៀស​វាង​ដាច់​ខាតក្នុ​ង​ការទិ​ញ​ឱសថ​ដែល​លក់​ចល័ត​នៅ​តាម​ផ្លូវ ពីព្រោះ​វា​អាច​ខាត​ថវិកា និង​អាច​ធ្វើ​ឱ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ក៏​មាន។ អ៊ីចឹង​បើគា​ត់​មាន​បញ្ហា​សុខភាព សូម​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​វិញ​ គឺ​វា​ល្អ​ជាង​»​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បាន​បន្ថែម​ទៀត​ថា ចំពោះ​ការងារ​​លុប​បំបាត់​ឱសថ​ក្លែង​ក្លាយ​នេះដែរ​មិន​មែន​មន្ទីរ​សុខាភិបាល ចាប់​ផ្ដើម​ជំរុញ​​ការ​​អនុវត្ត​ហា​ម​ឃាត់​តែ​អ្នក​លក់​ឱសថ​ចល័តនៅ​​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតនោះ​ទេ គឺ​គ្រប់​ឱសថ​ស្ថាន​ទាំង​អស់​នៅ​ទូ​ទាំង​ខេត្ត​ព្រះវិហារ ក៏​ចុះ​​ទៅ​ត្រួត​ពិនិត្យ​មើល​ទាំង​ការ​លក់​ប្រភេទឱ​សថ ​ក៏​ដូច​ជា​ពិនិត្យ​មើល​ឱសថការី​ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បើក​ឱសថ​ស្ថាន​ផង​ដែរ​។ 

លោក នុត សម្បត្តិ ប្រធាន​​​វិទ្យា​ស្ថាន​​វេជ្ជសាស្ត្រ ជីវ​សាស្ត្រ​ និង​កសិកម្ម​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាបាន​ថ្លែង​ថា តាំង​ពីដើ​ម​មក​ គឺ​លោក​តែង​តែ​ឃើញ​មាន​ការ​​ផ្ស​ព្វ​ផ្សាយ​លក់​ឱសថ ឫ​ថ្នាំ​បុរាណ​នៅ​តាម​មូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ ហើយ​ការ​ផ្សព្វ​ផ្សាយ​​នេះទៀត​សោត គឺ​វាជា​​រឿង​ដែល​មិន​ត្រូវ​តាម​ច្បាប់​ឡើយ​។ 

លោក​បន្ត​ថា ជា​មួយ​គ្នា​នោះ ការ​ផ្សព្វ​ផ្សាយ​ក៏​មាន​អម​ដោយកា​រ​លេង​សៀក ឬ​លេង​ល្បែង​អ្វី​មួយ ដើម្បី​ឱ្យប្រ​ជា​ពលរដ្ឋ​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ថ្នាំ​ទាំង​នោះ​យកមក​ប្រើ​​ប្រាស់ ជាពិសេស​ឱសថ​បុរាណ​មួយ​ចំនួន​ដែល​មិន​មាន​​ប្រភព​ច្បាស់​លាស់​។

លោក​បញ្ជាក់​ថា​៖ «​ប្រជាជន​យើង ត្រូវ​តែ​ចៀស​វាង​ទិញ​ឱសថ​លក់​តាម​ផ្លូវ​ហ្នឹង ពីព្រោះ​ឱសថ​ទាំង​នោះ​មិន​មាន​អ្នក​ណា​មក​ទទួល​ស្គាល់​ត្រឹម​ត្រូវ ហើយ​ជាឱ​សថ​ខូច​គុណភាព​។ ដូច្នេះ​នៅ​ពេល​ប្រើ​ប្រាស់​វា​អាច​ប៉ះ​ពាល់​សុខភាព ខណៈ​ដែល​ជម្រើស​ល្អ យើងត្រូវ​តែ​ទិញ​នៅ​តាម​ឱសថ​ស្ថាន​ដែល​មាន​ស្លាក និង​បញ្ជិកា​ត្រឹម​ត្រូវ​តាម​ច្បាប់​វិញ​»​។

លោក​ នុត សម្បត្តិ ថ្លែង​ទៀតថា​៖«​ការ​ប្រើ​ប្រាស់​ឱសថ​ដែល​ក្លែង​ក្លាយ គឺ​វា​មាន​ផល​វិបាក​ច្រើន​ណាស់​ទាំង​ការ​ខូច​សុខភាព ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ ហេតុនេះ​ត្រូវ​ខាត​បង់​ថវិកា​ផង ត្រូវ​ខាត​បង់​ពេល​វេលា​ក្នុង​​ការ​ព្យាបាល​ជំងឺ​ផង​»៕