​ភ្នំពេញៈ ក្រសួងសុខាភិបាល​បានស្នើ​ដល់​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន​ ​(UNFPA) ​ឱ្យ​បន្ត​ជួយ​បណ្តុះ​បណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី​ឆ្មប​កម្ពុជា និង​ពង្រីក​សកម្មភាព​របស់​ខ្លួន​បន្ថែមទៀត​នៅ​ភាគ​ឦសាន ដោយ​សារ​ខេត្ត​ទាំងនេះ​មាន​តម្រូវការ​សេវា​សុខភាព​មាតា និង​ការបន្ត​ពូជ​ដើម្បី​ជួយ​ដល់​ស្ត្រី​សម្រាលកូន​ប្រកបដោយ​សុខ​សុវត្ថិភាព​។​


​សំណើ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក កុយ វ៉ាន់​នី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​លោកស្រី​ សាន់ដ្រា បឺ​ន​ក្លរ (Sandra Bernklau)​ ប្រធាន​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ​ប្រចាំ​កម្ពុជា​កាល​ពីថ្ងៃ​ទី​ ១៧ ខែមករា ឆ្នាំ​ ២០២៤​។​នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​សុខាភិបាល​។​

​ក្នុងឱកាស​នោះ លោកស្រី សា​ន្រ់​ដា បាន​ជម្រាបជូន​ថា អង្គការ UNFPA បានចាប់ផ្តើម​ធ្វើការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​១៩៩៣ ដោយបាន​គាំទ្រ​រាជ​រដ្ឋាភិបាល​កម្ពុជា​លើ​ផ្នែក​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិ​បន្ត​ពូជ ការងារ​ហិង្សា​ផ្អែកលើ​យេនឌ័រ និង​ការអភិវឌ្ឍ​ប្រជាជន ក្រោម​ភាពជា​ដៃគូ​ជាមួយ​ក្រសួងសុខាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត អង្គការ​ជាតិ​អន្តរជាតិ និង​គ្រឹះស្ថានសិក្សា​។​


​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ UNFPA មាន​គោល​បំណង​ចូលរួម​ជាមួយ​ក្រសួង​សុខា​ភិ​បាល​សម្រេច​ឱ្យបាន​គោលដៅ​ឆ្នាំ​ ២០៣០ តាមរយៈ​លទ្ធផល​នៃ​ការ​ផ្លាស់ប្តូ​រទាំង ​៣ រួមមាន ១-​គ្រប់យ៉ាង​នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផែនការ​គ្រួសារ ២-​គ្មាន​ការស្លាប់​របស់​មាតា​ក្នុង​មូលហេតុ​ដែល​អាច​បង្ការ​បាន និង ៣-​គ្មាន​ការអនុវត្ត​ដែល​បង្ក​គ្រោះថ្នាក់​និង​អំពើហិង្សា​លើ​យេនឌ័រ​»​។​

​ជាការ​ឆ្លើយតប​លោក កុយ វ៉ាន់​នី ក្នុងនាម​ក្រសួងសុខាភិបាល​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ UNFPA ដែល​បាន​សហការ​គាំទ្រ​ក្រសួងសុខាភិបាល និង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា តាមរយៈ​ការផ្ដល់ជូន​ទាំង​បច្ចេកទេស និង​ហិរញ្ញ​​វត្ថុ ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុងពេល​កន្លងមក​។​


​ជាមួយគ្នានេះ លោក​បានស្នើ​អង្គ​​ការ UNFPA បន្ត​រក្សា និង​ពង្រីក​ទីតាំង​បន្ថែម​សកម្មភាព​ការងារ​ដែល UNFPA បាននិងកំពុង​ជួយ​គឺ​ខេត្ត​ទាំង ៨ នៅ​តំបន់​ភាគ​ឦសាន ដោយសារ​ខេត្ត​ទាំងនេះ​មាន​តម្រូវការ​សេវា​សុខ​ភាព​មាតា និង​បន្ត​ពូជ​វ័យ​ជំទង់ និង​យុវជន​ខ្ពស់បំផុត​។ លោក​បាន​បន្តថា​៖«​ជាពិសេស​ជួយ​រក​ទិន្នន័យ​ក្រុម​ជន​ងាយ​រងគ្រោះ​ដើម្បី​ជួយ​សម្រួល​ក្នុង​ការផ្តល់សេវា​ថែទាំ​សុខភាព​មាតា ទារក​និង​កុមារ​ជូន​ពួកគាត់​»​។​

​បន្ថែម​ពីនេះ លោក​រដ្ឋលេខាធិការ កុយ វ៉ាន់​នី ក៏បាន​ស្នើ​ដល់​អង្គការ ​UNFPA បន្ត​ជួយ​បណ្តុះបណ្តាល​ឆ្មប ទាំង​មុន​បម្រើ​ការងារ និង​កំពុង​បម្រើ​ការងារ និង​បន្ត​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​សំណុំ​សេវា​សុខភាព​អប្បបរមា​ដំបូង​សម្រាប់​សុខភាព​បន្ត​ពូជ និង​ផ្លូវភេទ គ្រា​មាន​គ្រោះអាសន្ន និង​គ្រោះមហន្តរាយ ព្រមទាំង​ជួយ​លើ​ការ​​បណ្តុះបណ្តាល​ក្រុមការងារ​កោសល្យ​វិច័យ​វេជ្ជសាស្ត្រ​។​

​កាលពី​ឆ្នាំ​ ២០២១  UNFPA បានផ្ដល់​កញ្ចប់​សម្ភារ​ប្រើប្រាស់​ចាំបាច់​ជាង ​៤​ ពាន់​កញ្ចប់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ដល់​ស្ត្រី និង​ក្មេងស្រី​ងាយ​រងគ្រោះ ដែល​រង​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ​១៩ និង​គ្រោះទឹកជំនន់​។​

​សូមបញ្ជាក់ថា UNFPA គឺជា​ទីភ្នាក់ងារ​នាំមុខគេ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​បង្កើតឡើង​សម្រាប់​ជួយ​កិច្ចការ​សម្រាលកូន នៃ​ប្រទេស​ជា​សមាជិក​នៅ​ជុំវិញ​ពិភពលោក ដែលមាន​បំណង​ចង់ឱ្យ​រាល់​ការ​មានគភ៌ និង​រាល់​ការ​សម្រាលកូន គឺមាន​សុខ​សុវត្ថិភាព ដើម្បី​សក្តានុពល​មនុស្ស​វ័យក្មេង​គ្រប់រូប​ប្រកបដោយ​សុវត្ថិ​ភាព និង​ផលិតភាព ជាពិសេស​កាត់​​បន្ថយ​អត្រា​មរណភាព​ជាស​កល​៕