ភ្នំពេញៈ​ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ​សុខ សូកេន បាន​ពិភាក្សា​ជាមួយ​តំណាង​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម និង​ប្រទេស​អ៊ី​រ៉ង់ ដើម្បី​ជំរុញ​លំហូរ​ទេសចរ​ទៅវិញទៅមក​​ឱ្យ​កាន់តែ​ប្រសើរឡើង និង​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ប្រកបដោយ​និរន្តរភាព និង​ភាព​​ធន់ ព្រមទាំង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។​


​កិច្ចពិភាក្សា​នេះ​ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុងជំនួប​ដាច់ដោយឡែក​ពីគ្នា​រវាង​លោក សុខ​ សូកេន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ ​ALI AKBAR NAZARI ឯកអគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​អ៊ី​រ៉ង់​ប្រចាំ​កម្ពុជា និង​លោក​ Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូត​ប្រទេស​ប្រ៊ុ​យណេ​ដា​រូ​សា​ឡឹម​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​ ២០២៤​។ ក្រសួង​ទេស​ចរណ៍​បានឱ្យដឹង​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា ជំនួប​ទាំងនោះ​ដើម្បី​ពិ​ភា​ក្សា​អំពី​កាលានុវត្តភាព​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​និង​ប្រទេស​។​

​សម្រាប់​ជំនួប​រវាង​ភាគី​កម្ពុជា និង​អ៊ី​រ៉ង់ ភាគី​ទាំង ​២ បាន​ប្ដេជ្ញា​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ក៏ដូចជា ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែង និង​ការជំរុញ​លំហូរ​ទេសចរ​នៃ​ប្រទេស​ទាំង​ ២ ​ទៅវិញទៅមក​ឱ្យ​កាន់តែ​ប្រសើរឡើង​។​


​ក្នុងឱកាស​នោះដែរ លោក​ ALI AKBAR NAZARI ក៏បាន​កោតសរសើរ​ពី​ប​ដិ​ស​ណ្ឋា​រ​​កិច្ច​ដ៏​កក់ក្ដៅ និង​រាក់ទាក់​ពី​សំណាក់​ប្រជា​ជនកម្ពុជា​ដែល​ភ្ញៀវទេសចរអ៊ី​រ៉ង់​ទទួល​បាន​ក្នុងអំឡុងពេល​មក​ទស្ស​នា​នៅ​កម្ពុជា​កន្លងមក​។​

​ដោយឡែក​ក្នុងជំនួប​រវាង​លោក សុខ សូកេន និង​លោក Pengiran Kasmirhan Pengiran Tahir វិញ ភាគី​ទាំង​ ២ ក៏បាន​ប្តេជ្ញា​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង ២​ ប្រកបដោយ​និរន្តរភាព និង​ភាព​ធន់ ព្រមទាំង​ជំរុញ​លំហូរ​ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ាន​តាមរយៈ​កិច្ចប្រឹងប្រែង​រួមគ្នា​ក្នុង​វិស័យ​ទេសចរណ៍​។​


​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​លោក ធួន ស៊ីណាន បាន​ថ្លែងថា ទំនាក់ទំនង​កិច្ចការបរទេស​រវាង​ប្រទេស និង​ប្រទេស មិន​ថា​ប្រទេស​នោះ​តូច ធំ ជិត ឬ​ឆ្ងាយ មិន​ថា ប្រទេស​នោះ​កុ​ម្មុយ​​នី​ស្ត​ឬ​សេរី​ទេ សុទ្ធ​តែមាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ដែល​ផ្តើមចេញពី​ការទូត​មក​ធ្វើ​ពាណិជ្ជកម្ម​រួមគ្នា​។​

​លោក​បាន​បន្តថា​៖ «​យើង​ដឹង​ហើយ​ថា អ៊ី​រ៉ង់ និង​កូរ៉េខាងជើង​មាន​ស្ថាន​ភាពមិន​ខុសគ្នា​ប៉ុន្មាន​ទេ គ្រាន់តែ​ថា អ៊ី​រ៉ង់ មាន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ទ្វីប​របស់គាត់​ដែលជា​ខ្លា​សេដ្ឋកិច្ច​មួយ ដោយសារ​មាន​ប្រេង អ៊ីចឹង​ប្រជាជន​គាត់​មានលទ្ធភាព​ច្រើន​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​»​។​

​បើតាម​លោក ​ធួន ស៊ីណាន ភ្ញៀវទេសចរ​អ៊ី​រ៉ង់​កន្លងមក​បានធ្វើ​ដំណើ​រ​កម្សាន្ត​ទៅ​ប្រ​ទេស ថៃ ម៉ាឡេស៊ី សិង្ហ​បុរី វៀតណាម និង​ធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេងៗ​ជាច្រើន​។ សម្រាប់​រូបលោក អ៊ី​រ៉ង់ក៏​ជាទី​ផ្សារ​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែរ​។​

​ដោយឡែកប្រ៊ុយណេ ដែលជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន លោក​បាន​បង្ហាញថា ថ្វី​ដ្បិត​ប្រ៊ុយណេ មាន​ប្រជាជន​តិច ប៉ុន្តែ​បើ​កម្ពុ​ជាមាន​ទំនាក់ទំនង​កាន់តែ​ល្អ​ជាមួយ​ប្រទេស​នេះ​នឹង​ធ្វើឱ្យ​កិត្យានុភាព​របស់​កម្ពុជា​ឈានទៅ​មួយកម្រិត​ទៀត​ក្នុង​ការជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ទៅវិញទៅមក​។​

​លោក​ថា​៖ «​ពីព្រោះ​យើង​មាន​ប្រជាជន​ ១៧​ លាន​នាក់ ហើយ​ប្រជាជន​ប្រ៊ុយណេ​មានតែ​ ៦០​ ម៉ឺន​នាក់​ទេ ប៉ុន្តែ​ប្រ៊ុយណេ​ជា​ប្រជាជាតិ​មួយ​ស្ថិត​ក្នុងប្រទេស​រីកចម្រើន​ដែល​ស្ថានភាព​ប្រជាជនមាន​ជីវភាព​ល្អ​ដោយមាន​ប្រភព​ចំណូល​ពី​ប្រេង​។ អ៊ីចឹង ប្រ៊ុយណេ​ក៏មាន​អ្នក​ដើរលេង​ច្រើន​ដែរ ដូច្នេះ​ប្រសិនបើ​ក្នុង ​១ ​ឆ្នាំ កម្ពុជា​អាច​ទាក់ទាញ​ប្រ៊ុយណេ​បានតែ​ ៣ ​ម៉ឺន​មក​ទេសចរ​នៅ​កម្ពុជា​ក៏​ជា​ចំនួន​មួយ​គួរសម​ដែរ​»៕