​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានស្នើ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ​(WIPO)​ បន្ត​គាំទ្រ​ការកសាង​សមត្ថ​ភាព និង​ការលើកកម្ពស់​ចំណេះ​ដឹង​នៃ​ការប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​ដល់​ប្រជាជន​កម្ពុជា ខណៈ​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​​បរិវត្ត​កម្ម​ឌីជីថល​ជប៉ុន លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ពី​ការ​ផ្តល់​អាទិភាព​លើ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដែលជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ការជំរុញ​ប្រភព​កំណើនសេដ្ឋកិច្ច​ថ្មី​។​


​លោក​ហ៊ុន ម៉ា​ណែ​ត​បានស្នើ​ដូច្នេះ​ទៅ​លោក Daren Tang អគ្គនាយក​អង្គការ WIPO ក្នុងជំនួប​នាឱកាស​លោក​ចូលរួម​​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ ​២០២៤ នៅ​ទីក្រុង​ដា​វ៉ូស នា​ថ្ងៃទី​ ១៧ ខែមករា​។​

​ក្នុងជំនួប​នេះ​លោក​ ហ៊ុន ម៉ា​​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មករ​វាង​កម្ពុជា និង​អង្គការ WIPO តាមរយៈ​ការ​ផ្តល់ជំនួយ​បច្ចេកទេស ការផ្ដល់​ការគាំទ្រ​បច្ចេកទេស និង​ការកសាង​សមត្ថ​ភាព​ក្នុងការ​រៀបចំ​កសាង​ច្បាប់ ឯកសារ​គតិយុត្ត និង​បទ​ប្បញ្ញត្តិ​កម្មសិទ្ធិបញ្ញា ក៏ដូចជា​កា​រក​សាង​សមត្ថភាព ការលើកកម្ពស់​ចំណេះដឹង​អំពី​កម្មសិទ្ធិបញ្ញា​ដល់​សាធារណជន និង​ការ​ព​ង្រឹ​ក​ការអនុវត្ត​ច្បាប់​ស្ដីពី​កម្ម​សិទ្ធិ​បញ្ញា​។


​បណ្តាញ​សង្គម​លោក​ ហ៊ុន ម៉ា​​ណែ​ត បញ្ជាក់ថា​៖ «​សម្ដេច​ធិបតី​ក៏បាន​ស្នើ​អង្គការ WIPO បន្ត​គាំទ្រ​ការកសាង​សមត្ថភាព និង​ការលើកកម្ពស់​ចំណេះដឹង​នៃ​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា​ដល់​ប្រជាជន​កម្ពុជា​ផងដែរ​»​។​

​លោក Daren Tang យល់​ស្របទៅនឹង​ការលើកឡើង​របស់លោក ​ហ៊ុន ម៉ា​ណែ​ត អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អង្គការ WIPO និង​ប្រទេស​កម្ពុជា​។ បណ្តាញ​សង្គម​ដដែល​លើក​ឡើង​ថា លោក Daren Tang ក៏បាន​ទទួលស្គាល់​នូវ​គុណភាព​នៃ​ផលិតផល ដែល​ផលិត​នៅ​កម្ពុជា​ផងដែរ​។ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នាពេល​កន្លង​មករ​វាង​លោក Daren Tang និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជ​កម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​នានា​លោក Daren Tang បាន​ស្គាល់ និង​ប្រើប្រាស់​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​របស់​កម្ពុ​ជាមួយ​ចំនួន ដែលមាន​​គុណភាព​ខ្ពស់ និង​មាន​សក្ដានុពល​សម្រាប់​ទីផ្សារ​អន្តរជាតិ​។​


​ដោយឡែក ក្នុងជំនួប​ជាមួយ​លោក Kono Taro រដ្ឋមន្ត្រីក្រសួង​បរិវត្ត​កម្ម​ឌីជីថល​ជប៉ុន នា​ថ្ងៃទី​ ១៧​ ខែមករា​លោក ហ៊ុន​ ​ម៉ា​ណែ​ត បាន​បញ្ជាក់ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បានផ្តល់​អាទិភាព​លើ​បច្ចេកវិទ្យា​ឌីជីថល ដែលជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ការ​ជំរុញ​ប្រភព​កំណើនសេដ្ឋកិច្ច​ថ្មី ព្រមទាំង​សម្រេចបាន​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​យោងតាម​បណ្តាញ​សង្គម​លោក ​ហ៊ុន ម៉ា​ណែ​ត លោក Taro បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីក​​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន ជាពិសេស​លើ​វិស័យ​ឌីជីថល ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត ហើយ​លោក​លើកឡើងថា ក្នុង​យុគ​សម័យ​ឌីជីថល ទិន្នន័យ​ពិតជា​មាន​សារៈសំខាន់​។​

លោក​បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បានរៀបចំ​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​ទិន្នន័យ​អង្គការ​សម្រាប់ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍ ​(OECD)​ ដែល​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន និង​អាច​ប្រើប្រាស់​សម្រាប់​ការ​រៀបចំ​កសាង និង​អភិវឌ្ឍ​គោល​នយោបាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ដើម្បី​ជំរុញ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់លោក Taro អំពី​សារៈ​សំខាន់​នៃ​ទិន្នន័យ​ឌីជីថល​សម្រាប់​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ហើយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បានចាត់ទុក​ទិន្ន​ន័យ​នេះ​ជា​ផែនទី​បង្ហាញផ្លូវ​និង​ជា​ត្រីវិស័យ ដែល​ជួយ​ធ្វើឱ្យ​ការសម្រេចបាន​ត្រឹមត្រូវ​។

​បណ្តាញ​សង្គម​ដដែល​បន្ថែមថា​៖ «​សម្ដេច​ធិបតី​បាន​គូស​បញ្ជាក់បន្ថែម​អំពី​ការវិវត្ត​នៃ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា​បាននិងកំពុង​ដាក់ឱ្យ​ប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ ឆ្លងដែន ដើម្បី​សម្រួល​ដល់​វិ​និយោគិន ពាណិជ្ជករ និង​ប្រតិ​ប​ត្តិ​ការ​អាជីវកម្ម​របស់​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​»​។​

លោកហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយលោក Kono Taro​​។ រូបថត STPM

​លោក Lim Boon Heng ប្រធាន​ក្រុមហ៊ុន​ស្វ៊ី​ស​ឈានមុខ Temasek Holdings ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី ១៧ ខែមករា នោះដែរ​បញ្ជាក់ថា ក្រុមហ៊ុន​លោក​មាន​គោលដៅ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​នៅក្នុង​តំបន់​អា​ស៊ាន ដែល​ក្នុងនោះ​កម្ពុជា​ក៏​ជា​គោលដៅ​អាទិភាព​មួយ​ដែរ​។ នេះ​បើ​យោងតាម​បណ្តាញ​សង្គម​លោក​ហ៊ុន ម៉ា​ណែ​ត​។​

​ប្រភព​ដដែល​បន្តថា លោក Lim Boon Heng បានបង្ហាញ​អំពី​បំណង​ក្នុង​ការពង្រីក​កា​រវិ​និ​យោគ​របស់ខ្លួន​នៅ​កម្ពុជា​លើ​បច្ចេកវិទ្យា​ឌីជីថល វិស័យ​ថា​ម​ពល​កកើត​ឡើងវិញ និង​វិស័យ​សំខាន់ៗ​មួយចំនួនទៀត ខណៈ​លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្វា​គម​ន៍​ចំពោះ​ក្រុមហ៊ុន Temasek Holdings ដែលមាន​ចំណាប់​អារម្មណ៍​និង​បំណង​ក្នុងការ​វិ​និ​យោគ​លើ​វិស័យ​ទាំងនេះ​។​

​ក្រុមហ៊ុន​ Temasek Holdings បាននិងកំពុង​មាន​ប្រតិបត្តិ​ការ​អាជីវកម្ម​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ និង​ពិភពលោក​ដោយ​ផ្ដោតលើ​វិស័យ​ហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរ​​គមនាគមន៍ បច្ចេកវិទ្យា និង​ការ​ផ្សព្វផ្សាយ និង​អចលនទ្រព្យ​។

​បណ្តាញ​សង្គម​ដដែល​បន្តថា លោកស្រី Samantha Power ប្រធាន​គ្រប់គ្រង​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍  អន្តរជាតិ (USAID) ក្នុងជំនួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​កាត់បន្ថយ​អត្រា​ជំងឺឆ្លង និង​កាត់បន្ថយ​អត្រា​មរណភាព របស់​ទារក និង​កុមារ​តូច​ក្រោម​អាយុ​ ៥ ​ឆ្នាំ ផងដែរ​។

​លោកស្រី​បានបញ្ជាក់​ពី​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​ការបន្ត​ការផ្ដល់​ជំនួយ​លើ​វិស័យ​អប់រំ និង​បរិស្ថាន ដែល​ផ្តោតលើ​ការអភិរក្ស​ជីវៈ​ចម្រុះ​ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការលើកកម្ពស់​ជីវភាព​សហ​គម​ន៍​នៅ​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​បស់ USAID នៅ​កម្ពុជា នាពេល​កន្លងមក និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ និង​ជំនួយ​របស់ USAID ដែល​បានរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ និង​ការរីកចម្រើន​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​សម្រេចចិត្ត​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​ក្នុង​ការបន្ត​ផ្តល់ជំនួយ​ចំនួន ១៨ លាន​ដុល្លារ​អាមេរិក តាមរយៈ USAID ដល់​កម្ពុជា​។​

​លោក Tony Blair អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​បម្រែបម្រួល​សកល Tony Blair ក្នុងជំនួប​ជាមួយ​លោក ហ៊ុន​​ម៉ា​ណែ​ត​បាន​ថ្លែងថា វិទ្យាស្ថាន​បម្រែបម្រួល​ស​កល Tony Blair បាននិងកំពុង​ជួយ​គាំទ្រ​ដល់​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍  ​ជាច្រើន ហើយ​ក្នុងនោះ​ក៏មាន​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ​។ លោក Blair បានបង្ហាញ​ពី​គោលបំណង​ពង្រឹង​កិច្ចសហការ និង​ការស្វែងយល់​បន្ថែម​អំពី​កម្ពុជា​។ នេះ​បើ​យោងតាម​បណ្តាញ​សង្គម លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា​៖ «​ការប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា​សម្រេចបាន​ ៦២ ​ភាគ​​រយ នាពេល​បច្ចុប្បន្ន ហើយនឹង​បន្ត​ជំ​រុញឱ្យ​ឈានទៅដល់​ ៧០ ​ភាគរយ ត្រឹម​ឆ្នាំ​ ២០៣០​។ កម្ពុជា​ក៏បាន​សម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិត​អគ្គិ​ស​នី​ដុត​ធ្យូងថ្ម អានុភាព ៧០០​ មេ​ហ្គា​វ៉ា​ត់​ផងដែរ​។ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធ​សាស្ត្រ​ជាច្រើន​ដើម្បី​កែទម្រង់​ស្ថាប័ន ហើយ​កម្ពុជា​ត្រូវការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជា​ចលករ​នៃ​ការអភិវឌ្ឍ​ប្រទេស​ស្របតាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​»​។​

​ពាក់ព័ន្ធ​ជំនួប​រវាង​លោក ហ៊ុន​ ម៉ា​ណែ​ត​និង​មេដឹកនាំ​នៃ​ប្រទេស​នានា​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​បារាំង និង​ស្វ៊ី​ស​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​ សភា​កម្ពុជា ថ្លែងថា នេះ​គឺជា​ឆន្ទៈ​នយោបាយ​របស់លោក ហ៊ុន ម៉ា​ណែ​ត ​ផ្ទាល់​ក៏ដូចជា​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ នេះ​នៅក្នុង​នយោបាយ​ការបរទេស​ដែល​បាន​កំណត់ថា មុត​ស្រួច និង​ស្វាហាប់​ទៅលើ​កិច្ចការ​អន្តរ​ជាតិ​ដើម្បី​ជា​ផលប្រយោជន៍​ជាតិ​។ លោក ហ៊ុន ម៉ា​ណែ​ត ក៏ដូចជា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​ដើម្បី​ប្រជា​​ជាតិ​របស់ខ្លួន​។​

​លោក​បន្ថែមថា​៖ «​ចំណុច​ទី​២ បានបង្ហាញ​យ៉ាងច្បាស់​ទៅដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ដែលជា​ម្ចាស់ឆ្នោត ដែល​មិនបាន​ធ្វើឱ្យ​ម្ចាស់ឆ្នោត​ខកបំណង​ទៅលើ​ការបោះឆ្នោត​ជូន​គណបក្ស​​ប្រជាជន​ក្នុងការ​ជ្រើសរើស​ថ្នាក់​​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ ​ហ្នឹង​។ ទី​៣ ក៏​ចង់​បញ្ជាក់​នូវ​ទស្សនៈ​នយោបាយ​ប្រឆាំង​កម្ពុជា ដែល​លើកឡើងថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ឱប​ជើង​មហា​អំណាច​នេះ ឱប​ជើង​មហា​អំណាច​នោះ មិនឃើញ​ទៅ​ប្រ​ទេស​បស្ចិម​លោក​អី​ជាដើម​»​។​

​លោក យង់ ពៅ ថ្លែងថា នេះ​បានបញ្ជាក់​ច្បាស់​ថា រាជ​រដ្ឋា​ភិ​បាល​គឺ​ប្រកាន់​នយោបាយ​ការបរទេស​ចម្រុះ​ពណ៌ មិនបាន​ផ្អែកទៅលើ​តែ​ប្រទេស​ណាមួយ​ទេ គឺ​ស្វាគមន៍​ជានិច្ច​នៃ​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​មហា​អំណាច និង​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់ ដោយ​ផ្អែកលើ​ឯករាជ​​ភាព ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​របស់ខ្លួន​។ ការបំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​លើក​នេះ ​គឺជា​ការបង្ហាញ​យ៉ាង​មុតមាំ​ចំពោះ​ទំនាក់​​ទំនង​កម្ពុជា​បារាំង ហើយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពីមុនៗ​មក​កម្រ​ឃើញ​នូវ​ការបំពេញ​ទស្ស​ន​កិច្ច​ប្រកបដោយ​ជំនឿ​ចិ​ត្ដ និង​ភាពស្និទ្ធស្នាល​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​-​បារាំង​បែបនេះ​៕