ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ។ កម្ពុជាបានមើលឃើញពីការកើនឡើងនៃប្រាក់ចំណូលក្នុងគ្រួសារការផ្លាស់ប្តូរសមាសភាពកម្លាំងពលកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យសេដ្ឋកិច្ចដែលមានលក្ខណៈចម្រុះ។ ទោះយ៉ាងណាក៏ដោយស្របពេលដែលមានសមិទ្ធផលទាំងនេះបញ្ហាប្រឈមដ៏សំខាន់មួយនៅតែបន្តមាននោះគឺភាពក្រៅប្រព័ន្ធ។
ភាពក្រៅប្រព័ន្ធ ដែលត្រូវបានកំណត់ថា ជាសកម្មភាពសេដ្ឋកិច្ចនិងកម្មករនិយោជិតដែលមិនត្រូវបានគ្របដណ្តប់ឬគ្របដណ្តប់មិនពេញលេញដោយការរៀបចំជាផ្លូវការនានានោះនៅតែជាបញ្ហាដែលមាននៅពាសពេញប្រទេសកម្ពុជា។ ការអង្កេតលើកម្លាំងពលកម្មកម្ពុជា ក្នុងឆ្នាំ ២០១៩ បានបង្ហាញថា កម្លាំងពលកម្មកម្ពុជារហូតដល់ ៨៨ ភាគរយ ស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ផលវិបាកនៃភាពក្រៅប្រព័ន្ធគឺមានច្រើនណាស់ ហើយវាប៉ះពាល់ដល់កម្មករនិយោជិតសហគ្រាសនិងរដ្ឋាភិបាលផងដែរ។ ផ្ទុយទៅវិញការចុះបញ្ជីទៅក្នុងប្រព័ន្ធផ្តល់នូវអត្ថប្រយោជន៍ជាក់លាក់ដល់ភាគីពាក់ព័ន្ធទាំងអស់។ សម្រាប់កម្មករនិយោជិតការចុះបញ្ជីចូលក្នុងប្រព័ន្ធនាំមកនូវការសន្យានៃការទទួលបានការគាំពារពីរបបនានាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដូចជាការធានារ៉ាប់រងផ្នែកគ្រោះថ្នាក់ការងារការធានារ៉ាប់រងផ្នែកថែទាំសុខភាពនិងប្រាក់សោធននិវត្តន៍សម្រាប់ពេលចាស់។ វាក៏អាចនាំមកនូវប្រាក់ឈ្នួលខ្ពស់ជាងលក្ខខណ្ឌការងារនិងការការពារសិទ្ធិការងារប្រសើរជាងបើប្រៀបធៀបទៅនឹងការនៅក្រៅប្រព័ន្ធ។ ការផ្លាស់ប្តូរពីការងារក្រៅប្រព័ន្ធ ទៅក្នុងប្រព័ន្ធមានសក្តានុពលក្នុងការលើកស្ទួយកម្មករ និយោជិតនិងក្រុមគ្រួសាររបស់ពួកគេដោយផ្តល់ឱ្យពួកគេនូវសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរកាន់តែច្រើន។
សម្រាប់សហគ្រាសមិនថាទំហំណាក៏ដោយ គឺសុទ្ធតែអាចទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយៈដំណើរការក្នុងការចុះបញ្ជីចូលក្នុងប្រព័ន្ធ។ សហគ្រាសដែលបានចុះបញ្ជីនឹងទទួលបាននូវអត្ថប្រយោជន៍ពីសេវាហិរញ្ញវត្ថុតាមរយៈធនាគារសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនានា និងឱកាសសម្រាប់ការអភិវឌ្ឍជំនាញសហគ្រិនភាពនិងជំនាញគ្រប់គ្រងតាមរយៈភ្នាក់ងារសាធារណៈដូចជាសហគ្រាសខ្មែរជាដើម។ បន្ថែមលើនេះ ពួកគេក៏អាចទទួលបាននូវជំនួយទាន់ពេលវេលាក្នុងគ្រាមានវិបត្តិដូចជាកម្មវិធីឧបត្ថម្ភប្រាក់ឈ្នួលអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩។
លើសពីនេះសហគ្រាសដែលចុះបញ្ជី នឹងទទួលបាននូវកម្លាំងពលកម្មដែលមានជំនាញដែលជួយពង្រឹងសមត្ថភាពរបស់ពួកគេនិងធ្វើឱ្យពួកគេទទួលបានការជឿទុកចិត្តនិងភាពជឿជាក់ខ្ពស់ក្នុងចំណោមអតិថិជននិងដៃគូរបស់គេ។
ទោះជាយ៉ាងណាក្តី រឿងសំខាន់មួយដែលគួរកត់សម្គាល់ គឺថាការចុះបញ្ជីក៏អាចនាំមកនូវការកើនឡើងនៃចំណាយដើម្បីអនុលោមតាមច្បាប់។ ខណៈពេលដែល Cambodia Data Exchange (CamDX) បានសម្រួលដំណើរការចុះឈ្មោះសម្រាប់អាជីវកម្មការចុះបញ្ជីប្រាកដណាស់នឹងមានតម្រូវការនិងកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុមួយចំនួនបើទោះបីជាការចំណាយទាំងនោះអាចទាបជាងការចុះឈ្មោះតាមវិធីសាស្ត្រដែលធ្លាប់អនុវត្តកន្លងមក។
ការចំណាយទាំងនេះរួមមាន ថ្លៃសេវាដែលទាក់ទងនឹងការចុះឈ្មោះអាជីវកម្ម ការបង់ពន្ធនិងតម្រូវការបទប្បញ្ញត្តិផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្តីអត្ថប្រយោជន៍ជារួមនៃការចុះបញ្ជី គឺមានច្រើនលើសពីបន្ទុកហិរញ្ញវត្ថុហើយនឹងផ្តល់ឱ្យសហគ្រាសនូវសក្តានុពលសម្រាប់កំណើនប្រកបដោយចីរភាពនិងភាពធន់នៅក្នុងបរិយាកាសធុរកិច្ចដែលមានភាពប្រកួតប្រជែង។
សម្រាប់រដ្ឋាភិបាលក៏ទទួលបានផលប្រយោជន៍ពីការចុះបញ្ជីដែរ ។ ការពង្រីកមូលដ្ឋានពន្ធតាមរយៈការបង់ភាគទានផ្នែកសន្តិសុខសង្គមនិងការបង់ពន្ធគឺអាចជំរុញឱ្យមានការកើនឡើងនៃប្រាក់ចំណូលរបស់រដ្ឋាភិបាល។ ការផ្លាស់ប្តូរនៅក្នុងល្បាយពន្ធពីការពឹងផ្អែកខ្លាំងលើពន្ធដោយប្រយោលទៅជាការពឹងផ្អែកលើប្រភពចំណូលពន្ធដែលមានតុល្យភាពជាងមុនមានសក្តានុពលក្នុងការបង្កើនមូលនិធិសម្រាប់គោលនយោបាយគាំពារសង្គមនិងគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀត។
អង្គការអន្តរជាតិខាងការងារ (ILO) នៅកម្ពុជាបានចាត់ទុកការងាររបស់ខ្លួនក្នុងផ្នែកគោលនយោបាយគាំទ្រការចុះបញ្ជីជារឿងដ៏សំខាន់មួយ។ អង្គការ ILO បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាក្រៅប្រព័ន្ធនិងការពង្រីកការគ្របដណ្តប់នៃកិច្ចគាំពារសង្គមតាមរយៈគម្រោង «លើកកម្ពស់កិច្ចគាំពារសង្គមនៅកម្ពុជា» (Advancing Social Protection In Cambodia (ASPC)) ដែលបានទទួលមូលនិធិពីសហភាពអឺរ៉ុប។ គម្រោង EU ASPC បានអនុវត្តសកម្មភាពជាច្រើនក្នុងគោលបំណងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍគោលនយោបាយការអភិវឌ្ឍកម្មវិធីការកសាងសមត្ថភាពដល់រដ្ឋាភិបាលកម្ពុជានិងការរៀនសូត្រពីបណ្តាប្រទេសផ្សេងៗ។
ស្របពេលដែលកម្ពុជា កំពុងដើរឆ្ពោះទៅមុខក្នុងការជំរុញការចុះបញ្ជី "យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨"ដែលបានដាក់ចេញនាពេលថ្មីៗនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកវឌ្ឍនភាព។ យុទ្ធសាស្ត្រនេះបានទទួលស្គាល់ថាការចុះបញ្ជី គឺជាគន្លឹះនៃអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន។
ការដាក់ផែនការ ឱ្យទៅជាសកម្មភាពតម្រូវឱ្យមានការសហការពីភាគីពាក់ព័ន្ធទាំងអស់ រួមមានកម្មករនិយោជិតនិយោជកនិងរដ្ឋាភិបាលទាំងមូល។ ការអនុវត្តយុទ្ធសាស្ត្រនិងគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការចុះបញ្ជីនឹងបង្កភាពងាយស្រួលដល់សហគ្រាសនិងកម្មករ និយោជិត ក្នុងការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ គោលការណ៍ណែនាំសំខាន់ៗក្នុងអនុវត្តរួមមានការសម្រួលដំណើរការចុះបញ្ជី ការផ្តល់ការណែនាំច្បាស់លាស់និងការបន្តជំរុញបរិយាកាសអាជីវកម្មដែលលើកទឹកចិត្តឱ្យមានការអនុលោមតាមច្បាប់។
និយោជកមកពីសហគ្រាសខ្នាតមីក្រូខ្នាតតូចនិងមធ្យមអាចចាត់ទុកការចុះបញ្ជីអាជីវកម្ម ថាជាជំហានយុទ្ធសាស្ត្រឆ្ពោះទៅរកភាពរីកចម្រើននិងចីរភាព។ការអនុលោមតាមច្បាប់ នាំមកជាមួយនូវអត្ថប្រយោជន៍ដូចជាការចូលទៅកាន់ទីផ្សារថ្មីសេវាកម្មហិរញ្ញវត្ថុនិងការគាំទ្រពីរដ្ឋាភិបាលក្នុងអំឡុងពេលមានការលំបាក។ ឧទាហរណ៍សហគ្រិនថ្មីថ្មោងនិងសហគ្រាសដែលមានស្រាប់អាចចូលទៅកាន់គេហទំព័រ khmersme.gov.kh ហើយស្វែងយល់ពីតម្រូវការសម្រាប់ចុះឈ្មោះអាជីវកម្មក៏ដូចជាឱកាសសិក្សានិងការលើកទឹកចិត្តផ្សេងៗដែលមាន។
និយោជិត និងបុគ្គលស្វ័យនិយោជន៍អាចគ្រប់គ្រងលើអនាគតរបស់ពួកគេតាមរយៈការទទួលបានព័ត៌មានអំពីអត្ថប្រយោជន៍នៃការងារក្នុងប្រព័ន្ធនិងឈ្វេងយល់ថា ការចុះបញ្ជីចូលក្នុងប្រព័ន្ធ អាចនាំឱ្យមានប្រាក់ឈ្នួលខ្ពស់លក្ខខណ្ឌការងារប្រសើរជាងមុននិងការទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គមសំខាន់ៗដោយរបៀបណា។
កម្មករនិយោជិត អាចទូរស័ព្ទទៅសេវាផ្តល់ព័ត៌មានរបស់បេឡាជាតិសន្តិសុខសង្គម (បសស) លេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានអំពីសិទ្ធិនិងឱកាសរបស់ពួកគេក្នុងការចូលរួមជាកម្លាំងពលកម្មក្នុងប្រព័ន្ធឧទាហរណ៍តាមរយៈការចុះឈ្មោះជាមួយរបបថែទាំសុខភាពដែលទើបនឹងដាក់ចេញថ្មីៗនេះដើម្បីការពារខ្លួនឯងនិងមនុស្សជាទីស្រលាញ់របស់ពួកគេ។
ទោះបីជាផ្លូវឆ្ពោះទៅជំរុញការចុះបញ្ជីនឹងជួបបញ្ហាប្រឈម វាគឺជាផ្លូវដែលយើងគប្បីបន្តដំណើរតទៅទៀត។ ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ អាចជួបប្រទះនឹងឧបសគ្គខ្លះៗពីដំបូងដូចជាការចំណាយលើការអនុលោមភាពនិងការកែសម្រួលបទប្បញ្ញត្តិផ្សេងៗ។
តែទោះជាយ៉ាងណាក្តីអត្ថប្រយោជន៍ដែលនៅខាងមុខដែលមានដូចជាជីវភាពរស់នៅកាន់តែប្រសើរឡើងការគាំពារសង្គមនិងកំណើនសេដ្ឋកិច្ចជាដើមមានច្រើនលើសពីបញ្ហាប្រឈមទាំងនោះ។ យើងអាចធ្វើការរួមគ្នាដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលគ្រប់កម្មករនិយោជិតនិងសហគ្រាសមានការរីកចម្រើនទាំងអស់គ្នារួមចំណែកដល់ភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ៕
ដោយ លោក Oktavianto Pasaribu, មន្ត្រីទទួលបន្ទុកនិងជានាយករងនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ