ភ្នំពេញៈ អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស និងជាប្រធាន​ប្រតិបត្តិ​នៃវិទ្យាស្ថាន​បម្រែបម្រួល​សកល លោក Tony Blair បានវាយតម្លៃ​ខ្ពស់​ចំពោះការអភិវឌ្ឍ​រីកចម្រើន​លើគ្រប់វិស័យ​របស់​ប្រទេស​កម្ពុជា ហើយបានបង្ហាញ​បំណង ដើម្បី​ពង្រឹងកិច្ច​សហការ​បន្ថែមជាមួយនឹង​កម្ពុជា​លើវិស័យ​សំខាន់ៗ​ផងដែរ។


ការបង្ហាញ​បំណងពង្រឹង​កិច្ចសហការនេះ​ត្រូវបានធ្វើ​ឡើងក្នុងជំនួប​សម្តែងការ​គួរសម និងពិភាក្សា​ការងារ​ជាមួយនឹង​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត ក្នុងឱកាស​ចូលរួម​វេទិកាសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០២៤ នៅទី​ក្រុង​ដាវ៉ូស សហព័ន្ធ​ស៊្វីស​នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

លទ្ធផល​ជំនួប​បានបញ្ជាក់​ថា៖"ឯកឧត្តម​បានជម្រាប​ជូន​សម្ដេច​ធិបតី​ថា វិទ្យាស្ថាន​បម្រែបម្រួល​សកល Tony Blair បាននិងកំពុង​ជួយគាំទ្រ​ដល់​បណ្ដាប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន ហើយក្នុងនោះ​ក៏មានប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ។ ជាមួយនេះ ឯកឧត្តម Tony Blair បានបង្ហាញពី​បំណង​ពង្រឹង​កិច្ចសហការ និងការស្វែងយល់​បន្ថែម​អំពី​កម្ពុជា ដោយ​ឯកឧត្តម​បានជម្រាបសួរ​សម្ដេចធិបតី​បន្ថែម​អំពី​គោលនយោបាយ​អាទិភាព​សំខាន់ៗ​មួយចំនួន​របស់​កម្ពុជា ដែលរួមមាន វិស័យថាមពល បរិស្ថាន កសិកម្ម ឧស្សាហកម្ម ជាដើម»។


ជាការឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានមាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានយកចិត្ត​ទុកដាក់​លើការពង្រឹង​អភិបាល​កិច្ចល្អ ហើយ​វិស័យ​កសិកម្ម​នៅតែជា​វិស័យ​អាទិភាព​មួយ។ រាជរដ្ឋាភិបាល​បាននិងកំពុង​ធ្វើ​ការផ្លាស់ប្តូរ​ពីសេដ្ឋកិច្ច​ពឹងផ្អែក​ជាចម្បង​លើកសិកម្ម​ប្រពៃណី ទៅជាសេដ្ឋកិច្ច​ទំនើប ដែលពឹងផ្អែក​លើកសិកម្ម​វៃឆ្លាត។ 

ចំពោះវិស័យ​ថាមពល និងបរិស្ថាន​វិញ លោកនាយក​រដ្ឋមន្រ្តី​បានបញ្ជាក់​ថា ការប្រើប្រាស់​ថាមពលស្អាត​នៅកម្ពុជា​សម្រេច​បាន ៦២% នាពេល​បច្ចុប្បន្ន ហើយនឹង​បន្តជំរុញ​ឱ្យឈានទៅ​ដល់ ៧០% ត្រឹម​ឆ្នាំ២០៣០។ កម្ពុជា​ក៏បានសម្រេច​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​ផលិតអគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេហ្កាវ៉ាត់​ផងដែរ។ 


លើសពីនោះ រាជរដ្ឋាភិបាល​បានដាក់ចេញ​នូវយុទ្ធសាស្រ្ត​ជាច្រើន ​ដើម្បី​កែទម្រង់​ស្ថាប័ន ហើយ​កម្ពុជា​ត្រូវការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​ជាចលករ​នៃការអភិវឌ្ឍ​ប្រទេសស្រប​តាមការវិវត្ត​នៃបច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន។ ក្រៅពីនោះ រាជរដ្ឋាភិបាល​បានដាក់​ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាល​ទី១ និងកំណត់​យកនូវ​ឤទិភាព​គន្លឹះ​រួមមាន៖ ការអភិវឌ្ឍ​មូលធនមនុស្ស ការរក្សាកំណើន ការបង្កើតការងារ និងការអភិវឌ្ឍ​ប្រកបដោយ​ភាពធន់ ចីរភាព​និងបរិយាបន្ន និងការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​ឌីជីថល៕