ភ្នំពេញៈ ទីភ្នាក់ងារ USAID បានកោតសរសើរ​កម្ពុជា​ចំពោះកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការកាត់បន្ថយ​អត្រា​ជំងឺឆ្លង មរណភាព ហើយបាន​បញ្ជាក់ពីកិច្ច​សហប្រតិបត្តិការ​ដែលមាន​ស្រាប់បន្ត​ទៀតជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា។


ក្នុងជំនួប​ពិភាក្សាការងារ​ជាមួយនឹង​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅទីក្រុង​ដាវ៉ូស សហព័ន្ធ​ស៊្វីស​នាថ្ងៃទី១៧ ខែមករា ប្រធាន​គ្រប់គ្រង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) លោកស្រី Samantha Power បានលើកឡើង​ពីវឌ្ឍនភាព​ការងារ​របស់ USAID នៅ​កម្ពុជា។ ក្នុងនោះ​ជាពិសេស​គឺកិច្ចសហប្រតិបត្តិការ​លើវិស័យ​អប់រំ និងការការពារ​កុមារតូច តាមរយៈកិច្ចសហ​ប្រតិបត្តិការ​រវាង USAID និងក្រសួង​អប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់​កម្មវិធី​អប់រំ អនាម័យ និងបរិក្ខារសិក្សា​នៅតាមសាលារៀន​សម្រាប់​កុមារតូច។ 

យោងតាម​លទ្ធផល​ជំនួប​បានឱ្យដឹង​ថា៖«លោកជំទាវ​ក៏បានកោត​សរសើរ ដល់រាជរដ្ឋាភិបាល​កម្ពុជា ដែលបានខិតខំ​ប្រឹងប្រែង​ក្នុងការកាត់​បន្ថយ​អត្រា​ជំងឺឆ្លង និងកាត់បន្ថយ​អត្រាមរណភាព​របស់​ទារក និងកុមារតូច​ក្រោម​អាយុ ៥ ឆ្នាំ ផងដែរ»។


លទ្ធផល​ដដែលក៏បាន​បន្ថែម​ថា៖«លោកជំទាវ បានបញ្ជាក់​ពីការបន្ត​កិច្ចសហ​ប្រតិបត្តិការ​ដែលមាន​ស្រាប់ និងការបន្តការ​ផ្ដល់​ជំនួយ​លើវិស័យ​អប់រំ និងបរិស្ថាន ដែលផ្តោត​លើការអភិរក្ស​ជីវៈ​ចម្រុះ ការការពារ​ប្រព័ន្ធ​អេកូឡូស៊ី និងការលើកកម្ពស់​ជីវភាព​សហគមន៍​នៅ​កម្ពុជា"។

ក្នុងឱកាសនោះ លោកនាយក​រដ្ឋមន្ត្រី​បានសម្តែង​នូវក្តីរីករាយ ចំពោះគម្រោង​កិច្ចសហ​ប្រតិបត្តិការ​របស់ USAID នៅ​កម្ពុជា នាពេលកន្លង​មក។ លោកបានវាយ​តម្លៃខ្ពស់​ចំពោះ​ការគាំទ្រ និងជំនួយ​របស់ USAID ដែលបានរួមចំណែក​ដល់​ការអភិវឌ្ឍ និងការរីកចម្រើន​សង្គម-សេដ្ឋកិច្ច របស់​កម្ពុជា។


លោកនាយក​រដ្ឋមន្ត្រី​ក៏បានថ្លែង​អំណរគុណ​ចំពោះការសម្រេចចិត្ត​របស់រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​«ក្នុងការបន្តផ្តល់​ជំនួយ​ចំនួន ១៨ លានដុល្លារ​អាមេរិក តាមរយៈ USAID ដល់​កម្ពុជា» ក្នុង​ពេលដែល​លោកបាន​ទទួលជួប​ពិភាក្សា​ការងារ​ជាមួយនឹង​លោកស្រី Victoria Nuland អនុរដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក នាឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ទៅចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នៅបុរី​ញូវយ៉ក​នាពលកន្លងមក៕