លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោក Kono Taro រដ្ឋមន្ត្រីក្រសួង​បរិវត្ត​កម្ម​ឌីជីថល នៃ​ប្រទេស​ជប៉ុន បាន​ពិភាក្សាគ្នា​លើ​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឌីជីថល ដែល​សមាសធាតុ​សំខាន់​ក្នុងការ​ជំរុញ​កំណើត​សេដ្ឋកិច្ច​ថ្មី​បន្ថែមទៀត​។ នេះ​បើតាម​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន ម៉ា​ណែ​ត នៅ​យប់​ថ្ងៃទី ​១៧ ខែមករា ឆ្នាំ​ ២០២៤​។​


​ការពិភាក្សា​នេះ​ធ្វើឡើង នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ក្នុងឱកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២៤ នៅ​ទីក្រុង​ដា​រ៉ូ​ស សហព័ន្ធ​ស្វ៊ី​ស ហើយ​លោក​បាន​អនុញ្ញាតឱ្យ​លោក Kono Taro រដ្ឋមន្ត្រីក្រសួង​បរិវត្ត​កម្ម​ឌីជីថល នៃ​ប្រទេស​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ 

​ប្រភព​ដដែល​បានឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​បានលើកឡើង​ពី​ទំនាក់ទំនង​កម្ពុជា ជប៉ុន ដែល​បាន​ឈាន​ឡើងដល់​កម្រិត «​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ជា​កម្រិត​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង​២​។ លោក​បាន​ថ្លែង​ការ​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ដែល​តែង​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា រហូតមក​។ 


​ជាមួយគ្នា​នោះ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន រំឭក​ពី​ដំណើរ​ទស្សនកិច្ច​កាលពី​ខែធ្នូ ឆ្នាំ​២០២៣ ពេល​ចូលរួម​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ដែល​ក្នុងពេលនោះ​កម្ពុជា​-​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​ចំនួន​៧ ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា​។ 

​តាមរយៈ​តេ​ឡេ​ក្រាម នាយករដ្ឋមន្ត្រី បញ្ជាក់ថា​៖«​រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​អាទិភាព​លើ​បច្ចេកវិទ្យា​ឌីជីថល ដែលជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ការជំរុញ​ប្រភព​កំណើនសេដ្ឋកិច្ច​ថ្មី ព្រមទាំង​សម្រេចបាន​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។​


​លោក Kono Taro រដ្ឋមន្ត្រីក្រសួង​បរិវត្ត​កម្ម​ឌីជីថល នៃ​ប្រទេស​ជប៉ុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ជប៉ុន ជាពិសេស​លើ​វិស័យ​ឌីជីថល ពាណិជ្ជកម្ម និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​។ ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូនទៅ​លោក​ហ៊ុន ម៉ា​ណែ​ត ថា រដ្ឋាភិបាល​ជប៉ុន​បានរៀបចំ​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​ទិន្នន័យ​អង្គការ​OECD ដែល​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន និង​អាច​ប្រើប្រាស់​សម្រាប់​ការរៀបចំ​កសាង និង​អភិវឌ្ឍ​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ដើម្បី​ជំរុញ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ 

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ឯកភាព​ចំពោះ​ការលើកឡើង​រដ្ឋមន្ត្រី​ជប៉ុន អំពី​សារៈសំខាន់​នៃ​ទិន្នន័យ​ឌីជីថល សម្រាប់​ប្រើប្រាស់​ក្នុង​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ និង​បានចាត់ទុក ទិន្នន័យ​នោះ​ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​ត្រីវិស័យ​ដ៏​ល្អ​ជួយ​ធ្វើការ​សម្រេចបាន​ត្រឹមត្រូវ​។ 

​លោក​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ប្រាប់​ទៅ​លោក​រដ្ឋមន្ត្រី​ជប៉ុន​ថា ការវិវត្ត​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា​បាន និង​កំពុង​ដាក់ឱ្យ​ប្រើប្រាស់​តាមរយៈ​ប្រព័ន្ធ​ទូទាត់​អន​ឡាញ ឆ្លងដែន ដើម្បី​សម្រួល​ដល់​វិនិយោគិន ពាណិជ្ជករ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​សហគ្រាស​ធុន​តូច និង​មធ្យម​៕