ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម សាខា​ខេត្តកណ្តាល បានរៀបចំ​វិភាជន៍​បូជាសព ​(​ប្រាក់ឧបត្ថម្ភ​សម្រាប់​បូជាសព​) ផ្នែក​ហានិភ័យ​ការងារ​ចំនួន ១០​​ លាន​រៀល ជូន​គ្រួសារ​សព​នារី​រងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​អគ្គិភ័យ​រោងចក្រ យី​ដា ហ្គា​មែន និង​បន្ត​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​កម្មករ​និយោជិត​ជា​ជនរងគ្រោះ​ផ្សេងទៀត​ដែល​កំពុង​សម្រាក​ព្យាបាល ស្របតាម​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​។


សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ស្តីពី​ករណី​ឧបទ្ទវហេតុ​អគ្គិភ័យ បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ៦:៤០​នាទី​ព្រឹក មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង ស្តុក​ទុក និង​ចែកចាយ​សារធាតុ​គីមី សម្រាប់​បោកគក់ នៃ​រោងចក្រ យី​ដា ហ្គា​មេន ដែលមាន​អាសយដ្ឋាន ស្ថិតនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ឧបទ្ទវហេតុ​អគ្គិភ័យ​នេះ បាន​បង្កឱ្យមាន​កម្មក​រ​និយោជិត​រងគ្រោះ សរុប​ចំនួន ២១​នាក់ (​ស្រី ៤​នាក់​) ក្នុងនោះ​រងរបួស​ស្រាល​ចំនួន ២០​នាក់ និង​ស្លាប់​ចំនួន ១ នាក់ បន្ទាប់ពី​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ ខណៈ​កម្មករនិយោជិត​ទាំងអស់ បានទទួល​ការជួយ​សង្គ្រោះ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​គ្រប់​អង្គភាព​ពាក់ព័ន្ធ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​យកចិត្តទុកដាក់​បំផុត​។


ក្រសួង​ការងារ​បញ្ជាក់ថា​៖«​គិត​ត្រឹម​វេលា​ម៉ោង ៦:៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ជនរងគ្រោះ​ចំនួន ១៧​នាក់ បាន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ និង​ចំនួន ២​នាក់ នៅ​មន្ទីរពេទ្យបង្អែក​កៀនស្វាយ រីឯ​ជនរងគ្រោះ​ចំនួន ១​នាក់​ទៀត ដែល​សម្រាក​នៅ​មណ្ឌល​សុខភាព​ឈើទាល មាន​អា​ការៈធូរស្រាល និង​បាន​វិលត្រឡប់​ទៅ​គេហដ្ឋាន​វិញ​»​។

ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​នៃ​សព ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។ ជាមួយគ្នានេះ​ក្រសួង​ការងារ សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​អាណិត​ស្រលាញ់​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ និង​ញាតិមិត្ត​ទាំងអស់​នៃ​សព ហើយ​សូម​ជូនពរ​ដល់​អ្នករ​ងរ​បួស​ទាំងអស់​ឆាប់​បានជា​សះស្បើយ​។


ទន្ទឹមនឹងនេះ ក្រសួង​ការងារ នឹង​រៀបចំ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដាក់ចេញ​នូវ​វិធានការ និង​យុទ្ធនាការ​រួមគ្នា​ក្នុងការ​បង្ការ ទប់ស្កាត់ និង​ដោះស្រាយ បញ្ហា​គ្រោះ​អគ្គិភ័យ​ដែល​អាច​កើតមាន​នៅតាម​សហគ្រាស គ្រឹះស្ថាន​ជាយថាហេតុ​។

លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ថ្លែងថា ក្នុងករណី ក្រុមការងារ​បច្ចេកទេស វិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាននិងកំពុង​ធ្វើការ​ស៊ើបអង្កេត និង​កោសល្យវិច័យ លើ​ករណី​បណ្តាលឱ្យមាន​អគ្គិភ័យ និង​ករណី​ស្លាប់​នេះ​។

គួរ​ជម្រាប​ថា យោង​របាយការណ៍​ប្រៀបធៀប​របស់​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​ឆ្នាំ​២០២៣​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​សរុប​ចំនួន​៧៦១​លើក ដែល​ចំនួន​នេះ​កើន​លើស​ឆ្នាំ​២០២២​ចំនួន​១៤៣​លើក​។ ក្នុងនោះ​បណ្តាលឱ្យ​ជនរងគ្រោះ​ចំនួន​៥៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៩៧​នាក់​ផ្សេងទៀត​រងរបួស ចំណែក​ផ្ទះ​ចំនួន​៥៧៩​ខ្នង និង​តូប​ចំនួន​៥៧ ត្រូវបាន​បំផ្លាញ​ដោយសារ​អគ្គិភ័យ​៕