លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារ ជាមួយលោក Gerard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤។
តាមតេឡេក្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួបនេះ លោក Gerard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនេះ និងបានជម្រាបជូនលោក Gerard Larcher អំពីលទ្ធផលនៃជំនួបជាមួយ លោកប្រធានាធិបតីបារាំង ជាពិសេសវឌ្ឍនភាពកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម។ ក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញលោក ប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេស នៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។ នេះបើយោងតាមប្រភពដដែល៕