ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំឭកដល់ប្រជាពលរដ្ឋជាថ្មី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ជាពិសេសការអនុវត្តវិធានការបង្ការការចម្លងគឺពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ បើទោះបីជាវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 មិនសូវមានភាពធ្ងន់ធ្ងរក៏ដោយ។
លោក កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងបានប្រកាសពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណីបន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសទេ។
លោកបានបន្តទៀតថា ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់ថាប្រភេទវីរុសបំប្លែងថ្មីនេះ កំពុងមានវត្តមានក្នុងសហគមន៍ និងអាចមានករណីឆ្លងជាបន្តបន្ទាប់។
លោក កុយ វ៉ាន់នី បានបញ្ជាក់ថា៖«តែខ្ញុំសូមរំឭកជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុស បំប្លែងថ្មីដែលជាប្រភេទព្រួយបារម្ភ VOC (Variant of Concern) ទេ»។
ទោះជាបែបនេះក្តី ក៏លោកនៅតែអំពាវនាវ និងក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1នេះ។
លោកថ្លែងថា៖«យើងខ្ញុំ ក្នុងនាមក្រសួងសុខភិបាល បើទោះបីជាប្រភេទវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 មានសភាពស្រាល ដែលមិនគួរឱ្យមានការព្រួយបារម្ភយ៉ាងណាក៏ដោយ ក៏យើងនៅតែសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការសុវត្ថិភាព បង្ការកុំឱ្យឆ្លងពី១ ទៅ១ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លង ដោយពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ»។
«ម្យ៉ាងវិញទៀតបុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូស ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ១៩។ប្រសិនបើអ្នកមានអាការក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា»។ លោក កុយ វ៉ាន់នី បានបញ្ជាក់បន្ថែម។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងនៅថ្ងៃទី២ ខែមករាថា ខេត្តកំពង់ស្ពឺបានជំរុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដល់ដូសទី៦ហើយ ខណៈដែលប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដូសទី១ ក៏មកចាក់ជាបន្តបន្ទាប់ផងដែរ។ការជំរុញចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញនេះ គឺដើម្បីធ្វើយ៉ាងណាកាត់ផ្តាច់ការចម្លងវីរុស ដែលបំប្លែងដូចជា វីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ Omicron JN.1នេះជាដើម ក៏ដូចជាការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣កុំ៣ការពារ។
លោកបានប្រាប់ថា៖«ជាទូទៅចំពោះការចាក់វ៉ាក់សាំង សម្រាប់ខេត្តកំពង់ស្ពឺ គឺយើងបានអនុវត្តវិធីសាស្ត្រចាក់ចល័ត មានន័យថា ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង បានចុះទៅដល់គ្រប់ភូមិស្រុកទាំងអស់នៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេស សម្រាប់ភូមិដែលនៅឆ្ងាយដាច់ស្រយាល ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា»។
របាយការណ៍ពីក្រសួងសុខាភិបាលបានឱ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ជាលទ្ធផលរួម ចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មានចំនួនប្រមាណ ៩៥,៧៣ភាគរយ។ ការចាក់វ៉ាក់សាំងលើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០៤ភាគរយ ធៀបជាមួយចំនួន ប្រជាជនគោល ដៅ ១០ លាននាក់,លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៤០ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១៨២៧៣៤៨នាក់។ ការចាក់លើកុមារអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១១,០០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១៨៩៧៣៨២ នាក់,លើកុមារអាយុ៥ឆ្នាំ មាន ១៤៣,៨៦ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤៣១៧ នាក់,លើកុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ ឆ្នាំ មាន ៨៤,៤៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០៧៣០ នាក់។
បើយោងតាមសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ កម្ពុជាមានករណីឆ្លងមេរោគកូវីដ១៩សរុបទូទាំងប្រទេសចំនួន ១៣៩ ០១៥នាក់ជាសះស្បើយសរុបចំនួន ១៣៥ ៩៣៩នាក់ និងករណីស្លាប់សរុបចំនួន ៣ ០៥៦នាក់៕