ភ្នំពេញៈ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងថា ការសាងសង់អគារទីស្តីការ គ.ជ.ប ថ្មីដែលមានកម្ពស់ ៩ជាន់ នៅលើដីថ្មីដែលរាជរដ្ឋាភិបាល ដកហូតពីលោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គឺសម្រាប់បម្រើសេវាកម្មបោះឆ្នោតជូនដល់សាធារណជន និងជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល។
លោក ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយបញ្ចប់ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ អគារទីស្តីការថ្មីនេះ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដែលពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រី គ. ជ. ប ជាច្រើនរូបទៀត។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា៖«គ.ជ.ប រៀបចំសាងសង់អគារ ៩ជាន់នេះ ដែលបានចុះកុងត្រាជាមួយនឹងក្រុមជាងបច្ចេកទេសក្នុងការកសាងមានរយៈពេល ២២ខែហើយគ.ជ.ប ក៏បានចុះកុងត្រាជាមួយក្រុមហ៊ុនណាហ្គាវើលបន្ទាប់ពីបានអគារថ្មី គ.ជ.ប នឹងប្តូរពីទីតាំងចាស់មកថ្មីនេះភ្លាម ដែលសង្ឃឹមថា នឹងរួចរាល់ នៅក្នុងខែ១០ នៅឆ្នាំ២០២៥»។
លោកបន្តថា ទីតាំងសអគារ គ.ជ.ប ថ្មីនេះ នឹងមានបរិយាសកាសល្អ និងបង្កើនភាពស្និទ្ធស្នាលជាមួយគ្រប់គណបក្សនយោបាយ ព្រមទាំងភាគីពាក់ព័ន្ធ និងខិតខំរៀបចំការបោះឆ្នោតពីមួយជំនាន់ទៅមួយជំនាន់ ឱ្យកាន់តែល្អប្រសើរឡើង និងជាទីទុកចិត្តរបស់មហាជននៅទូទាំងប្រទេស។
លោកបានបញ្ជាក់ថា៖ «សំណង់នេះមានលក្ខណៈជាខ្មែរ ដែលគ្រោងចំណាយថវិកាសាងសង់ជាង ២១ លានដុល្លារ ដែលក្នុងនោះ សាលប្រជុំអាចដាក់មនុស្សរហូតបានទៅដល់ជាង ៤៥០នាក់ និងបំពាក់ទៅដោយ ភ្លើង LED ហើយសម្រាប់ការបំពាក់ឧបករណ៍ទាំងឡាយនឹងផ្ដល់ជាគុណប្រយោជន៍ ព្រមទាំងទំនុកចិត្តដល់គណបក្សនយោបាយ ជាពិសេសការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ជ.ប កំពុងតែត្រៀមលក្ខណៈ និងប្រើប្រាស់ជាបន្តបន្ទាប់ ធ្វើឱ្យការទុកចិត្តជឿជាក់លើវិស័យបោះឆ្នោត និងមានការចូលរួម ការគាំទ្រកាន់តែខ្លាំងឡើង»។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្កការឃ្លាំមើលការបោះឆ្នោតនិកហ្វិក នៅថ្ងៃទី២ ខែមករា បានប្រាប់ដែរថា ការសាងសង់អគារទីស្តីការថ្មីរបស់ គ.ជ.ប នេះ គឺល្អណាស់ ព្រោះមិនអាចឱ្យ គ.ជ.ប នៅបន្តធ្វើនៅជិតកន្លែងបនល្បែងបានទេ ព្រោះវាជាស្ថាប័នឯករាជ្យ ហើយទីតាំងថ្មីនេះ នឹងមានបរិយាកាសធំទូលាយស្រួលចេញចូលប្រជុំ ជាពិសេសមានកន្លែងចតយានយន្ត សមរម្យជាងទីតាំងបច្ចុប្បន្ននេះ។
លោក បានថ្លែងថា ៖ «ទីតាំងជាកត្តាមួយជួយឱ្យការងារ គ.ជ.ប កាន់តែរីកចម្រើន ព្រោះកន្លែងវាទូលាយ និងទីតាំងក៏សមរម្យល្អ ដែលនឹងធ្វើឱ្យការបំពេញការងារបោះឆ្នោត បានកាន់តែល្អប្រសើរថែមទៀត»។
យោងតាមលិខិតអនុញ្ញាតបើករដ្ឋានសាងសង់សំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា គម្រោងសំណង់អគារទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន១អគារ កម្ពស់អតិបរមាជាង ៥០ម៉ែត្រ មានជាន់ក្រោមដី១ជាន់ ជាន់ផ្ទាល់ដី ជាន់ទី១ រហូតដល់ជាន់ទី៩ ជាន់ក្រោមដំបូល និងដំបូលប្រក់ក្បឿង៕