​ភ្នំពេញៈ សិប្បកម្ម​ផលិត​ទឹកត្រី និង​ទឹកម្ទេស​ ១​ កន្លែង ​ដែលមាន​បណ្ដោយ​ប្រមាណ​ជា​ ២៥ ​ម៉ែត្រ និង​ទទឹង​ ២៥ ​ម៉ែត្រ ស្ថិតក្នុង​ភូមិ​រំចេក​ ៤ សង្កាត់​​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ធ្លាប់តែ​បន្សល់ទុក​កាកសំណល់​ត្រី​ដែល​សល់​ពី​ការផលិត​ទឹកត្រី ហើយ​បាន​បំ​ភាយ​ឧស្ម័ន​កខ្វក់​ទៅក្នុង​លម្ហ​អាកាស​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាស​ធាតុ​ដែល​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ត្រូវបាន​កាត់បន្ថយ​ក្រោយពី​ទទួលបាន​ការបណ្ដុះបណ្ដាល​បច្ចេក​ទេស​រៀប​ដាក់​ប្រព័ន្ធ​លូ​ដែលមាន​រណ្ដៅ​ត​ភ្ជាប់​ពី​ ១​ ទៅ​ ១ ​ដើម្បី​ចម្រោះ​កាកសំណល់​ស្អុយ មុនពេល​បង្ហូរទឹក​ចូលទៅក្នុង​ប្រព័ន្ធ​លូ​សាធារណៈ​។​


​អ្នកស្រី វង សុក​យ៉េ​ម អាយុ​ ៥៧ ​ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ទឹកត្រី និង​ទឹកម្ទេស​នេះ បាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ការ​ផលិត​ទឹកត្រី និង​ទឹកម្ទេស​កាលពី​ជាង​ ១០​ ឆ្នាំមុន ធ្វើ​ទៅតាម​ទម្លាប់​ដោយ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ​ក្នុងការ​ទុកដាក់​កាកសំណល់ និង​ការបំបាត់​ក្លិន​ទេ​។​

​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​របស់​ក្រសួងបរិស្ថាន​ធ្វើ​ការពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា បាននិងកំពុង​ធ្វើការ​ទៅលើ​សហគ្រាស​សិប្បក​ម្មធុ​ន​តូច និង​មធ្យម​កែច្នៃ​ចំណីអាហារ​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង បានផ្តល់​ទុន​ធ្វើ​ប្រព័ន្ធ​លូ​ដែលមាន​រណ្ដៅ​ត​ភ្ជាប់​គ្នា​សម្រាប់​ចម្រោះ​ស្តុក​ទុក​កាកសំណល់​ដើម្បី​បង្ហូរ​តែ​ទឹក​ឱ្យ​ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​លូ​ប៉ុណ្ណោះ​។    


​តាមរយៈ​នេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​បាន​សហការ​ជាមួយ​អង្គការ ​(V.S.OCAMBODIA)​ និង​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាស​ធាតុ​កម្ពុជា​បានផ្តល់​ទុន​ដល់​ម្ចាស់​សិប្ប​កម្ម​ទឹកត្រី​មួយចំនួន​សម្រាប់ធ្វើ​អាង​ចម្រោះ​កាកសំណល់​កាត់បន្ថយ​ក្លិន​មុន​បង្ហូរទឹក​ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​លូ​។ ក្នុង​ឆ្នាំ​ ២០០៩ អ្នកស្រី សុក​យ៉េ​ម ជា​ម្ចាស់​សិប្បកម្ម​បានទទួល​គ​ម្រោ​ង​នេះ​។  

​អ្នកស្រី សុក​យ៉េ​ម បញ្ជាក់ថា​៖ «​ក្រសួង​ចង់ឱ្យ​យើង​កែលម្អ​ទាក់ទង​នឹង​កាកសំណល់ និង​ក្លិន​មិនល្អ ព្រោះ​កាល​មុន​នៅទីនេះ​មានតែ​ខ្ញុំ​មក​រស់នៅ​ម្នាក់ឯង​ទេ តែ​ឥឡូវនេះ​មាន​ប្រជាជន​មក​រស់នៅ​ជុំវិញ ក្រសួង​ក៏​ស្នើឱ្យ​កែលម្អ​កុំឱ្យ​ប៉ះពាល់​បរិស្ថាន​»​។​


​អ្នកស្រី វង សុក​យ៉េ​ម ថ្លែងថា ការ​​បណ្តុះបណ្តាល​វគ្គ​ខ្លីៗ​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន និង​បច្ចេកទេស​ការពារ​បរិ​ស្ថាន ជា​កម្មវិធី​មួយ​ដ៏​ល្អ​សម្រាប់​ម្ចាស់​សិប្បកម្ម​នានា​ទាក់ទង​ការ​កាត់​បន្ថយ​ក្លិន និង​ទុកដាក់​កាកសំណល់ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​អ្នករស់នៅ​ជុំវិញ​សិប្បកម្ម​។ ការ​ស្ងោរ​ទឹកត្រី​ដោយ​ប្រើ​អុស​ធ្វើឱ្យមាន​ផ្សែង​មាន​ផេះ និង​ចំហាយ​ក្លិន​មិនល្អ​ជះ​ទៅក្នុង​បរិយាកាស ដូច្នេះ​ផ្សែង និង​ក្លិន​មិនល្អ​នេះ​នឹងធ្វើ​ឱ្យ​ខ្យល់​ក្នុង​បរិយាកាស​ខូច និង​ប៉ះពាល់​ដល់​សុខភាព ហើយ​បង្កើត​ទៅជា​ផ្ទះ​កញ្ចក់ វា​បង្កឱ្យមាន​កំណើន​ក​ម្តៅ​រហូត​ធ្វើឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​។​

​អ្នកស្រីថ្លែងថា​៖ «​ខ្ញុំ​ដាក់​ម៉ូ​ទ័​រ​បឺត​ក្លិន និង​ផ្សែង​ចូលទៅក្នុង​អាងទឹក​ដែលមាន​ដាក់​ធ្យូង​ឱ្យ​កាត់បន្ថយ​ក្លិន​ទើប​ចំហាយ​ក្លិន​ភាយ​តាម​បំពង់​បង្ហុយ​ចូលក្នុង​បរិយាកាស​ដែល​ភាគ​​រយ​នៃ​ក្លិន​មិនល្អ​តិច​បំផុត​»​។​

​អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា អ្នក​ដែលមាន​អាជីវកម្ម​សិប្បកម្ម​គឺ​យើង​គួរតែ​រួមគ្នា ចូលរួម​ក្នុងការ​កែសម្រួល​បរិស្ថាន​ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​ដល់​សង្គម និង​ខ្លួនឯង​ជាពិសេស​»​។​

កម្មករកំពុងរៀបចំវេចខ្ចប់ទឹកម្ទេស។ រូបថតគឹម សារុំ

លោក កើង សុខ​ខេង ប្រធាន​កា​រិ​យា​ល័យ​ឧស្សាហកម្ម និង​សិប្បកម្ម​នៃ មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​នវានុវត្តន៍​ខេត្តបាត់ដំបង​ថ្លែងថា វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ខ្នាតតូច និង​មធ្យម​ឬ​ហៅថា​ (SME)​ ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​ទាក់ទង​នឹង​ការផលិត​កែច្នៃ និង​វេច​ខ្ចប់​។ ដូច្នេះ​ក្រសួងបរិស្ថាន​បាន​បង្កើត​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​សំណល់​នេះ​ឡើង​គឺ​ដើម្បីឱ្យ​រោងចក្រ​សហគ្រាស​ចូលរួម​ការអនុវត្ត​គម្រោង​។​

​លោក​បញ្ជាក់ថា នៅក្នុង​ខេត្ត​បាត់​​ដំបង​មាន​រោងចក្រ​សហគ្រាស​តូចធំ​ជាង ​៩០០ ​មូលដ្ឋាន​ដែល​កំពុង​ស្ថិតក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់ មាន​អ្នកចូលរួម​អនុវត្ត​គម្រោង​នេះ​មាន​ប្រហែលជា ៣០​ មូលដ្ឋាន ហើយ​អ្នក​ដែល​បាន​ជោគជ័យ​មាន​ចំនួន​តែ ៧​ មូលដ្ឋាន​ប៉ុណ្ណោះ​។​

​លោក សុខ​ខេង ថ្លែងថា​៖ «​មុននឹង​ចេញ​ជា​ផលិតផល​មួយ បានន័យថា​មាន​វត្ថុធាតុដើម​ជាច្រើន​ផ្សំផ្គុំ​ដែល​យ៉ាងហោចណាស់​ក៏ ​២​ ដែរ​ទើប​ចេញ​ជា​ផលិតផល​ ១ អ៊ីចឹង​បើកាលណា​មានដំណើរ​ការផលិត​កែច្នៃ​វេច​ខ្ចប់​ដែលជា​លក្ខណៈ​នៃ​ធម្មជាតិ​ក៏ដូចជា​ទិដ្ឋភាព​នៃ​ផ្លូវច្បាប់​ឬក៏​ការងារ​បច្ចេក​ទេស ត្រូវតែមាន​សំណល់​»​។​

លោក​ថ្លែងថា សហគ្រាស​ដទៃទៀត​ដែល​មិន​ចូលរួម​ក្នុង​គម្រោង ដោយ​វា​ជា​គម្រោង​សាកល្បង​ធ្វើជា​គំរូ ហើយក៏​ត្រូវ​រង់ចាំ​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួងបរិស្ថាន និង​ពី​កម្មវិធី ​(CCCA)​ សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ក៏ដូចជា​មន្ទីរ​បរិស្ថាន​។​

​លោក សុខ​ខេង ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា គម្រោង​ទាក់ទង​នឹង​សំណល់​នេះ​មាន​អត្ថប្រយោជន៍​ច្រើន ទី​១​ ធ្វើឱ្យ​រោងចក្រ​សហគ្រាស​គាត់​កាត់បន្ថយ​ការចំណាយ​ដូចជា​ការប្រើប្រាស់​ទឹក​។ កត្តា​ទី​២ ​ធ្វើឱ្យ​បរិយាកាស​ក្នុង​ទីតាំង​មាន​ក្លិន​ល្អ ហើយ​កត្តា​ទី​៣ ​គាត់​បាន​ចូលរួម​ផលប៉ះពាល់​ដល់​គុណភាព​សុវត្ថិភាព​បានន័យថា បើ​គាត់​ចូលរួម​អនុវត្ត​គម្រោង​ប្រព្រឹត្តិកម្ម​ទឹក​សំណល់​និង​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នឹងធ្វើ​ឱ្យ​ផលិតផល​របស់គាត់​មាន​គុណភាព​សុវត្ថិភាព​»​។​

​លោក​បាន​ប្រាប់ថា សំណល់​គឺ​គេ​មិនអាច​យក​សំណល់​នោះ​ទៅប្រើ​​ប្រាស់​បានទេ ហើយ​បើ​គ្មាន​លក្ខណៈ​​បច្ចេកទេស​ក្នុងការ​លំហូរ ឬក៏​ការរៀបចំ​ទុកដាក់​មិនបាន​ត្រឹមត្រូវ​វា​ធ្វើឱ្យ​សំណល់​ហ្នឹង​វា​ជះឥទ្ធិពល​ដល់​គុណភាព​សុវត្ថិភាព​ដល់​ចំណីអាហារ​ទៅវិញ​។​

​លោក កើង សុខ​ខេង សិប្បកម្ម​ទឹកត្រី​បាន​អនុវត្ត​កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដោយ​រៀបចំ​ជា​លូ​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​សំណល់ ដោយ​លូ​នីមួយៗ​គេ​ដាក់​ប្រព័ន្ធ​គ្រោះ​ខ្សាច់​ថ្ម និង​ធ្យូងសកម្ម​ដើម្បី​ស្ទាក់ចាប់​កម្ទេច​សំណល់​ហើយពី​លូ​ស្តុក​ ១ ​ទៅ​ ១ វា​មាន​រយៈ​ពី​ខ្ពស់​ទៅ​ទាប​រហូត​អាង​ស្តុក​ចុងក្រោយ​គឺ​ទឹក​គ្មាន​កម្ទេច​សំណល់​ហើយ​ហូរ​ចោល​ក្នុង​លូ​សាធារណៈ​តែម្តង​។ ចំពោះ​អាង​ស្តុក​ទឹក​សំណល់​គឺ​អាស្រ័យ​ទៅតាម​ទីតាំង បើ​ទីតាំង​ធំ ក៏​ធ្វើ​ទំហំ​ធំ​ទៅ មាន​១​ម៉ែត្រ​កន្លះ ១​ ម៉ែត្រ​ ២ ​តឹក​។​

​លោកស្រី ឃ្លោក វិចិត្រ​រដ្ឋា អនុប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ជា​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ទី​ ១ ​គឺ​ក្រសួងបរិស្ថាន​បានធ្វើការ​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់ដឹង​ទៅដល់​សហគ្រាស​ធុន​មធ្យម​និង​ធុន​តូច​។

លោកស្រី​បាន​ថ្លែងថា​៖ «​ការផ្សព្វផ្សាយ​លើកកម្ពស់​ស្តីអំពី​ការ​​ប្រែប្រួល​អាកាសធាតុ​ទៅដល់​ម្ចាស់​សហគ្រាស​ក៏ដូចជា​ជំរុញឱ្យមាន​ការចូលរួម​ដើម្បី​អនុវត្ត​ឆ្លើយតប​រួមគ្នា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការអនុវត្ត​សកម្មភាព​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​»៕