ព្រះ​វិហារៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​បាន​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​ប្រាសាទ​​ព្រះវិហារ​ប្រចាំឆ្នាំ​ ២០២៣ មានការ​ថយចុះ​ប្រមាណ ១៦,៧​ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ ​២០២២ ដែល​ការ​ថយ​ចុះ​នេះ​ដោយសារ​កម្ពុ​ជាមាន​គោល​ដៅ​ទេសចរណ៍​ថ្មីៗ​ជាច្រើន សម្រាប់​ទាក់ទាញ​អ្នកទេសចរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ នៅ​ថ្ងៃទី ​២ ខែមករា ឆ្នាំ ​២០២៤ បាន​លើកឡើងថា ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ ​២០២៣ ស្ថិតិ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​ប្រាសាទ​វិហារ​មាន​ចំនួន​សរុប ៩២ ៩៦៦​ នាក់ ថយចុះ​ប្រមាណ ១៦,៧​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន ៨៣ ៧២៣​ នាក់ ថយចុះ ​២២,១​ ភាគ​រយ​ ខណៈ​ភ្ញៀវ​អន្តរជាតិ​ចំនួន ​៩ ២៤៣​ នាក់​កើនឡើង​ចំនួន​ ១២៥,៩​ ភាគរយ​។​


​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានឱ្យដឹង​ទៀតថា ចំណែក​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​វិញ មាន​ភ្ញៀវ​ចូលមក​ទស្សនា​សរុប​ចំនួន ១០៥ ៤៦៤ ​នាក់ កើនឡើង​ចំនួន ៧១,២​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ៩០ ៦៥៨ ​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន ១៤ ៨០៦​ នាក់​។​

​លោក​គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២ ខែមករា​ថា ជាទូទៅ​រៀងរាល់ឆ្នាំ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​តែងតែ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ប្រហែល​ជាង​ ១០ ​ម៉ឺន​នាក់ ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០២៣ ភ្ញៀវទេសចរ​សរុបមក​ទស្សនា​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ មានការ​ថយចុះ​ច្រើន​នៅសល់​ជាង ៩​ ម៉ឺន​នាក់​ប៉ុណ្ណោះ​។


បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២២ ភ្ញៀវទេសចរ​សរុប​ចូលមក​ទស្សនា​រមណីយ​ដ្ឋា​ន​ប្រាសាទព្រះវិហារ មានការ​ថយចុះ ហើយ​មូលហេតុ​នៃ​ការថយចុះ​នេះ គឺអាច​ដោយសារ​កម្ពុជា កំពុងមាន​គោលដៅ​ទេសចរណ៍​ថ្មីៗ​ជាច្រើន​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​។​

​លោក ​គង់ ពុទ្ធិការ បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា ការថយចុះ​នេះ គឺ​ដោយសារ​ប្រទេស​យើង​មាន​គោលដៅ​ទេសចរណ៍​ថ្មីៗ​ជាច្រើន ដល់​អ៊ីចឹងទៅ​ពួកគាត់​ជា​អ្នកទេសចរ គឺ​ងាក​ទៅលេង​ក្នុង​តំបន់​ផ្សេងៗ​ដែលជា​គោលដៅ​ទេសចរណ៍​ថ្មីៗ​ហ្នឹង ដូច្នេះ​បានជា​ធ្វើឱ្យ​ពួកគាត់​មិនបាន​ទៅលេង​ប្រាសាទព្រះវិហារ​យើង​»​។​

​បើតាម​លោក គង់ ពុទ្ធិការ នៅក្នុង​ឆ្នាំ ២០២៤​ នេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹងមាន​ការរៀបចំ​ក​ម្ម​វិធី​ទេសចរណ៍​កីឡា​នៅ​ដើមខែ​កក្កដា ដើម្បី​ជំរុញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​ទស្សនា​ប្រាសាទ​ព្រះ​វិហារ​ក៏ដូចជា​ដើម្បី​អបអរសាទរ​ប្រាសាទព្រះវិហារ និង​ប្រាសាទ​​កោះ​កេរ បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ក្រៅ​​ពីនេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ ក៏​នឹង​រៀបចំ​ផ្សព្វផ្សាយ​ពី​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​កោះ​កេរ តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​និង​វេ​ប​សាយ​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ដែរ​។​

​ជុំវិញ​ការថយចុះ​ភ្ញៀវ​ទេស​ចរ​នេះ លោក ម៉ម រិទ្ធី ប្រធាន​​សហព័ន្ធ​សហជីព​វិស័យ​ទេស​ចរណ៍ និង​សេវាកម្ម​កម្ពុជា បាន​ថ្លែងឱ្យដឹងថា បើតាម​ការ​​សង្កេត​ជាទូទៅ​របស់លោក​ឃើញថា ឆ្នាំ ​២០២៣ ភ្ញៀវទេសចរ​បរទេស ដែល​ចូលមក​ទស្សនា​កម្ពុជា​មិន​ថា តំបន់​ទេសចរណ៍​ខេត្តព្រះវិហារ ឬ​ខេត្តសៀមរាប​នោះទេ គឺមាន​ការថយចុះ​ខ្លាំង ខណៈដែល​ភ្ញៀវទេសចរ​ជាតិ ក៏មាន​ការ​ថយចុះ​មួយកម្រិត​ដែរ​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ដូច្នេះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍ គួរតែ​កែប្រែ​យុទ្ធ​សាស្ត្រ​របស់ខ្លួន កុំ​ប្រើ​យុទ្ធ​សាស្ត្រ​ដដែលៗ​សម្រាប់​អនុវត្ត​ហើយ​យើង​គួរតែ​ពង្រឹង​ឡើងវិញ​នូវ​សមត្ថភាព បច្ចេកទេស សេវាកម្ម ជាពិសេស​គឺ​ការ​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍​»​។​

​ក្រៅពី​ការកែប្រែ​យុទ្ធសាស្ត្រ​វិស័យ​ទេសចរ​ណ៍ហើយ អ្វីដែល​សំខាន់​មួយទៀត​នោះ គឺ​រាជរដ្ឋាភិបាល ត្រូវ​ស្ដារ​ស្ថាន​ភាព​សន្តិសុខ​ប្រទេស ក៏ដូចជា​ត្រូវ​កែប្រែ​បរិបទ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​ឱ្យ​អ្នកទេសចរ​បរទេស មើលឃើញថា កម្ពុ​ជាមាន​សុខ​សន្តិ​ភាព​ហើយ​អ្នកនយោបាយ​មានការ​រួបរួមគ្នា​ដែល​វា​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឡើងវិញ​ដែរ​៕