ភ្នំពេញៈ អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានរំលេចពីព្រឹតិ្តការណ៍ចងចាំរបស់លោកមួយចំនួនដែលកើតមានឡើងនៅក្នុងខែមករា ដែលធ្វើឱ្យលោកមិនអាចបំភ្លេចបាន ខណៈអ្នកតាមដានសង្គមចាត់ទុកថាទាំងនេះជាសច្ចភាពប្រវត្តិសាស្ត្រមួយដែលខ្មែរគ្រប់រូបគួរតែបានដឹង។
លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ថា ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់លោក ក្នុងនោះមានរឿងមួយចំនួនដែលលោកគួរតែរំលេចឡើង។
លោកបានបញ្ជាក់ថា៖ «ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ ១៥) ថ្ងៃ ១ មករា ១៩៧៥។ ថ្ងៃរៀបការ ៥ មករា ១៩៧៦ និងថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ»។
លោក ហ៊ុន សែន បានបន្តទៀតថា លោកត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈិមបក្សដែលមានសមាជិក ៧ រូបក្នុងឱកាសមហាសន្និបាតលើកទី ៣ របស់គណបក្សនៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧៩ ហើយលោកក៏ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសនៅល្ងាចថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧៩ ដដែលនោះដែរ។
លោកបានបន្តថា៖ «ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៅព្រឹកថ្ងៃ ១៤ ខែមករា ឆ្នាំ ១៩៨៥។ នៅថ្ងៃទី ២០ និង ២១ ខែមករា ឆ្នាំ ១៩៨៨ មានជំនួបចរចាសីហនុហ៊ុនសែន លើកទី ២ នៅប្រទេសបារាំង»។
នៅក្នុងខែមករា ឆ្នាំ ១៩៧៧ គឺជាថ្ងៃដែលភរិយារបស់លោក គឺលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានចាប់មានផ្ទៃពោះកំណើតរបស់ ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីកម្ពុជា។ លោកហ៊ុន សែន បានបន្ថែមថា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០០០ ជាថ្ងៃដែលលោកទទួលបានចៅទី ១ ផងដែរ។ លោកបានបញ្ជាក់ថា៖ «នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំឭក»។
ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗដែលលោក ហ៊ុន សែន បានរំលេចឡើងនេះ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានបង្ហាញការយល់ឃើញរបស់លោកថា ការលើកឡើងនេះជាសច្ចភាពប្រវត្តិសាស្ត្រមួយដែលខ្មែរគ្រប់រូបគួរតែបានដឹង។
លោកបានថ្លែងនៅថ្ងៃទី ២ ខែមករាថា៖ «ខ្ញុំយល់ឃើញថា ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាពីព្រឹត្តិការណ៍ដែលកើតមានឡើងនៅក្នុងខែមករានេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រមួយដែលខ្មែរគ្រប់រូបត្រូវបានដឹង ព្រោះសម្តេចតេជោគឺជារដ្ឋបុរសមួយដែលចូលរួមនៅក្នុងកិច្ចការរដ្ឋ កិច្ចការដឹកនាំប្រទេសជាតិមួយយ៉ាងសកម្ម»។
លោក យង់ ពៅ បានបន្តថា លោក ហ៊ុន សែន បានដឹកនាំប្រទេសឱ្យទទួលបានសុខសន្តិភាពពេញលេញ បញ្ចប់សង្គ្រាមស៊ីវិល និងនាំកម្ពុជាចូលក្នុងកិច្ចការតំបន់ សមាហរណកម្មតំបន់ និងពិភពលោកដែលនេះគឺជាអ្វីដែលរដ្ឋបុរសរូបនេះបានធ្វើ។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹង! ការលើកឡើងនេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលខ្មែរគ្រប់រូបត្រូវស្គាល់ ពីព្រោះគាត់គឺជាតួអង្គរដ្ឋបុរសមួយដែលកម្ពុជាត្រូវតែទទួលស្គាល់។ ដូចនេះ កាលណាជារដ្ឋបុរសមួយគឺគេត្រូវការស្វែងយល់គ្រប់ព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងរដ្ឋបុរសនោះហើយ»។
ចំណែកលោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានថ្លែងដែរថា ការសង្ខេបព្រឹតិ្តការណ៍សំខាន់ៗពាក់ព័ន្ធនឹងលោក ហ៊ុន សែន ក្នុងខែមករា វាជាការឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួនរបស់លោកដែលមានទាំងរឿងមិនល្អ និងរឿងល្អ ព្រមទាំងព្រឹត្តិការណ៍តស៊ូរំដោះជាតិ ដំណើរការចរចាសន្តិភាព ការកសាងលទ្ធិប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍន៍ប្រទេស...ដែលបានកើតឡើងក្នុងខែមករា ដែលកូនខ្មែរត្រូវដឹង និងរៀនសូត្រ។
លោកបានបញ្ជាក់ថា៖ «ជោគជ័យទាំងឡាយដែលសម្រេចបាននៅពេលនេះ គឺមិនអាចខ្វះតួនាទីដឹកនាំរបស់គណបក្សប្រជាជនបានទេ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការលើកឡើងរបស់សម្តេចគឺមានលក្ខណៈជាប្រវត្តិសាស្ត្រជាមេរៀនដែលកូនខ្មែរត្រូវចងចាំ និងត្រូវយល់ពីសារៈសំខាន់នៃសន្តិភាពដែលជាមូលដ្ឋាននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។
ប្រជាពលរដ្ឋនៅក្នុងរាជធានី ១ រូប អ្នកស្រី ហៀង សុខា អាយុ ៧៥ ឆ្នាំ បានថ្លែងដែរថា ការរំឭកពីព្រឹត្តិការណ៍ទាំងនេះរបស់លោក ហ៊ុន សែន ក៏ជាការមួយល្អសម្រាប់ក្មេងៗជំនាន់ក្រោយដែរ ជាពិសេសទាក់ទងនឹងសង្គ្រាម និងចៀសវាងកុំឱ្យកើតមានម្តងទៀត។
អ្នកស្រីបានបញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ក៏ដូចជាអ្នកដែលបានឆ្លងកាត់សម័យសង្គ្រាម គឺខ្ញុំមិនចង់រំឭកឡើងវិញទេនូវព្រឹត្តិការណ៍សង្គ្រាម ដោយសារវាឈឺចាប់ពេក។ ខ្ញុំបាត់បង់ឪពុកក្នុងសម័យនោះ ដោយសារតែការអត់ឃ្លាន រស់ដោយការស្រេកឃ្លាន»។
ប៉ុន្តែអ្នកស្រី ហៀង សុខា ក៏បានសាទរ និងបង្ហាញការពេញចិត្តផងដែរថា អ្នកស្រីសប្បាយចិត្តដោយអាចបន្តរស់រានមានជីវិតបានមកឃើញប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃ ហើយអ្នកស្រីមិនប្រាថ្នាឱ្យកូនៗ និងក្មេងៗដទៃទៀតជួបប្រទះនឹងភ្លើងសង្គ្រាមដូចជំនាន់អ្នកស្រីឡើយ៕