ភ្នំពេញៈ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានប្រាប់ឱ្យដឹងថា នៅដើមឆ្នាំ ២០២៤ នេះ មេសុនខ ហិតមីនចំនួន ២ ក្បាល បានបង្កើតកូន ១៧ ក្បាល ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាមានសុនខដែលមានជំនាញស្វែងរកមីនមានជិត ៣០០ ក្បាល។
លោក រតនា ថ្លែងថា កូនសុនខទាំងនោះអាចក្លាយជាអ្នកបន្តវេនសុនខហិតមីនផងដែរ។ កូនសុនខអាយុក្រោម ៦ ខែ មានចំនួនជិត ១០០ ក្បាល និងសុនខដែលមានជំនាញស្វែងរកមីនមានចំនួនសរុបជិត ៣០០ ក្បាល ដែលមានទាំងកំពុងប្រតិបត្តិការ និងមានទាំងកំពុងទទួលការហ្វឹកហាត់ ដើម្បីឱ្យក្លាយជាសុនខ ដែលមានជំនាញស្វែងរកមីនបន្ថែមទៀត។
លោកថ្លែងថា៖ «នៅចំពោះមុខនេះ សុនខចំនួនជិត ៣០០ ក្បាលហ្នឹង វាមិនទាន់ជាចំនួនដែលគ្រប់គ្រាន់នៅឡើយទេ អ៊ីចឹងបានជាយើងខិតខំពង្រីកកម្លាំងនេះ ពីព្រោះយើងដឹងថា ការងាររបស់សុនខ មិនមែនតែសម្រាប់ការងារហិតមីនទេ សុនខខ្លះក៏វាមានជំនាញផ្សេងដែរ»។
លោកថា បណ្ដាប្រទេសដៃគូមួយចំនួន ក៏បាននាំយកសុនខរបស់កម្ពុជាដែលមានជំនាញស្វែងរកមីនទៅតាមបណ្ដាព្រំដែនដូចជា ប្រទេសស៊ីរី និងប្រទេសអ្រាហ្វិកកណ្ដាលជាដើម ដែលជាហេតុធ្វើឱ្យតម្រូវការសុនខមានការកើនឡើង។ កន្លងមកធ្លាប់តែកម្ពុជា បាននាំយកសុនខហិតមីន ដោយការទិញ ឬសុំមកពីប្រទេសដទៃសម្រាប់ផ្គត់ផ្គង់ និងប្រើប្រាស់ ដើម្បីស្រាវជ្រាវស្វែងរកមីន និងហិតមីននៅក្នុងប្រទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា គឺអាចមានសមត្ថភាពផលិតកូន និងផ្គត់ផ្គង់សុនខដែលមានជំនាញហិតមីនផ្តល់ទៅឱ្យប្រទេសដទៃទៀតបាន។
លោក ហេង រតនា បានឱ្យដឹងទៀតថា សុនខហិតមីន បាននិងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការងាររំដោះផ្ទៃដីដែលមានមីននៅក្នុងប្រទេសហើយជួយបង្កើនល្បឿនក្នុងការងារបោសសម្អាតមីន។
លោកថ្លែងថា៖ «យើងធ្វើសមាហរណកម្មទាំងឧបករណ៍រាវរកជាតិផ្ទុះ និងរាវរកជាតិដែក ក៏ដូចជាសុនខហិតរកមីននេះ គឺវាធ្វើឱ្យការងារបោសសម្អាតមីនរបស់យើងកាន់តែលឿន»។ ក្រៅពីហិតមីន ពួកវាបានចូលរួមជាមួយសមត្ថកិច្ច ក្នុងការស្រាវជ្រាវរកសារធាតុញៀន និងរកជនសង្ស័យជាដើម។ នេះបើតាមលោក ហេង រតនា បន្ថែម៕