​ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​​ ២ ខែមករា ឆ្នាំ​ ២០២៤ បានបង្ហាញ​ពី​ឈ្មោះ​ទី​ភ្នា​ក់​ងារ​ជ្រើសរើស​ពលករ​ចំនួន​ ៤១៩​ ក្រុម​​ហ៊ុន ដែល​ទទួលបាន​ការអនុញ្ញាត​ក្នុងការ​ជ្រើសរើស​បណ្តុះបណ្តាល និង​បញ្ជូន ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​រួមមាន ជប៉ុន ថៃ ម៉ាឡេស៊ី កាតា កូ​វ៉ែត សិង្ហ​បុរី ហុងកុង​និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។​


​យោងតាម សេចក្តីជូនដំណឹង​ស្តីពី​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ដែល​បានទទួល​ការអនុញ្ញាតឱ្យ​ធ្វើការ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអ៊ូឌីត ចុះ​ថ្ងៃទី ​២៦ ខែធ្នូ ឆ្នាំ ២០២៣​ ឱ្យដឹងថា​៖ «​រាល់​ទីភ្នាក់ងារ​ជ្រើស​រើស​ឯកជន​ទាំងឡាយណា​ដែល​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ គឺ​ចាត់ទុកថា ជាទី​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​ខុសច្បាប់​។ ដូច្នេះ​សូម​សាធារណជន​រាយការណ៍​ជាបន្ទាន់ មក​ទូរស័ព្ទ​លេខ ០១៥ ៧៨៦ ៩៨៨ និង​ទំនាក់ទំនង​មន្ទីរ​ការងារ ទាំង ​២៥ រាជធានី ខេត្ត នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​ពិនិត្យមើល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែលមាន​នៅក្នុង​គេហទំព័រ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ www.mlvt.gov.kh»​។​

​លោកស្រី រាជ សំណាង អគ្គនាយិកា ក្រុមហ៊ុន អ៊ែ​ក​ស៊​ល អេ​ស៊ា យូ​មេន​រី​ស​សស៍​ (AAHR) ដែលជា​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ស្របច្បាប់​មួយ​ក្នុងចំណោម​ជាង ​៤០០ ​ក្រុមហ៊ុន​នេះ បាន​ប្រាប់​ឱ្យដឹងថា ក្រុមហ៊ុន​លោកស្រី មានបទពិសោធន៍​ក្នុង​ការបញ្ជូន​កម្មសិក្សា​ការី ទៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ជាង​ ១០​ ឆ្នាំ​មកហើយ ដោយ​កម្មសិក្សាការី​ម្នាក់​អាច​ចំណាយ​ចន្លោះ​ពី​ ១ ៥០០ ​ដុល្លារ ទៅ​ ៣ ៧០០​ ដុល្លារ អាស្រ័យទៅលើ​ពេលវេលា​បណ្តុះបណ្តាល​។​


​កម្មសិក្សាការី ដែល​ក្រុមហ៊ុន​បញ្ជូនទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ក្រៅពី​ទទួលបាន​ប្រាក់បៀវត្ស​រ៍ហើយ ក៏​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ជាប់​ខ្លួន ដែល​អាចយ​មកប្រើប្រាស់​បាន នៅពេល​ពួកគេ​ត្រឡប់មក​ស្រុកកំណើត​វិញ​។​

​លោកស្រី ​រាជ សំណាង បញ្ជាក់ថា​៖ «​អ្វីដែល​ពិសេស​មួយទៀត​ក្រៅពី​ចំណេះ​ជំនាញ​លើ​ការងារ​ដែល​គាត់​បាន​បម្រើ​ការ​នៅ​ប្រទេស​ជប៉ុន គាត់​ក៏​ទទួលបាន​ចំណេះដឹង​ភាសា​ជប៉ុន​មួយទៀត​យ៉ាង​ស្ទាត់ជំនាញ ដោយពេល​ត្រឡប់មក​ស្រុក​ខ្មែរ​គាត់​អាចធ្វើ​ការងារ​នៅតាម​ក្រុមហ៊ុន​ជប៉ុន​នានា​ដែល​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​»​។​


​ចំណែក លោក សុខ លាភ ប្រធាន​ទីភ្នាក់ងារ​សុខ លាភ មេត្រី ដែលមាន​សិទ្ធិ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅធ្វើ​ការ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ពលករ​ដែលមាន​ឱកាស​ចេញទៅ​បម្រើ​ការងារ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ទទួលបាន​ប្រាក់ខែ​ខ្ពស់​និង​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ទទួលបាន​ឱកាស​ចេញទៅ​បម្រើ​ការងារ​នៅក្រៅ​ប្រទេស បងប្អូន​យើង​គួរ​ជ្រើស​រើសយក​ក្រុមហ៊ុន​ស្របច្បាប់ មានការ​ទទួលស្គាល់​ពី​ក្រសួង​ការ​​ងារ ចៀសវាង​ទៅតាម​មេខ្យល់​ខុសច្បាប់ ចាញ់បោក​គេ​។ ដូច្នេះ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​យើង​ព្យាយាម​ទាក់ទង​ក្រុម​ហ៊ុន​ណា ដែល​ស្របច្បាប់ និង​មានបទពិសោធន៍​នាំចេញ​ពលករ​ទៅ​ក្រៅប្រទេស ចៀសវាង​កើតមាន​បញ្ហា​ណាមួយ​»​។​

​បើតាម​ក្រសួង​ការងារ កម្ពុជា​បាន​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ទទួល ដោយ​ពង្រីក​ឱកាស​ការងារ​បន្ថែ​មជូ​ន​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​ប្រមាណ​​ ១,៣​​ លាន​នាក់​និង​បាន​ប្រាក់​បញ្ញើ​បញ្ជូនមក​ប្រទេស​វិញ​ប្រមាណ​ ២,៧ ពាន់​លាន​ដុល្លារ ក្នុង​ ១​ ឆ្នាំ​។​

​ជាមួយគ្នា​នោះ ក្រសួង​ក៏បាន​បង្កើន​ការការពារ​ពលករ​ទេស​ន្ត​រ​ប្រវេសន៍ ដោយបាន​ពង្រឹង​សេវា​អនុព័ន្ធ​ការងារ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ព្រមទាំង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស តាម​បណ្តា​ប្រទេស​គោលដៅ​,​បន្ត​ពង្រឹង​យន្ត​ការចុះ​ត្រួតពិនិត្យ​និង​ធ្វើ​អធិការកិច្ច​ការងារ​ទី​ភ្នា​ក់​ងារ​ជ្រើសរើស​ឯកជន​,​ផ្ដល់​ការគាំទ្រ និង​ភាពងាយស្រួល​ជូន​ពលករ​ពេលធ្វើ ការ​នៅក្រៅ​ប្រទេស តាមរយៈ​ការសម្រួល​បែបបទ​ឯកសារ​, ការ​គាំពារ​តាមផ្លូវ​ច្បាប់​, អន្តរាគមន៍​សង្គ្រោះ​នៅពេល​មាន​ហា​​និ​ភ័យ​នានា​។ ក្រៅពីនេះ​ក្រសួង ក៏បាន​ជួយ​អន្តរាគមន៍​សម្របសម្រួល​ពលករ និង​ដោះស្រាយ​បញ្ហា​ទូទៅ​របស់​ពលករ​ជួប​ការលំបាក (២០១៨-២០២២)​ សរុប​បាន​ចំនួន​ ១៤ ៨៥១ ​ករណី​៕