សៀមរាប: លោក អ៊ួ​ន ស៊ី​ឡុ​ត ប្រធាន​សមាគម​គ្រាប់ស្វាយចន្ទី​កម្ពុជា​ឱ្យដឹងថា បច្ចុប្បន្ន​ជាង ៩០​ ​ភាគរយ​នៃ​គ្រាប់ស្វាយ​​ចន្ទី​ឆៅ​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​នាំ​ចេញទៅ​ប្រទេសជិតខាង​ដើម្បី​កែច្នៃ​បន្ត​។​


​នៅ​កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​គ្រាប់​​ស្វាយចន្ទី​ខ្នាតតូច និង​មធ្យម​ចំនួន ៣០ កន្លែង ភាគច្រើន​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ កំពង់ចាម និង​ព្រះវិហារ​។ ដើម្បី​បង្កើន​សមត្ថភាព​កែច្នៃ​ក្នុងស្រុក និង​សម្រេចបាន​គោលដៅ​ដែល​បានកំណត់​សម្រាប់​ឆ្នាំ ២០២៧ ដែល​ស្វែងរក​ការលើកកម្ពស់​កម្ពុជា​ទៅជា​ប្រទេស​ឈានមុខ​គេ​ក្នុង​វិស័យ​ដាំ​ដុះ កែច្នៃ និង​នាំចេញ វា​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា នឹង​ត្រូវការ​កន្លែង​កែច្នៃ​ទំហំ​មធ្យម​ចំនួន ៥០ ​បន្ថែមទៀត​។​

​ជា​ចំណែក​មួយ​ក្នុងការ​ជំរុញ​សម្រេច​គោលដៅ សិប្បកម្ម «​ភូមិ​ចន្ទី​» ស្ថិតនៅ​ក្នុងស្រុក​បន្ទាយ​ស្រី​ដ៏​ស្រស់ស្អាត ចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​បាន​បង្កើត​ទី​កន្លែង​កែច្នៃ​ស្វាយ​ចន្ទី និង​ការអភិវឌ្ឍ​សហគមន៍​។​


​បង្កើតឡើង​ដោយ​លោក ផល ភារ​ម្យ ក្នុង​ឆ្នាំ​ ២០២២ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​ដែល​ជំរុញ​ដោយ​សហគមន៍​នេះ​បានប្រែក្លាយ​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុងស្រុក​តូច​មួយ​ទៅជា​សិប្បកម្ម​រីកចម្រើន​ដែល​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលទៅក្នុង​ទីផ្សារ​នាំចេញ​ពិភពលោក​។ ដំណើរការ​នៃ «​ភូមិ​ស្វាយចន្ទី​» បានចាប់ផ្តើម​ដោយ​កិច្ចសហការ​រវាង​លោក​ភារ​ម្យ និង​កសិករ​ដាំ​ស្វាយចន្ទី​មកពី​ស្រុក​បន្ទាយស្រី និង​ស្រុក​ភ្នំ​គូលែន​។

ជាមួយគ្នានេះ​លោក​បានចាប់ផ្ដើម​ដំណើរការ​យ៉ាង​យកចិត្ត​​ទុកដាក់​ក្នុងការ​កែច្នៃ​គ្រាប់ស្វាយចន្ទី ដោយ​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ចំនួន​ ៦ ​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​។ លោក ភារ​ម្យ ដំបូង​ឡើយ​ធ្វើការ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តំបន់​អង្គរ ខេត្តសៀមរាប ក្រោយ​បញ្ចប់​ការសិក្សា​។​


​លោក​និយាយថា​៖​ «​ចំពោះ​គុណភាព​គ្រាប់ស្វាយចន្ទី​ខ្មែរ យើង​ទិញ​ពី​ប្រជា​កសិករ​ភ្លាមៗ និង​ធ្វើការ​កែច្នៃ​ភ្លាមៗ​។ យើង​ចង់ឱ្យ​ផលិតផល​ល្អ និង​ថ្មី បាន​ដល់ដៃ​អតិថិជន​ក្ដៅៗ ដោយ​មិនចាំបាច់​រង់ចាំ​ដល់​ប្រជាកសិករ​លក់​ចេញទៅ​ក្រៅប្រទេស រួច​យក​ផលិតផល​សម្រេច​មក​ល​ក់​ក្នុងស្រុក​វិញ​»​។ អ្វីដែល​ធ្វើឱ្យ «​ភូមិ​ស្វាយចន្ទី​» មាន​ភាព​វិសេស គឺ​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន ក្នុងការ​រក្សា​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​សហគមន៍​មូលដ្ឋាន ជាជាង​ការលក់​វត្ថុធាតុដើម​ទៅឱ្យ​ឈ្មួញ​បរទេស​។​

​លោក​ ភារ​ម្យ ដែល​មកពី​ខេត្តបាត់ដំបង ជឿជាក់ថា តាមរយៈ​ដំណើរការ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុងស្រុក កម្ពុជា​រក្សាបាន​តម្លៃ​នៃ​ដំណាំ​ស្វាយចន្ទី​របស់ខ្លួន និង​ធានា​ផលិតផល​គុណភាព​ខ្ពស់​ទៅដល់​អ្នកប្រើប្រាស់​ភ្លាមៗ​។ ដំណើរការ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​ភូមិ​ស្វាយចន្ទី​មាន​ដំណាក់កាល​ជាច្រើន ចាប់ពី​កា​រស​ម្ងួ​ត និង​ចំហុយ រហូតដល់​ការ​បកសម្បក និង​លីង​។

លោក​និយាយថា​៖ «​ខ្ញុំ​ចង់​ជួយ​កសិករ​ដាំ​ស្វាយចន្ទី មាន​សិប្បកម្ម ឬ​រោង​ចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី ក្នុង​សហគមន៍​របស់​ពួកគេ​នៅ​ស្រុក​បន្ទាយស្រី ក្រៅពី​ការផលិត​ស្ករត្នោត និង​ធ្វើស្រែ​»​។​

​លោក ភារ​ម្យ បាន​អះអាងថា លោក​បាន​ទិញ​កសិផល​ស្វាយចន្ទី​ក្នុងតម្លៃ​ខ្ពស់ជាង​ទីផ្សារ​។ ជាក់ស្ដែង លោក​បានផ្ដល់​តម្លៃ​ខ្ពស់ជាង​ទីផ្សារ ៥០ ​ដុល្លារ​ក្នុង​បរិមាណ​ស្វាយចន្ទី ១ ​តោន​។ ទិដ្ឋភាព​ដ៏​គួរឱ្យកត់សម្គាល់​បំផុត​មួយ​នៃ​ការវិវឌ្ឍ​របស់​ភូមិ​ស្វាយចន្ទី គឺ​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​សហគមន៍​។

ផលិតផលសិប្បកម្ម «​ភូមិ​ចន្ទី​» និងគ្រាប់ស្វាយចន្ទី។ រូបថត ​ភូមិ​ចន្ទី

ក្រៅពី​ការទិញ​គ្រាប់ស្វាយចន្ទី គំនិត​ផ្តួចផ្តើម​ផ្តល់​ការ​បណ្តុះបណ្តាល​យ៉ាង​ទូលំទូលាយ​លើ​ការដាំដុះ​ស្វាយចន្ទី ការថែទាំ ការ​កាត់​ចេញ និង​ការប្រើប្រាស់​ជី ដែលជា​ហេតុ​ផ្តល់​សិទ្ធិអំណាច​ដល់​កសិករ​ក្នុងស្រុក​នូវ​ចំណេះដឹង និង​ជំនាញ​ចាំបាច់ ដើម្បី​បង្កើន​ការអនុវត្ត​កសិកម្ម​របស់​ពួកគេ​។​

​ដោយ​អះអាងថា គ្រាប់ស្វាយចន្ទី​កែច្នៃ​ពី​ភូមិ​ស្វាយចន្ទី ទទួលបាន​អតិថិជន​ជាទី​ពេញចិត្ត ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក លោក ភារ​ម្យ បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​បាន​ដាក់តាំង​បង្ហាញ​ផលិតផល​គ្រាប់ស្វាយចន្ទី​របស់​សហ​គម​ន៍​បន្ទាយ​​ស្រី និង​ភ្នំ​គូលែន​ក្នុងការ​តាំងពិព័រណ៍​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។ អតិថិជន​ក្នុងប្រទេស​ទាំង ​២ ​បង្ហាញ​ការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គ្រាប់​ស្វាយចន្ទី​ដែលមាន​ស្បែក​ក្រហម​»​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​មិន​ត្រឹមតែ​ជំរុញ​ប្រាក់ចំណូល​របស់​សហគម​ន៍​មូល​ដ្ឋា​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ណែនាំ​ផលិតផល​កម្ពុជា​ទៅកាន់​អតិថិជន​ទូទាំង​ពិភពលោក​ទៀតផង​។​

​ទោះជា​យ៉ាងនេះ​ក្តី បញ្ហា​ប្រឈម​នៅតែ​បន្ត​កើតមាន ជា​ចម្បង​នៅក្នុង​ទម្រង់​នៃ​ផលិតផល​របស់​វៀតណាម ដែល​នាំ​ចូលមក​ទីផ្សារ​កម្ពុជា ជាមួយនឹង​គ្រាប់​ស្វាយចន្ទី​ថោក និង​គុណភាព​ទាប​។​

​យ៉ាងណាមិញ នៅតែ​ប្រកាន់ខ្ជាប់​បេសកកម្ម​របស់ខ្លួន ដើម្បី​ដណ្តើម​ជើង​ឯក​គុណភាព និង​សារៈសំខាន់​សេដ្ឋកិច្ច​នៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា​។ ការជួប​ជា​មួយ​ជនបរទេស​ដែល​ចាប់អារម្មណ៍​លើ​គ្រាប់ស្វាយចន្ទី​កម្ពុជា បាន​ជំរុញ​ឱ្យ​លោក​ចាប់អារម្មណ៍​ជា​យូរ​មកហើយ​ជាមួយ​ឧស្សាហ​កម្មនេះ​។​

​ដំណើរ​នៃ​ភូមិ​ស្វាយចន្ទី បានទទួល​ការគាំទ្រ​ពី​អង្គការ​នានា រួមមាន UNDP Cambodia និង USAID ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្តល់ជំនួយ ចំណេះដឹង និង​ធនធាន​សម្រាប់​ការបង្កើត និង​រីកចម្រើន​។

លោក ភារ​ម្យ បាន​បន្តថា​៖ «​កាលពីមុន យើង​ផលិត​បានតែ​ ២ ទៅ ៣ ​តោន​ក្នុង ១​ ថ្ងៃ ហើយ​ឥឡូវ​ផលិត​បាន​ចន្លោះ​ពី ​១៥ ទៅ ២០ ​តោន សម្រាប់​សិប្បកម្ម​របស់​យើង​»​។

លោក​រៀបរាប់ថា ក្នុង ១ ​រដូវ​នេះ លោក​ទិញ​គ្រាប់ស្វាយ​​ចន្ទី​ចន្លោះ​ពី​ ៥០​ ទៅ​ ១០០​ តោន​ពី​កសិករ ១០​ នាក់​ក្នុងចំណោម​កសិករ​រាប់រយ​នាក់​។ ចំណុច​សំខាន់​មួយ​នៃ​ភូមិ​ស្វាយចន្ទី គឺ​ការ​​កែច្នៃ​គ្រាប់ស្វាយចន្ទី​ប្រភេទ M23 ដែល​ត្រូវបាន​គេ​ស្គាល់​ថា មាន​ទំហំ​ធំ និង​រស​ជាតិ​ឆ្ងាញ់​ជាង បើ​ធៀប​នឹង​គ្រាប់ស្វាយ​​ចន្ទី​ធម្មតា​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា ពូជ M23 មាន​សក្តានុពល​ក្នុងការ​ប្រមូល​ផល​ធំ​ជាង និង​មាន​ភាព​ធន់​នឹង​អាកាសធាតុ​កាន់តែ​ប្រសើរ ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម​ ២​ តោន​ក្នុង​ ១ ​ហិកតា​។ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី​ដូចជា​ភូមិ​ស្វាយចន្ទី មិន​ត្រឹមតែ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​អ្នកស្រុក​ប៉ុណ្ណោះ​ទេ ថែមទាំង​លើកស្ទួយ​មុខមាត់​ដល់​ស្រុក​បន្ទាយស្រី និង​ស្រុក​ភ្នំ​គូលែន ជា​តំបន់​សំខាន់​សម្រាប់​ដាំ និង​កែច្នៃ​គ្រាប់ស្វាយចន្ទី​។ ជាមួយនឹង​ការពង្រីក​ទីផ្សារ ភូមិ​ស្វាយចន្ទី​គ្រោង​នឹង​ទិញ​គ្រាប់ស្វាយចន្ទី​បន្ថែមទៀត​ពី​សហគមន៍​នៅ​ឆ្នាំ​ខាងមុខ​។​

​លោក ហឿ និ​ត អាយុ​ ៤៥ ​ឆ្នាំ ជា​កសិករ​ដាំ​ស្វាយចន្ទី​នៅ​ស្រុក​បន្ទាយស្រី លើ​ផ្ទៃដី​ជាប់កិច្ចសន្យា ៥០​ ហិកតា បានឱ្យដឹងថា គ្រាប់ស្វាយចន្ទី​នៅ​តំបន់​នេះ​ពិត​ជា​ល្អ​។ ដោយ​ចាប់ផ្ដើម​ដាំ​លើ​ផ្ទៃដី ២៥ ហិកតា កាលពី​ ៧ ​ឆ្នាំមុន លោក និ​ត បានធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ដី​ដោយ​លោក​ជា​អ្នក​ដាំ​ដុះ និង​ប្រមូល​ផល​ស្វាយចន្ទី​រយៈពេល ៤ ​ឆ្នាំ មុនពេល​ប្រគល់​ដំណាំ​ឱ្យ​ម្ចាស់​ដី​វិញ​។ ក្រោយពី​ផុត​រយៈពេល ៤​ ឆ្នាំ លោក​បន្ដ​ជួល​ម៉ៅ​ដំណាំ​ស្វាយចន្ទី​ពី​ម្ចាស់​ថ្មី និង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដោយ​ធ្វើ​កិច្ចសន្យា​ស្រដៀង​គ្នា​ជាមួយ​ម្ចាស់​ដី​ដទៃទៀត​រហូតដល់ ៥០​ ហិកតា​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​ដាក់​ស្វាយចន្ទី​ផង និង​ដំឡូង​ផង ដោយ​ឆ្នាំទៅ​មិញ ខ្ញុំ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​បាន​ប្រមាណ ៩០​ តោន ហើយ​ឆ្នាំនេះ ដែល​នឹង​ចាប់ផ្ដើម​ហុច​ផល​នៅ​ពាក់​​កណ្ដាលខែ​កុម្ភៈ អាចមាន​បរិមាណ​ច្រើនជាង ៩០ ​តោន ដោយសារ​ទិន្នផល​ឆ្នាំនេះ​ល្អ​»​។

លោក​បានឱ្យដឹងថា រដូវ​ប្រមូល​ផល​ដើមដៃ​ចាប់ពី​ខែកុម្ភៈ គ្រាប់ស្វាយ​ចន្ទី មានតម្លៃ ៦ ០០០ ​រៀល​ក្នុង ១​ គីឡូក្រាម ខណៈ​ពេញដៃ​តម្លៃ​អាច​ធ្លាក់​មក​ត្រឹម ៤ ០០០ ​រៀល​ប៉ុណ្ណោះ​។​

ផលិតផលសិប្បកម្ម «​ភូមិ​ចន្ទី​» តាំងផលិតផលលក់នៅប្រទេសកូរ៉េ កាលពីខែតុលា ឆ្នាំ ២០២៣។ រូបថត ​ភូមិ​ចន្ទី​

​ផលិតផល​គ្រាប់ស្វាយចន្ទី​លេខ​ ១ ​មួយចំនួន​របស់លោក ត្រូវបាន​លក់​ឱ្យ​សិប្បកម្ម​ភូមិ​ចន្ទី រយៈពេល​ ២ ​ឆ្នាំ​ចុង​​ក្រោយនេះ ហើយ​សល់​ប៉ុន្មាន​ឈ្មួញ ជា​កូនកញ្ច្រែង​វៀតណាម​ប្រមូល​ទិញ​ទាំង​​អស់​។ ដោយសារ​កម្ពុជា​នៅតែ​ជា​ប្រទេស​ផលិត​គ្រាប់ស្វាយចន្ទី​ដ៏​សំខាន់ វា​ជា​កត្តា​សំខាន់​ក្នុងការ​ស្វែងរក​ឱកាស​សម្រាប់​ការកែច្នៃ និង​នាំចេញ​ក្នុងស្រុក​។​

​ក្នុង​ពិធី​ដំណើរ​ទស្សនកិច្ច​នៅតាម​ចម្ការ​ស្វាយចន្ទី​កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា កញ្ញា អ៊ឹ​ម រចនា អ្នកនាំពាក្យ​ក្រសួង​កសិកម្ម បានលើកឡើង​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​ក្នុង​ការជំរុញ​ផលិតកម្ម​ស្របតាម «​គោលនយោបាយ​ជាតិ​គ្រាប់ស្វាយចន្ទី​ឆ្នាំ​ ​២០២២-២០២៧»​។ គោលនយោបាយ​នេះ​បង្កើត​ដោយ​ក្រសួងពាណិជ្ជកម្ម មាន​គោលបំណង​បង្កើត​ប្រទេស​កម្ពុជា​ជា «​អធិរាជ​​ស្វាយចន្ទី​»​។​

​យោងតាម​សមាគម​គ្រាប់ស្វាយចន្ទី​កម្ពុជា (CAC) កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ជាង ៦០​ ម៉ឺន​តោន​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​រយៈពេល ​១០ ខែ នៃ​ឆ្នាំ​ ២០២៣ ហើយ​តិចជាង ៥ ភាគរយ​នៃ​បរិមាណ​ទាំងនេះ ត្រូវបាន​កែច្នៃ​ក្នុងស្រុក​៕