​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​ (AFD) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក គឺ​ចំនួន ២១៥​ លាន​អឺរ៉ូ ដែល​ស្មើនឹង​ប្រមាណ ​២៣៥​ លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់ៗ​ចំនួន ​៣ គឺ​វិស័យ​ទឹកស្អាត ថាមពល និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។


ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​(AFD) កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៤ នៅឯ​ទីក្រុង​ប៉ារីស ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បារាំង​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។

សេចក្តីប្រកាស​ព័ត៌មាន​រួម បាន​គូសបញ្ជាក់ថា​៖​​«​ហិរញ្ញប្បទាន​ទាំងនេះ នឹង​ជួយ​ទ្រទ្រង់​ការផ្លាស់ប្តូរ​របស់​កម្ពុ​ជា​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ដែលមាន​លក្ខណៈ​លូតលាស់​ប្រកបដោយ​បរិ​យាប​ន្ន និង​ចីរភាព ក្នុង​វិស័យ​អាទិភាព​ចំនួន​៣ ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​»​។


ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើ លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បានលើកឡើង​អំពី​ទំនាក់ទំនង​ទ្វេភាគី​ប្រកបដោយ​ចីរភាព និង​រឹងមាំ ធ្វើឡើង​ដោយ​ទីភ្នាក់ងារ AFD ជាច្រើន​ឆ្នាំកន្លងមក​។

លោក​បាន​បញ្ជាក់ថា​៖«​ក្នុងពេលដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ដំណាក់កាល​ដំបូងៗ​នៃ​ការអភិវឌ្ឍ យើង​កំពុងស្ថិត​លើ​មាគ៌ា​មួយ​ដ៏​ល្អប្រសើរ ដើម្បី​ធ្វើការ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត ថាមពល និង​ការអភិវឌ្ឍ​មនុស្ស​។ បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ​អាច​ត្រូវបាន​ដោះស្រាយ ដើម្បី​ផ្តល់​ផល​វិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​យើង​។ ដោយមាន​ការគាំទ្រ​រឹងមាំ​ពី​ទីភ្នាក់ងារ AFD សេដ្ឋកិច្ចកម្ពុជា​កំពុង​ត្រូវបាន​ពង្រឹង បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​សកល ហើយ​បន្ត​ឆ្ពោះទៅមុខ​ដើម្បី​សម្រេចបាន​ជោគជ័យ​ថ្មីៗ​ទៀត​»​។


លោក​បន្ថែមថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​បន្ត​ផ្តល់​ការគាំទ្រ​យ៉ាងសកម្ម​ដល់​វិស័យ​អាទិភាព​នៃ​ការអភិវឌ្ឍ ជាពិសេស​ឧស្សាហកម្ម​នុ​វា​នុ​វត្ត​ន៍ ឌីជីថល និង​បច្ចេកវិទ្យា​ខ្ពស់ ដែល​តម្រូវឱ្យ​មានការ​បង្កើត​ថ្មី ឬ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ហើយ​ទាក់ទាញ​ការវិនិយោគ​ពី​វិស័យ​ឯកជន​នៅ​កម្ពុជា​។ លោក​បង្ហើប​ថា កម្ពុជា​ចង់ឃើញ​កិច្ចសហការ​ថ្មីៗ​លេចចេញ​ជា​រូបរាង​ឡើង ដើម្បី​បង្កើត​បរិស្ថាន​ជីវិត​មួយ​ដ៏​ខ្លាំងក្លា រឹងមាំ និង​ប្រកបដោយ​គុណភាព​សម្រាប់​ប្រជាពលរដ្ឋ​។

ជាមួយគ្នា​នោះដែរ លោកស្រី Marie-Hélène Loison អគ្គនាយិកា​រង​ទីភ្នាក់ងារ AFD បានប្រកាសថា ក្នុងឱកាស​នៃ​ខួប​៣០​ឆ្នាំ​របស់​ទីភ្នាក់ងារ AFD នៅ​កម្ពុជា គម្រោង​ទាំង​៣​នេះ​គឺជា​ដំណាក់កាល​ថ្មី​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ដោយ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ឆន្ទៈ​របស់​ទីភ្នាក់ងារ AFD ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព និង​មាន​ភាព​ធន់​ជាមួយ​អាកាសធាតុ ក៏ដូចជា​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។

លោកស្រី​បាន​បញ្ជាក់ថា​៖«​នៅ​ឆ្នាំ​២០២៤ ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​នឹង​បន្តសកម្មភាព​របស់ខ្លួន​នៅក្នុង​វិស័យ​ថាមពល ទឹក ទឹកស្អាត ធនធានមនុស្ស និង​ការអភិវឌ្ឍ​ជនបទ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

សូមបញ្ជាក់ថា ហិរញ្ញប្បទាន ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍​(AFD) ក្នុង​វិស័យ​ទឹកស្អាត គឺ​ក្នុង​ចំនួន​១២០​លាន​អឺរ៉ូ ឬ​ប្រមាណ​១៣១​លាន​ដុល្លារ នឹង​អនុញ្ញាត​ឱ្យមាន​ការចាប់​ផ្តើម​ដំណាក់កាល​ទី​៣​នៃ​រោងចក្រ​ចម្រោះ​ទឹកស្អាត​បាក់​ខែង ដែល​គ្រប់គ្រង​ដោយ  រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ ជាមួយ​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​សរុប​៦០០ ០០០​ម៉ែត្រគុប​ក្នុង​មួយថ្ងៃ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​នេះ​នឹង​ក្លាយទៅជា​រោងចក្រ​ផលិត​ទឹកស្អាត​ធំ​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ ហើយក៏​ជា​ស្ថានីយ​កម្រិត​ពិភពលោក​មួយ​ផងដែរ លើ​ផ្នែក​គុណភាព​នៃ​សំណង់ បច្ចេកវិទ្យា ប្រសិទ្ធភាព​ថាមពល និង គុណភាព​ទឹក​ដែល​ត្រូវបាន​ផលិត​។

ប្រភព​ដដែល​បញ្ជាក់ទៀតថា​៖«​សមត្ថភាព​នេះ​នឹង​ឆ្លើយតប​ជាមួយ​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​ការដែល​ចេះតែ​កើន​ឡើងជា​លំដាប់​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​សហគ្រាស​នានា​នៅ​រាជធានី​ភ្នំពេញ និង​តាម​តំបន់​ជាយ​រាជធានី​។ ការផ្តល់​ហិរញ្ញប្បទាន​បន្ថែម​របស់​ទីភ្នាក់ងារ AFD ដែលមាន​ចំនួន​៨០​លាន​អឺរ៉ូ គ្រោង​ធ្វើឡើង​សម្រាប់​ឆ្នាំ​២០២៤ ដើម្បី​បង្កើន ជួសជុល និង​ពង្រីក​បណ្តាញ​បញ្ជូន និង​ចែកចាយ​ទឹកស្អាត​»​។

ចំណែក​នៅក្នុង​វិស័យ​ថាមពល​វិញ ហិរញ្ញប្បទាន​ក្រោមរូបភាព​ជា​កម្ចី​របស់ AFD ចំនួន​៧០​លាន​អឺរ៉ូ (​ប្រមាណ​៧៨​លាន​ដុល្លារ​) នឹង​អនុញ្ញាតឱ្យ​អគ្គិសនី​កម្ពុជា​បង្កើន​ទំនុកចិត្ត និង​ប្រសិទ្ធភាព​បណ្តាញ​បញ្ជូន​អគ្គិសនី តាមរយៈ​ការដាក់​ពង្រាយ​អនុ​ស្ថានីយ​ឌីជីថល​ទីមួយ​នៅ​កម្ពុជា​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា​៖«​ស្របតាម​គោលដៅ​ជាតិ​ក្នុង​ការបង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន​៧០%​ក្នុង​ឆ្នាំ​២០៣០ គម្រោង​នេះ​នឹង​ធ្វើឱ្យ​អគ្គិសនី​កម្ពុ​ជាមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ស្តុក​ថាមពល (៧៥​មេ​ហ្កា​វ៉ា​ត់​ម៉ោង គឺ​ស្ថិត​ក្នុងចំណោម​សមត្ថភាព​ស្តិ​ក​ថាមពល​ខ្ពស់បំផុត​ក្នុង​តំបន់​) ដើម្បី​ព​ន្លឿ​ន​សមាហរណកម្ម​ប្រភព​ថាមពល​កកើត​ឡើងវិញ ដូចជា​ថាមពលព្រះអាទិត្យ និង​ថាមពលខ្យល់​។ ក្នុងន័យនេះ បណ្តាញ​អគ្គិសនី​ជាតិ​របស់​កម្ពុជា​នឹង​កាន់តែ​ការពារ​បរិស្ថាន​និង​ធ្វើឱ្យ​អ្នកប្រើប្រាស់​កាន់តែ​មាន​ទំនុកចិត្ត​»​។

ដោយឡែក ក្នុង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វិញ ហិរញ្ញប្បទាន​ក្រោមរូបភាព​ជា​កម្ចី​របស់​ទីភ្នាក់ងារ AFD ចំនួន​២៥​លាន​អឺរ៉ូ (២៧​លាន​ដុល្លារ​) ដែល​បន្ថែម​លើ​ប្រាក់​៨០​លាន​ដុល្លារ​ផ្តល់​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​អនុញ្ញាត​ឱ្យមាន​ការពង្រឹង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​មួយ តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស និង​គាំទ្រ​ដល់​ការ​ប្រែក្លាយ​សេដ្ឋកិច្ចកម្ពុជា​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ដែល​ផ្តោតលើ​ឧស្សាហកម្ម គាំទ្រ​ដោយ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។ ការផ្តល់​ហិញ្ញ​ប្ប​ទាន​នេះ​នឹង​ជួយ​ដល់​ការបណ្តុះបណ្តាល ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ទទួលបាន​ការងារ​នៅពេល​អនាគត ជាពិសេស​ក្នុង​វិស័យ​ការងារ​បៃតង និង​មុខ​អាជីព​ឌីជីថល ក្នុង​ក្របខ័ណ្ឌ​នៃ​គម្រោង Global Gatway របស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ដែលមាន​ឈ្មោះថា «​ភាពជា​ដៃគូ​ដើម្បី​ការអប់រំ​សម្រាប់​ការងារ​បៃតង និង​ឌីជីថល​»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​៕​