កម្ពុជា និង​សាធារណរដ្ឋ​អ៊ូ​ហ្គ​ង់​ដា បាន​ឯកភាពគ្នា​ក្នុង​ការឈាន​ឆ្ពោះទៅ​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជារួម និង​ដោយឡែក​ទៅលើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​អប់រំ យុវជន និង​កីឡា ខណៈ​ភាគី​ទាំង ​២ កំពុង​ប្រឹងប្រែង​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​។


ការឯកភាព​លើ​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​រវាង​លោក ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក Tete António រដ្ឋមន្ត្រីការបរទេស អង់​ហ្គោ​ឡា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​នៃ​សហគមន៍​អភិវឌ្ឍន៍​អាហ្វ្រិក​ខាងត្បូង កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ ២០២៤ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល 19th NAM Summit នៅ​ទីក្រុង​កាំ​ប៉ា​ឡា សាធារណរដ្ឋ​អ៊ូ​ហ្គ​ង់​ដា​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅលើ​គណនី​តេ​ឡេ​ក្រាម​។

ជាមួយនេះដែរ លោក ហង់​ជួន ណា​រ៉ុ​ន ក្នុងនាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​អញ្ជើញលោក Tete António  ធ្វើ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​កម្ពុជា ដើម្បីឱ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ជិតស្និទ្ធ​លើ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែលមាន​សារៈសំខាន់​សម្រាប់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។


ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​នេះ លោក Tete António បាន​យល់ព្រម​នឹង​ការធ្វើ​ទស្សនកិច្ច​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​ខាងមុខ។

គួរ​ជម្រាប​ថា ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​អង់​ហ្គោ​ឡា បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​លើកដំបូង នា​ចុងឆ្នាំ​១៩៧៥ និង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាថ្មី​ឡើងវិញ​ក្នុង​ឆ្នាំ​១៩៧៩​រហូតមកទល់​បច្ចុប្បន្ន​។


ក្រសួង​អប់រំ​បាន​គូសបញ្ជាក់ថា​៖«​ភាគី​ទាំង​២ កំពុង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​បេសកកម្ម​មួយចំនួន​បន្ថែមទៀត ដូចជា ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា ការចុះ​អនុស្សរណៈ​យោគយល់ (MOU) ស្តីពី​ការពិគ្រោះ​យោបល់​នយោបាយ​រវាង​ប្រទេស​ទាំងពីរ កិច្ចព្រមព្រៀង​ស្តីពី​ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកកាន់ការ​ទូត និង​សេវា​/​លិខិតឆ្លងដែន​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ និង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច បច្ចេកទេស និង​ហិរញ្ញវត្ថុ​»៕​