កម្ពុជា​-​បារាំង បាន​ប្តេជ្ញា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង ដើម្បី​ជំរុញ​ការវិនិយោគ និង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ ខណៈដែល​ភាគី​ទាំង​​ ​២ ក៏បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស និង​លើកតម្កើង​បេតិកភណ្ឌ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​នៃ​កិច្ចសន្ទនា​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០២៤​។


ក្នុង​សេចក្តីថ្លែងការណ៍​រួម​នេះ បាន​គូសបញ្ជាក់ថា​៖«​បារាំង និង​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​សន្ទុះ​ថ្មី​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែធ្នូ ឆ្នាំ​២០២២ និង ព្រះរាជទស្សនកិច្ច​រប​ស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣»​។

ដោយ​ក្នុងនោះ ឥស្សរជន​ទាំង​ពីរបាន​អំពាវនាវ ឱ្យ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​បារាំង​និង​កម្ពុជា លើ​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន និង​ខំ​ស្វែងរក​ធ្វើ​ពិពិធ​កម្មវិស័យ​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។


ជាមួយគ្នានេះដែរ ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការពង្រឹង​ការវិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ និង​បាន​ប្ដេជ្ញា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​ជំរុញ​ការវិនិយោគ ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​

តាមរយៈ​កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ​រវាង​បារាំង និង​កម្ពុជា នេះដែរ ភាគី​ទាំង​២ ក៏បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ការពារជាតិ មាន​ជាអាទិ៍ ក្នុង​ក្របខ័ណ្ឌ​នៃ​ការហ្វឹកហ្វឺន​បោសសម្អាត​មីន​សម្រាប់​ទាហាន​កម្ពុជា ព្រមទាំង​ការ​បំប៉ន​ភាសា​បារាំង​ដល់​កង​រក្សា​សន្តិភាព​មួក​ខៀវ​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​។


សេចក្តីថ្លែងការណ៍​ដដែល​បាន​រំលេច​ទៀតថា​៖«​កិច្ចសហប្រតិបត្តិការ​នេះ​បង្ហាញឱ្យឃើញ​ពី​ការប្ដេជ្ញាចិត្ត​រួមគ្នា​ដ៏​ជាក់ស្ដែង ក្នុង​ប្រតិបត្តិការ​ដើម្បី​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ដូចដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការគាំទ្រ​របស់​កម្ពុជា​ក្នុងការ​បណ្តុះបណ្តាល​ដល់​អ្នកដោះមីន​អ៊ុយ​ក្រែ​ន ក្នុង​គោលបំណង​មនុស្សធម៌​"៕​