ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាសហគមន៍ក្នុងខេត្តចំនួន ២ ធ្វើកសិកម្មបែបទំនើប ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ ខណៈដែលក្រសួងនឹងផ្តល់ការគាំទ្របន្ថែមផ្នែកដើមទុន ការកសាងផែនការអាជីវកម្ម និងស្វែងរកទីផ្សារជាដើម។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ថា ថ្លែងដោយបានលើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ឱ្យធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនពួកគាត់។
លោកបានឱ្យដឹងថា៖«នៅអំឡុងពេលជួបជាមួយបងប្អូនប្រជាកសិករយើង ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ខ្ញុំបានជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងខេត្តនេះឱ្យងាកទៅរកការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស។សហគមន៍កសិកម្មទំនើបនេះ មានសារៈសំខាន់ណាស់ ដែលតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។ការស្ម័គ្រចិត្តរួមគ្នាចូលរួមក្នុងកម្មវិធីគោលនយោបាយកសិកម្មបែបទំនើបនេះ ទើបទទួលបានផលវិជ្ជមានខ្ពស់»។
លោក ឃឹម ហ្វីណង់ បានថ្លែងថា នៅក្នុងករណីប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុ ដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី ការគាំទ្រ ផ្តល់ជាអំណោយមូលធន (បើគម្រោងវិនិយោគជាប់នឹងទទួលបានអំណោយចំនួន ៤០ភាគរយ នៃដើមទុនវិនិយោគសរុប) និងជួយគាំទ្រស្វែងរកទីផ្សារជាដើម។
លោក ថ្លែងថា៖«ចំពោះដើមទុនវិនិយោគនេះ ក្រសួងកសិកម្ម បានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារវីងបានតម្កល់លុយ ៥លានដុល្លារ ទុកនៅក្រសួងសម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុងអត្រាការប្រាក់ទាប ចន្លោះពី៧ ទៅ៨ភាគរយ ក្នុង១ឆ្នាំ ហើយកម្ចីនេះមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ»។
លោកថ្លែងថា សហគមន៍កសិកម្មទំនើបផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ដោយក្រៅពីការគាំទ្រខាងផ្នែកដើមទុន និងហិរញ្ញវត្ថុ ក៏នៅមានអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាការកាត់បន្ថយថ្លៃដើមផលិតកម្ម ការគាំទ្រខាងផ្នែកបច្ចេកទេស ការជួយគាំទ្រខាងផ្នែកទីផ្សារ និងការកាត់បន្ថយពីហានិភ័យនៃបម្រែបម្រួលអាកាសធាតុជាដើម។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូពិក និងឡុងម៉េត ដែលដាំដុះ និងនាំចេញផលិតផល ចេកស្រស់ ស្វាយស្រស់ និងបន្ថែ ទៅក្រៅប្រទេស បានឱ្យដឹងដែរថា លក្ខណពិសេសរបស់សហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករ ជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់។
លោកបន្តថា ការតម្រូវបែបនេះ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង នៅលើទីផ្សារ ទាំងខាងផ្នែក បរិមាណ គុណភាព ថ្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោល គឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍ មុននឹងធ្វើការបែងចែកប្រាក់ចំណេញទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ។
លោក ហ៊ុន ឡាក់ បានបន្តថា ការបង្កើតសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាសហគមន៍រាជធានី-ខេត្ត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករនៅក្នុងសហគមន៍។
លោកបញ្ជាក់ថា ៖ «លើសពីនេះទៀត ការបង្កើតសហគមន៍កសិកម្មទំនើបនេះ គឺបានរួមចំណែកនិងផ្ដល់ផលប្រយោជន៍ ជាច្រើនដល់ប្រជាកសិករ ដោយក្នុងនោះកសិករទទួលបានដូចជា ការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយផលិតកម្មទំនើប ការពិភាក្សាយោបល់ និងការគ្រប់គ្រងមុខជំនាញ ទទួលបានឥណទានការប្រាក់ទាប សំដៅធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតកម្មឲ្យមានប្រសិទ្ធភាពខ្ពស់អាចប្រកួតប្រជែងនៅលើទីផ្សារនៃប្រទេសដទៃទៀតបាន»។
បើតាមក្រសួងកសិកម្ម ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានសហគមន៍កសិកម្មប្រមាណជា ១ ២៥១ ក្នុងនោះមានសមាជិកសរុប ១៧ម៉ឺននាក់។ ប៉ុន្តែ ចំណោមសហគមន៍សរុបទាំងអស់ សហគមន៍កសិកម្មរឹងមាំ គឺមានតែ ២១៧សហគមន៍ប៉ុណ្ណោះ។ សហគមន៍ទាំងអស់មានដើមទុនសរុប ២៦លានដុល្លារ បើគិតជាមធ្យមភាគ គឺមានតែ ២ម៉ឺនដុល្លារ ក្នុង១សហគមន៍។
ជាមួយគ្នានេះ នៅក្នុងដំណាក់កាលដំបូង នៃកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមរៀបចំសហគមន៍កសិកម្មទំនើប សម្រាប់ដំណាំយុទ្ធសាស្ត្រចំនួន ៤ ដែលរួមមាន បន្លែ ស្រូវ ស្វាយចន្ទី និងម្រេច៕