លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ ​២០២៤ បានធ្វើ​ពិធី​បើក​ការសាងសង់​សួនឧទ្យាន​ទន្លេ​ស្ងួត​លើ​ផ្ទៃដី ​១៤ ​ហិកតា ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ជា​គោលដៅ​តំបន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​អព្យាក្រឹត​កាបូន និង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។​


​ប្រភព​ដដែល​នេះ​បានឱ្យដឹងថា ក្នុង​ឧទ្យាន​ទន្លេ​ស្ងួត​នោះ គ្រោង​រៀបចំ​បង្កើតឱ្យមាន​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន ជា​ដំណាក់កាលៗ ដូចជា កន្លែង​ជិះ​ទោង​កម្សាន្ត លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៨ ៧៥០​ម៉ែត្រការ៉េ ដែល​គ្រោង​នឹង​សាងសង់​រួចរាល់ នៅមុន​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នាពេលខាងមុខ​។ លើសពីនេះ តំបន់​ទេសចរណ៍ធម្មជាតិ ដែលមាន​កន្លែង​លេង​កីឡា (​បាល់ទះ និង បាល់ទាត់​) កន្លែង​ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ទស្សនា​ទេសភាព កន្លែង​ស្ទូចត្រី កន្លែង​ចិញ្ចឹម​ត្រី និង​ប្រព័ន្ធធារាសាស្ត្រ សម្រាប់​បម្រើឱ្យ​ការស្រោចស្រព​ស្រែចម្ការ​ប្រជាពលរដ្ឋ​ផងដែរ​។ 

​លោក សុផល្លែត បាន​បញ្ជាក់ថា​៖«​ក្រុមការងារ​បាន​ជួយ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ជា​បន្តបន្ទាប់ ជាពិសេស រៀបចំ​តំបន់​ទន្លេ​ស្ងួត ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ នឹង​បង្កើន​ចំណូល​បន្ថែម​ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​មូលដ្ឋាន​។​ឧទ្យាន​ទន្លេ​ស្ងួត​ជា​សមិទ្ធផល​ថ្មី​នៃ​ការអភិវឌ្ឍ​ឆ្ពោះទៅ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​»​។​


​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ផ្កាស្បៃរឿង​ចំនួន​១​លាន​ដើម​នឹងត្រូវ​រៀបចំ​ដាំ​ផងដែរ​ដែល​នឹង​ដុះ​រីក​សុសសាយ លឿងទុំ ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី និង​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី មក​ទស្សនា និង​លម្ហែ​កម្សាន្ត នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក និង​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​។

លោក​ថា ការដាំ​ដើម​ព្រីង និង​ឫស្សី​ផ្អែម ដើម្បី​ផ្តល់​ជា​ម្លប់ និង​បង្កើន​ភាព​បៃតង​រយៈពេល​វែង ជាពិសេស​ផ្តល់​ជា​ផល​សម្រាប់​ប្រជាជន​នៅ​តំបន់​នេះ អាចដកហូត​ធ្វើ​ម្ហូបអាហារ និង​អាចដកហូត យកទៅ​ធ្វើ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​នៅពេល​ខាងមុខ​ផងដែរ​។ 


​លោក អ៊ាង សុផល្លែត បានបញ្ជាក់​ទៀតថា​៖«​ការរៀបចំ​តំបន់​ទន្លេ​ស្ងួត ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ នឹង​បាន​ជួយ​ពង្រីក​ជីវភាព​សហគមន៍ តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​អព្យាក្រឹត​កាបូន និង​ក្លាយជា​អាងទឹក សម្រាប់​ការស្រោចស្រព​ស្រែចម្ការ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នៅពេល​ខាងមុខ​។ លើសពីនេះ ការអភិវឌ្ឍ​តំបន់​ទន្លេ​ស្ងួត ក៏បាន​បង្ហាញ​ពី​ការដឹងគុណ​គោរព​ប្រតិបត្តិ​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់ តំបន់​ប្រាសាទព្រះធាតុ​បា​ស្រី ដែលមាន​ភាព​ស័ក្តិ​សិ​ទិ្ធ និង​ជាទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ​ឆ្ងាយ​ជិត​ទាំងពួង​»​។ 

​លោក ហូ វណ្ណឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែងថា សួនឧទ្យាន​ទន្លេ​ស្ងួត នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ថ្មី​មួយ និង​ប្លែក សម្រាប់​ទាក់ទាញ​ទេសចរណ៍​ក្នុងស្រុក ក៏ដូចជា​បរទេស​ខ្លះ​ដែរ ដោយសារតែ​នៅ​តំបន់​នេះ មាន​តំបន់​ប្រវត្តិសាស្ត្រ​ប្រាសាទព្រះធាតុ មាន​ប្រាសាទបុរាណ ព្រះវិហារ ទី​សក្ការបូជា ទីទួល​បុរាណ និង​ទន្លេ​ស្ងួត​នេះ ដែលមាន​អាយុកាល​យូរលង់​ណាស់​មកហើយ​។ 

​លោក​បាន​បន្ថែមថា ទីតាំង​នេះ​ក៏​ជាទីគោរព​សក្ការៈ​របស់​ព្រះមហាក្សត្រ ជាច្រើន​ព្រះ​អង្គនា​សម័យបុរាណ ក្នុងនោះ​រួមមាន​ស្ដេច​កន ដែលជា​អតីត​ក្សត្រ​ខ្មែរ​១​ព្រះអង្គ​សោយរាជ្យ​នៅ​ព្រះរាជា​ណា​ច​កម្ពុជា ក៏​បានមក​បន់ស្រន់ សុំ​ជ័យ​ជោគ​ក្នុងការ​ធ្វើសឹក​សង្គ្រាម នា​សម័យបុរាណ​នោះដែរ​។ ចាប់ពីពេលនោះ​មក វត្ត​ព្រះ​ធាតុ​បា​ស្រី និង​តំបន់​ទន្លេ​ស្ងួត បាន​ក្លាយជា​ដែនដី ដែល​ពោរពេញ​ដោយ​ជំនឿ និង​ការគោរព​រហូតមក​។​

​លោក​បាន​ប្រាប់ថា​៖«​ឧទ្យាន​ទន្លេ​ស្ងួត​មិន​ត្រឹម​ជា​កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ប្រជា​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ផ្តល់ប្រាក់​ចំណូល​បន្ថែ​មជូ​ន​ប្រជាពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន តាមរយៈ​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​ដ៏​សម្បូរបែប​ដូចជា ក្យូ​សម្រាប់​អង្គុយលេង និង​កន្លែង​ស្ទូចត្រី​កម្សាន្ត មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​តំបន់​វប្បធម៌​ធម្មជាតិ​នេះ ព្រមទាំង​សេវាកម្ម​ម្ហូបអាហារ ការលក់ដូរ​កសិផល​ក្នុងស្រុក​ជូន​ភ្ញៀវទេសចរ​»​។​

​លោក ហូ វណ្ណឌី ថ្លែងថា ប្រជា​សហគមន៍ ត្រូវ​ផ្តល់​សេវាកម្ម​ប្រកបដោយ​ចិត្ត​ស្អាត ស្មោះត្រង់ និង​ផ្ដល់នូវ​ផាសុកភាព​ជូន​ភ្ញៀវទេសចរ និង​កាត់បន្ថយ​ការបំពុល​នានា​ទៅក្នុង​បរិយាកាស ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​លើកស្ទួយ​ការវិនិយោគ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​។​

​ក្រសួងបរិស្ថាន​អះអាងថា ឧទ្យាន​ទន្លេ​ស្ងួត គឺជា​សមិទ្ធផល​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឈានឆ្ពោះ​ទៅកាន់​ប្រទេស មាន​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​ ២០៥០ ជាមួយ​គោលដៅ​អាទិភាព​ទី​២ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​ប្រជា​សហគមន៍ តាមរយៈ​ការបង្កើន​ប្រាក់ចំណូល ពី​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ អព្យាក្រឹត​កាបូន​៕