លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា សិក្ខាកាម​ដែល​បាន​រៀន​ជំនាញ​វិជ្ជាជីវៈ​ក្នុង​រយៈពេល​ខ្លី ដែល​រាជរដ្ឋាភិបាល​ផ្តល់ជូន នឹង​ក្លាយជា​វីរបុរស​ជួយសង្គ្រោះ​គ្រួសារ​ឱ្យ​ចាក​ចេញពី​ភាពក្រីក្រ ខណៈ​ក្តី​ប្រាថ្នា​របស់​រដ្ឋាភិបាល ចង់ឃើញ​ពលរដ្ឋ​ចាក​ផុតពី​បន្ទាត់​ក្រីក្រ​។​


លោក ហេង សួរ បាន​ថ្លែង​តាមរយៈ​វីដេអូ​ឃ្លី​ប នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២៤ ថា សិក្ខាកាម​ចំណាយពេល ៤ ខែ សម្រាប់​រៀន​ជំនាញ​នៅពេល​ថ្ងៃ ប៉ុន្តែ​បើ​សិក្ខាកាម​រៀន​នៅពេល​យប់ គឺ​ត្រូវ​រៀន​រយៈពេល ៨ ខែ និង​ចុង​សប្តាហ៍​ត្រូវ​រៀន​រយៈពេល ១០ ខែ ប៉ុន្តែ​ភាគច្រើន​សិក្ខាកាម​ជ្រើស​រើសយក​ការសិក្សា​ពេល​ថ្ងៃ​។

​លោក​បាន​ថ្លែងថា​៖«​បើ​រៀន​ពេល​ថ្ងៃ ៤​ខែ​នេះ យកចិត្តទុកដាក់​ស្តាប់​គ្រូ យកចិត្តទុកដាក់​ចុះទៅ​ហាត់​ការ​បានល្អ ខ្ញុំ​ជឿថា យើង​នឹង​ក្លាយទៅជា​មនុស្ស​ម្នាក់​ដែល​ប៉ិនប្រសប់​។ គេ​ចំណាយពេល ៤ ឆ្នាំ ដើម្បី​បញ្ចប់​បរិញ្ញាបត្រ គេ​ចំណាយ ២ ឆ្នាំ ដើម្បី​បញ្ចប់​បរិញ្ញាបត្ររង ប៉ុន្តែ​យើង​ចំណាយពេល​តែ ​៤​ខែ លើ​ជំនាញ​មួយ​ពិតប្រាកដ ជា​ជំនាញ​មួយ​ដែល​គេ​កំពុង​ត្រូវការ ។ ដូច្នេះ យើង​ចំណេញ​ពេលវេលា មិនចាំបាច់​ចំណាយពេល ២​ឆ្នាំ មិនចាំបាច់​ចំណាយពេល ៤​ឆ្នាំ ដូច​គេ​នោះទេ​»​។​


​បើតាម​លោក ហេង សួរ នៅពេលដែល​គ្រប់គ្នា​មានការ​ងារ​ធ្វើ មាន​បណ្ណ ប​.​ស​.​ស ឪពុកម្តាយ​មិនចាំបាច់​បារម្ភ​ពី​សុខភាព និង​ការ​សន្សំ​លុយ​ទុកឱ្យ​កូន​នោះទេ ផ្ទុយទៅវិញ​នោះ សិក្ខាកាម​បែរជា​សល់​លុយ​ជួយ​ទៅ​គ្រួសារ និង​ឪពុកម្តាយ​វិញ​។​

​លោក​ថ្លែងថា​៖ «​ប្រសិនបើ ​(​សិក្ខាកាម​) ​មិន​ជោគជ័យ ក្រសួង​ក៏​មិន​ជោគជ័យ រាជរដ្ឋាភិបាល​ក៏​មិន​ជោគជ័យ​ដែរ ដូចនេះ​យើង​មាន​បេសកកម្ម​រួមគ្នា​មួយ​យើង​មិន​និយាយ​ពី​រឿង​បរាជ័យ​ទេ យើង​ត្រូវ​និយាយ​ពី​រឿង​ជោគជ័យ​ទាំងអស់គ្នា​»​។​


​លោក ហេង សួរ បាន​បញ្ជាក់ថា​៖ «​គ្រួសារ​ (​របស់​សិក្ខាកាម​) ​ជោគជ័យ រួច​ចាក​ផុតពី​បន្ទាត់​ភាពក្រីក្រ នោះ​ហើយ​ជា​ក្តី​ស្រមៃ ជា​បំណងប្រាថ្នា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ស្រមៃ​នៅ​ចុង​អាណត្តិ​ទី​៦ ហើយ​បាន​សម្តេច​ធិបតី​បាន​យកក្តី​ស្រមៃ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន មក​អនុវត្ត​។ ដូចនេះ សង្ឃឹមថា យើងទាំងអស់គ្នា​ជា​ប្រតិបត្តិ​ករ​ដែល​ធ្វើឱ្យ​ក្តី​ស្រមៃ​ទាំងអស់នោះ​ក្លាយជា​ការពិត​»​។​

​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ថ្លែងថា នៅពេល​ពលរដ្ឋ​កម្ពុជា​ម្នាក់​មាន​ជំនាញ​មួយ​ពិតប្រាកដ គឺជា​រឿង​ល្អ សម្រាប់​រកប្រាក់​ចំណូល​ជួយ​គ្រួសារ និង​សង្គមជាតិ​។ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ នៅពេលនេះ  ពលរដ្ឋ​នឹងមាន​ជំនាញ ប៉ុន្តែ​ខ្វះ​តែ​ការងារ​ធ្វើ​ទេ ដូច្នេះ រាជរដ្ឋាភិបាល គួរតែបង្កើត​ការងារ​បន្ថែមទៀត​។​

​លោក អាត់ ធន់ បាន​ថ្លែងថា​៖ «​ជំនាញ​នោះ វា​ចំណាយពេល ៣ ទៅ ៦​ខែ ហើយ​ជំនាញ​អាច​ថា​ជា​ជំនាញ​កាត់សក់ ជាងសំណង់ និង​កាត់ដេរ ជាដើម គឺជា​ជំនាញ ដែល​ត្រូវគេ​ធ្វើ​១​ចប់ ប៉ុន្តែ​អ្នកធ្វើការ​រោងចក្រ អ្នក​ដេរ​ហោប៉ៅ នៅតែ​ដេរ​ហោប៉ៅ និង​ធ្វើ​យ៉ាងម៉េច​ធ្វើឱ្យ​ផលិតផល​បានល្អ​។ ជារួម ពួកគាត់​ចេះ​ហើយ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ពួកគាត់​មានការ​ងារ​ធ្វើ​គ្រប់គ្នា​»​។​

​បើតាម​លោក អាត់ ធន់ នៅពេល​សិក្ខាកាម​រៀប​ចប់​នូវ​ជំនាញ​មួយ​ពិតប្រាកដ ប្រាកដ​ណាស់​នឹង​ទទួលបាន​ឱកាស​ការងារ​ធ្វើ និង​ទទួលបាន​បណ្ណ ប​.​ស​.​ស ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​រដ្ឋាភិបាល​បាន​អនុវត្ត​ជាទូទៅ​រួចមកហើយ​។​

​សូម​រំឭកថា កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​ប្រមាណ ១​លាន​៥​សែន​នាក់​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បីឱ្យ​ក្លាយទៅជា​កម្លាំង​ពលកម្ម​ដ៏​សកម្ម​ប្រកបដោយ​ជំនាញ​ប្រសើរ​ជាង​មុន​។​

​ជាមួយគ្នា​នោះដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​តំណាង​វិស័យ​ឯកជន​ចំនួន​១៨​សមាគម​ដើម្បី​សមាគម​ទាំងអស់នេះ​ជំរុញ​ទៅដល់​សមាជិក​របស់ខ្លួន​ផ្តល់ឱកាស​ហាត់​ការ និង​កម្មសិក្សា​ដល់​សិស្ស​ដែល​ចូលរៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​៕