ភ្នំពេញៈ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស៤នាក់និងរងរបួស២នាក់កាលពីយប់ថ្ងៃទី២០ខែមករានៅស្តុបស្ពានឫស្សីកែវ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញទៅតុលាការនៅថ្ងៃទី២២ មករា នេះ ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ បានប្រាប់នៅថ្ងៃទី ២១ ខែមករា បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងនាំជនបង្កគ្រោះថ្នាក់មកសាកសួរដើម្បីប្រមូលព័ត៌មានរួមនឹងភ័ស្តុតាងផ្សេងៗទាក់ទងនឹងករណីគ្រោះថ្នាក់នេះ។
លោកបានឱ្យដឹងថា ៖ «យើងក៏បានហៅឱ្យសាច់ញាតិរបស់ជនរងគ្រោះទាំងស្លាប់ និងរបួសមកដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងបញ្ជូនជនបង្កទៅតុលាការអនុវត្តទៅតាមផ្លូវច្បាប់ ហើយយើងអាចនឹងបញ្ជូនជនរូបនេះទៅតុលាការនៅថ្ងៃស្អែកនេះ(២២ ខែមករា)»។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមករា បានលើកឡើងថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បណ្តាលឱ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ៤នាក់(ស្រី៣នាក់)និងរបួសធ្ងន់២នាក់ នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពដដែលបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយបុរសឈ្មោះ នាង សំអូន ជាមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ្នកបើកបររូបនេះ បានបើកក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល០,៥៤) និងបានបុករះរថយន្តចំនួន២គ្រឿងនិងម៉ូតូចំនួន៤គ្រឿង ដែលបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរងរបួស២នាក់ និងបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ។
លោក គឹម បញ្ញ នាយកអង្គការបង្ការរបួសអាស៊ីបានថ្លែងនៅថ្ងៃទី២១ មករាដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមគួរឱ្យបារម្ពពីសំណាក់អង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលព្រមទាំងសាធារណជនទូទៅ។
លោកបានបន្តថា៖«យើងមានការព្រួយបារម្ភខ្លាំង ព្រោះពេលបច្ចុប្បន្នយើងឃើញគ្រោះថ្នាក់ចរាចរណ៍មានសភាពធ្ងន់ធ្ងរដែលយើងទាមទាចាំបាច់ត្រូវចាត់វិធានការឱ្យបានខ្លាំងថែមទៀតដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ»។
បើតាមលោកគឹម បញ្ញា អ្វីដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើគឺបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានទាំងយប់ទាំងថ្ងៃ ជាពិសេសរឹតបន្តឹងនៅពេលយប់ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ។
រីឯលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ដិតសភាកម្ពុជា ក៏បានចាប់អារម្មណ៍លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែរ ដោយលោកបានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ ខែមករាថា ៖«គ្រោះថ្នាក់ចរាចរណ៍នៅស្រុកយើងឥឡូវសាហាវជាងអំពើភេរវកម្មទៅទៀត។សម្លាប់ជីវិតមនុស្សនិងបង្កគ្រោះថ្នាក់របួសពិការមិនរើសមុខ។វាបានបង្កផលវិបាកសង្គមរាប់ម៉ឺនសែនជំពូកនិងខាតបង់សេដ្ឋកិច្ចរាប់មិនអស់»។
លោកបានបន្តថា មូលហេតុមួយក្នុងចំណោមមូលហេតុនានាគឺមកពីអ្នកបើកបរស្រវឹង។ស្ថានភាពនេះនឹងកាន់តែអាក្រក់នៅប៉ុន្មានឆ្នាំខាងមុខទៀតបើគេនៅតែលើកទឹកចិត្តផ្សព្វផ្សាយគ្រឿងស្រវឹង តែព្រងើយកន្តើយនឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបណ្ដុះសីលធម៌សង្គមនិងបន្តលើកតម្កើងវប្បធម៌និទ្ទណ្ឌភាពដោយទុកឱ្យជនបង្កនៅតែរួចពីសំណាញ់ច្បាប់តាមការទូទាត់សំណងជាលុយ។
សូមបញ្ជាក់ដែរថាក្នុងឆ្នាំ២០២៣កន្លងទៅគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ៣ ៣១៧ លើកបណ្តាលឱ្យមនុស្សចំនួន ១ ៥៩០ នាក់បានស្លាប់និងអ្នករងរបួសចំនួន ៤ ៥១៥នាក់។នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិកាលពីសប្តាហ៍មុន។
បើតាមរបាយការណ៍នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងចំនួន ៣៤១ លើក ស្មើនឹង១១ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ២ ៩៧៦លើក។
ប្រភពដដែលបានបន្តថា ចំណែកអត្រាអ្នកស្លាប់មានការថយចុះចំនួន១១៩នាក់ ស្មើនឹង៧ភាគរយ បើធៀបជាមួយនឹងឆ្នាំ ២០២២ ដែលមានអ្នកស្លាប់ចំនួន ១ ៧០៩នាក់ ប៉ុន្តែចំនួនអ្នករងរបួសមានការកើនឡើង៤៨៩នាក់ ស្មើនឹង ១២ ភាគរយ៕