​ព្រះ​វិហារៈ​​ ក្រុម​គ្រូពេ​ទ្យ​ស្ម័គ្រ​ចិត្ត​របស់​សមា​គម​សុ​ខា​ភិ​បាល​ខ្មែរ​នៅ​អាមេរិក ​(CHPAA) សហ​ការ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ១៦​មករា​ នៃ​មន្ទីរ​សុ​ខាភិ​បាល​ខេត្ត​ព្រះវិហារ ​បានប្រកាស​ផ្ដល់​សេវា​ពិនិត្យ​ ព្យា​បាល​ជំងឺ​ទូទៅ​ និង​វះ​កាត់​មុខ​មាត់​ឆែប​ ដុំ​គីស ​ដោយ​ឥត​គិត​ថ្លៃជូន​មនុស្ស​ចាស់ ​ស្ដ្រី ​កុមារ​ និង​ទារក​។​


​ការ​ផ្ដល់​សេវា​ឥត​គិតថ្លៃ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ​ខែមករា​ រហូត​ដល់​ថ្ងៃទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ នៅ​ទីតាំង​ចំនួន​៣​កន្លែង ​រួម​មាន​ មន្ទី​រពេទ្យប​ង្អែក​១៦​មករា ​ក្នុង​ខេត្ត​ព្រះវិហារ​ មណ្ឌល​សុខ​ភាព​ម្លូព្រៃ​ក្នុង​ស្រុក​ឆែប​ និង​នៅ​បរិ​វេណ​សាលា​បឋម​សិក្សាក្នុង​ស្រុក​ជាំ​ក្សាន្ត​។ នេះ​បើតាម​សេចក្ដី​ប្រកាសរបស់​​មន្ទីរ​សុខា​ភិបា​ល​ខេត្ត​ព្រះវិ​ហារ​កាល​ពី​ថ្ងៃទី​១៩ ​ខែមករា​ ឆ្នាំ​២០២៤​។​

​លោក ឆាយ សៅរ៍​មុនី ​អនុ​ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ការ​ពិនិត្យ​ ព្យា​បាល និង​វះ​កាត់​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ទីតាំង​នីមួយៗ ​ក្នុង​នោះ​ទីតាំង​ទី​១ គឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​១៦​មករា​ ខេត្ត​ព្រះវិហារ ចាប់ពី​ថ្ងៃទី​២៩ ខែ​មករា​ ដល់​ថ្ងៃទី​៣ ​ខែកុម្ភៈ ​ឆ្នាំ​២០២៤ ​ដោយ​មាន​ការ​ពិនិត្យ​ ព្យា​បាល​ជំងឺ ​និង​វះ​កាត់​ ដូចជា​ ពិនិត្យ​ព្យា​បាល​ជំងឺ​ទូទៅ​មនុស្ស​ចាស់​ កុមារ​ និង​ទារក ​ពិនិត្យ​ព្យាបា​ល​រោគ​ស្ដ្រី វះ​កាត់​ជំងឺ​ស្រុត​ស្បូន ​ដុំ​គីស​ដៃ​ស្បូន ​ដុំ​គីស​សុដន់​។


​លោក​បាន​បន្ត​ថា ក្រៅពី​នេះ ​ក៏មាន​ការវះ​កាត់​មាត់​ឆែប​ ​ក្រអូម​មាត់ឆែប ​ម្រាម​ដៃ​លើស ​និង​ពិការ​ភាព​ផ្សេងៗ​ទៀត ​ក្នុង​នោះ​ក៏មាន​ការ​ពិនិត្យ​ព្យា​បាល​ និង​វះ​កាត់​ជំងឺ​ភ្នែក​ វាស់​ និង​ផ្ដល់​វ៉ែន​តា ​វះកាត់​ដុំ​ពក​លើ​ខ្លួន​ប្រាណ ​និង​ដុំ​គីស​ផ្សេងៗ​ រួម​នឹង​វះកា​ត់​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ ពក​ ក ​និង​ជំងឺ​មាត់​ធ្មេញ​ជា​ដើម​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​មន្ទី​រ​សុខាភិ​បាល​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ​ការ​ពិនិត្យ ​និង​ព្យា​បាល​នេះ​ ក៏​នឹង​ធ្វើឡើ​ង​នៅ​មណ្ឌល​សុខ​ភាព​ម្លូព្រៃ ​ភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប ​ចាប់​ពី​ថ្ងៃទី​៣០ ​ដល់​ថ្ងៃទី​៣១ ​ខែមករា​។​រីឯ​ការ​ពិនិត្យ ​និង​ព្យា​បាល​នៅ​សាលា​បឋម​សិក្សា​យាង ​ភូមិ​យាង ​ឃុំ​យាង ​ស្រុក​ជាំ​ក្សាន្ត ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​២ ​ខែកុម្ភៈ​ ឆ្នាំ ​២០២៤​។​


​លោក​ ឆាយ សៅរ៍​មុនី បាន​បញ្ជាក់​ដែរ​ថា ៖ «​សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​សុខ​ភាព​ ក្រោយ​ពី​បា​នធ្វើ​ការ​ពិនិត្យ​ និង​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​រួច​តម្រូ​វឱ្យធ្វើ​ការ​វះ​កាត់​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​ជាមុន​ដូច​ជា ​មនុស្ស​ចាស់​ត្រូវ​អត់​អាហារ​យ៉ាង​តិច​ ៦ ​ម៉ោងមុន​​វះកាត់​។ ចំពោះ​កុមារ​វិញ​ត្រូវ​អត់​អាហារ​ឱ្យបាន​យ៉ាង​តិច​ ៤ ​ម៉ោង ​មុន​ធ្វើ​ការ​វះ​កាត់​»​។​

​ជាមួយគ្នានេះ​លោក​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មាន​បញ្ហា​សុខ​ភាព​មក​ទទួល​សេវា​ពិនិត្យ ​ព្យា​បាល​ ពិគ្រោះ ​និង​វះ​កាត់ដោយ​ឥត​គិ​តថ្លៃ​នេះ​កុំ​ឱ្យ​អាក់​ខាន​ឡើយ​៕