សៀមរាប: ការប្រកួតប្រជែងសរសេរតាមអាន «សំណេរអង្គរ» បានរកឃើញម្ចាស់ពានជាលើកដំបូង ដែលរៀបចំឡើងនៅលើស្ពានហាលដ៏ពិសិដ្ឋនៅខាងមុខប្រាសាទអង្គរវត្ដ ក្រោមប្រធានបទ «អង្គរ អាណាចក្រអរិយធម៌ខ្មែរ» ដោយមានបេក្ខជនចូលរួមជាង ៧០០ នាក់។
បេក្ខជនម្ចាស់ជយលាភីលេខ ១ ចេង រតនា អាយុ ២៨ ឆ្នាំ បានទទួលរង្វាន់សំបុត្រយន្ដហោះភ្នំពេញ-បាងកក ១ សន្លឹក ការស្នាក់នៅសណ្ឋាគារ ២ យប់សម្រាប់មនុស្ស ២ នាក់ ថវិកា ១ លាន ២ សែនរៀល និងពានថ្មលាបពណ៌មាស ឆ្លាក់ដោយសិប្បករអង្គរ។
យោងតាមលោក លី ប៊ុនហុក ជាអ្នករៀបចំកម្មវិធី បានឱ្យដឹងថា បេក្ខជនជយលាភីសរសេរខុសតែ ២ ពាក្យប៉ុណ្ណោះ។ បេក្ខជនម្ចាស់ជយលាភីលេខ ២ វ៉ន វីដា បានទទួលរង្វាន់ ការស្នាក់នៅសណ្ឋាគារ ២ យប់សម្រាប់មនុស្ស ២ នាក់ ថវិកា ៨០ ម៉ឺនរៀល និងពានថ្មឆ្លាក់ដោយសិប្បករអង្គរ។
រីឯការស្នាក់នៅសណ្ឋាគារ ៣ យប់សម្រាប់មនុស្ស ២ នាក់ និងថវិកា ៤០ ម៉ឺនរៀល ជាមួយពានថ្មឆ្លាក់ដោយសិប្បករអង្គរ បេក្ខនារីម្ចាស់ជយលាភីលេខ ៣ យ៉ោប សុឃាក់ អាយុ ៣៦ឆ្នាំ ជាអ្នកនៅសៀមរាប។ បេក្ខជនជាង ៧០០ នាក់ដែលបង្ហាញវត្ដមាននៅលើស្ពានហាលមុខប្រាសាទអង្គរ មានចាប់ពីកុមារអាយុ ៨ ឆ្នាំ រហូតដល់វ័យចំណាស់អាយុជាង ៦៧ ឆ្នាំ។
លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ថា ការប្រារព្ធនៅមុខទីលានអង្គរ ដែលដូនតាខ្មែរបានកសាងសម្រាប់កូនចៅខ្មែរទាំងអស់គ្នា។
លោកស្រី បានឱ្យដឹងថា៖ «អក្សរមានការប្រែប្រួល តែជានិច្ចកាល ប្រជាជនខ្មែររបស់យើងបានប្រឹងប្រែងថែរក្សាអក្សរសាស្ដ្រជាតិតាំងពីដើមរៀងមក រហូតដល់សម័យអាណានិគមបារាំង ដែលមាននិន្នាការកែប្រែអក្សរខ្មែរទៅជាអក្សរឡាតាំង។ ប្រជាជនរបស់យើង ព្រះសង្ឃរបស់យើងខិតខំថែរក្សាអក្សរសាស្ដ្រជាតិរហូតមកដល់ពេលនេះ។ ដូច្នេះ អក្សរគឺជាអត្ដសញ្ញាណជាតិ។ ជនជាតិមួយ នៅពេលអក្សរសាស្ដ្រត្រូវបានលើកកម្ពស់ ព្រលឹង និងអក្សររបស់ជនជាតិនោះ នៅតែស្ថិតស្ថេរជានិច្ចកាល»។
លោកស្រី សកុណា ដែលដើរតួជាអ្នកអានអត្ថបទសម្រាប់បេក្ខជនសរសេរតាម បានបន្ដថា កូនខ្មែរត្រូវបន្ដថែរក្សាអក្សរសាស្ដ្រជាតិ កុំឱ្យបាត់បង់សម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត។ លោកស្រី បានកោតសរសើរបេក្ខជនទាំងអស់ ដែលបានចូលរួម «សំណេរអង្គរ» ក្នុងថ្ងៃនេះ។
លោក លី ប៊ុនហុក ជាអ្នកផ្ដួចផ្ដើមបង្កើតកម្មវិធីប្រកួតប្រជែងនេះម្នាក់ បានថ្លែងមុនពេលចាប់ផ្ដើមដំណើរការប្រកួតថា ក្រសួង មន្ទីរ និងក្រុមហ៊ុនឯកជន ដែលឧបត្ថម្ភព្រឹត្ដិការណ៍នេះមានបំណងចង់បង្កើតជាចលនាថ្នាក់ជាតិមួយ។
លោកថា៖ «វាជាព្រឹត្ដិការណ៍សតិសម្បជញ្ញៈ របស់សិស្ស-និស្សិត និងមហាជនទូទៅឱ្យប្រុងប្រយ័ត្ន យកចិត្ដទុកដាក់លើការសរសេរអក្ខរាវិរុទ្ធខ្មែរឱ្យបានត្រឹមត្រូវពីព្រោះភាសាគឺជាអត្ដសញ្ញាណជាតិ ដែលមិនអាចមើលរំលងបាន»។
ក្រៅពីអ្នកឈ្នះទាំង ៣ កម្មវិធីក៏មានរង្វាន់ជាច្រើនទៀត រួមមាន បេក្ខជនវ័យក្មេងបំផុតអាយុ ៨ ឆ្នាំ បេក្ខនារីចាស់បំផុតអាយុ ៦៧ ឆ្នាំ បេក្ខជនសរសេរអក្សរស្អាតជាងគេចំនួន ៣ នាក់ និងរង្វាន់លួងចិត្ដ ២២ រង្វាន់។
កុមារី ស៊ត់ ចន្ថា រៀនថ្នាក់ទី ៧ នៅសាលាអនុវិទ្យាល័យម៉ូត វ៉ានី ជាបេក្ខជនក្មេងបំផុតម្នាក់ បាននិយាយពីចំណាប់អារម្មណ៍ថា កុមារីមានបំណងចង់សាកល្បងការសរសេរតាមអានរបស់ខ្លួននិងទទួលបានបទពិសោធន៍ពីការចូលរួមប្រកួតប្រជែងសរសេរតាមអាននេះ។ កុមារី ចន្ថា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំចង់ប្រកួតនេះ ដោយចង់បានបទពិសោធន៍ និងបានបងជួយដាក់ការចូលរួមនេះឱ្យ»។
គ្រងអាវយឺតពណ៌ពងមាន់ តែខុសពីបេក្ខនារីទូទៅដែលស្លៀកសំពត់ ឬខោខូវប៊យ យុវតី ថន កេសសរ អាយុ ១៩ ឆ្នាំ មកពីខេត្តព្រៃវែង ជានិស្សិតផ្នែកភាសាវិទ្យាស្លៀកក្បិន យ៉ាងស្រស់សោភាចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ» ដែលបង្ហាញពីក្តីស្រឡាញ់ទាំងអក្សរសាស្ត្រ និងប្រពៃណីដ៏ផូរផង់នៃជាតិខ្មែរ។
យុវតី បាននិយាយថា ៖ «ចំពោះការចូលរួមប្រកួត ដោយសារខ្ញុំស្រឡាញ់អក្សរសាស្ដ្រខ្មែរ ការសរសេរតាមអាន និងចង់ដឹងអំពីសមត្ថភាពរបស់ខ្លួនឯងបានកម្រិតណាដែរ»។
ដោយមានឈាមជ័រជាអ្នកសិល្បៈបុរាណ កញ្ញា កេសសរ បង្ហាញឈុតក្បិនប្រពៃណី ជាមួយគម្រោងចង់បង្ហាញដល់យុវជនត្រូវមានមោទនភាព និងហ៊ានគ្រងឈុតបែបប្រពៃណីចូលរួមក្នុងកម្មវិធីបែបប្រពៃណីនេះ ជាពិសេសនៅតំបន់ប្រាសាទ ដើម្បីជាការលើកស្ទួយវប្បធម៌ខ្មែរ។
លោក លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការរៀបចំប្រកួតសរសេរតាមអានមានការចូលរួមរៀបចំពីក្រសួងអប់រំ អគ្គលេខាធិការរដ្ឋសភា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ក្រោយបញ្ចប់ការប្រកួតថា៖ «ការរៀបចំនេះ គឺដើម្បីបំផុសឱ្យយុវជន និងមហាជនយើង យកចិត្ដទុកដាក់ចំពោះការសរសេរ ជាពិសេស ផ្ដោតលើអក្ខរាវិរុទ្ធ។ យើងមានទិវាអំណានជាតិហើយ នៅថ្ងៃទី ១១ ខែមីនា តែយើងអត់ទាន់មានទិវាសម្រាប់សរសេរ»។ លោកបានបន្ថែមថា ការៀបចំនេះ ផ្ដោតជាពិសេសផងដែរ ចំពោះយុវជន និងមហាជននៅលើបណ្ដាញសង្គម ដែលប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវ។
លោក សេងហាក់ បានថ្លែងថា៖ «កំហុសជាទម្លាប់បន្ដិចបន្ដួចអាចប្រែក្លាយទៅជាកំហុសឆ្គងធ្ងន់ធ្ងរ ដែលកូនខ្មែរជំនាន់ក្រោយៗអនុវត្ដតាមដោយមិនដឹងខ្លួន»។
លោកថ្លែងដោយក្ដីរំពឹងថា កម្មវិធីដ៏ល្អនេះនឹងអាចត្រូវបានប្រារព្ធឡើងនៅឆ្នាំបន្ដបន្ទាប់ដើម្បីឱ្យកូនខ្មែរកាន់តែមានការចូលរួម និងយល់ច្បាស់អំពីអក្សរសាស្ដ្រជាតិ៕