​ភ្នំពេញៈ កម្ពុជា បាន​ចុះ​អនុ​ស្សរណៈ​យោគយល់​គ្នា​​​ ​(MoU) ចំនួន ៣ ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​បារាំង ៤ ទាក់ទង​នឹង​វិស័យ​ថាមពល ខណៈ​ក្រសួង​អះអាងថា MoU អនុស្សរណៈ​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​ថា​ម​ពល​កកើត​ឡើងវិញ និង​ការងារ​ប្រ​សិទ្ធ​ភាព​ថាមពល ដែល​ប្រទេស​ទាំង​ ២​ បាននិងកំពុង​ធ្វើ​រួមគ្នា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​​ទី​ ២០ ខែមករា ឆ្នាំ​ ២០២៤ ស្តីអំពី​លទ្ធ​ផល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សា​​ធារ​ណ​រដ្ឋ​បារាំង និង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​សហព័ន្ធ​ស្វ៊ី​ស របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក តាន់ ហ្ស​ង់ ហ្រ្វង់​ស័​រ រដ្ឋមន្ត្រី​ប្រតិ​​ភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ការ​បរ​ទេស បានឱ្យដឹងថា កម្ពុជា​-​បារាំង មាន​ជំហរ​រួមគ្នា​នៅ​ចំពោះមុខ​ភាពចាំបាច់​នៃ​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​ប្រសិទ្ធភាព​ថាមពល និង​ជំរុញ​ការប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ ឱ្យបាន​កាន់តែច្រើន និង​កាន់តែ​ឆាប់រហ័ស​។​


​លោក​បន្ថែមថា នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នោះ ភាគី​កម្ពុជា និង​ក្រុម​ហ៊ុន​បារាំង​មួយចំនួន​បាន​ចុះ​អនុ​ស្សរ​ណៈ​យោគយល់​គ្នា ចំនួន ៣ ក្នុងនោះ​រួមមាន ទី​១.​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន Hydrogene de France SA ស្ដីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព និង​អភិវឌ្ឍន៍​គម្រោង​អីដ្រូ​សែន​ទំហំ ១០​ មេ​ហ្គា​វ៉ា​ត់​សម្រាប់​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​, ទី​២. អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល ជាមួយ​ក្រុមហ៊ុន Electricite de France SA ស្តីពី​ការកំណត់​អត្តសញ្ញាណ​កម្ម និង​អភិវឌ្ឍន៍​គម្រោង​ថាមពល​បូមទឹក​ស្តុក​ទុក​នៅ​កម្ពុជា និង​ទី​៣. អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថា​ម​​ពល ជាមួយ​ក្រុមហ៊ុន VINCI Construction Grands Projets និង​ក្រុម​ហ៊ុន Sage Engineering ស្តីពី​ការ​​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​បំប្លែង​សំរាម​របស់​លំនៅឋាន​ទៅជា​អគ្គិសនី សម្រាប់​បញ្ចូល​ទៅក្នុង​ខ្សែ​ច្រវាក់​នៃ​ការ​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បញ្ជាក់ថា​៖ «​ចាប់ពីពេលនេះ ប្រទេស​ទាំង ​២​ មាន​ជំហរ​រួមគ្នា​ចំពោះមុខ​ការប្រយុទ្ធ​ទប់ទល់​នឹង​ការ​កើន​កម្តៅ​នៃ​ភពផែនដី និង​ប្រយុទ្ធ​ទប់​ទល់នឹង​ភាពក្រីក្រ​ក្នុង​ពិភពលោក​។ កម្ពុជា និង​បារាំង​នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ការងារ​ប្រសិទ្ធភាព​ថាមពល និង​ថាមពល​កកើត​ឡើងវិញ​ឱ្យ​បានជា​អតិបរមា​»​។​


​លោក​បន្តថា ជំហរ​រួម​ទាំងនោះ​មានន័យថា ប្រទេស​ទាំង​ ២ មាន​ប្រយោជន៍​រួមគ្នា​កាន់តែច្រើន ដូច្នេះ​កម្ពុជា​-​បារាំង​អាច​អង្គុយ​ពិភាក្សាគ្នា​កាន់តែ​ត្រូវ​គ្នា​លើ​ការឯកភាព​ការបង្កើន​ល្បឿន​អន្តរកាល​ថាមពល គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ ក្នុងចំណោម​សំខាន់ៗ​ចំនួន​៤ នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រ៉ែ និង​ថាមពល ស្ដីពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល​កម្ពុជា​-​បារាំង កាលពី​ថ្ងៃទី ​១៩ ខែមករា ឆ្នាំ​ ២០២៤ ក៏បាន​បញ្ជាក់ថា តាមរយៈ​ការ​ពង្រីក​បន្ថែម​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិស័យ​ថាមពល​រវាង​កម្ពុជា​និង​បារាំង​នេះ​នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍ​ថា​ម​ពល​កកើត​ឡើងវិញ និង​ការងារ​ប្រសិទ្ធ​ភាព​ថាមពល ដែល​ប្រទេស​ទាំង ​២​ បាននិងកំពុង​រួមគ្នា​អនុវត្ត ហើយក៏​ជាការ​តម្រង់ទិស​ឆ្ពោះទៅរក​ការបង្កើន​ល្បឿន​អន្តរកាល​ថាមពល ទាំង​នៅ​កម្ពុជា និង​ក្នុង​តំបន់​។​

​សេចក្តីប្រកាស​បាន​បន្ត​ថា ការចូល​​រួមជាមួយ​សកលលោក ក្នុង​គោលដៅ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការអភិវឌ្ឍ​អន្តរ​កាល​ថាមពល​មាន​ភាព​ធន់ មាន​ស្ថិរ​​ភាព តម្លៃ​សមរម្យ ជឿទុកចិត្ត​បាន និង​ធានាបាន​នូវ​សន្តិសុខ​ថាមពល​សម្រាប់​ប្រទេស ព្រមទាំង​មាន​ចីរភាព​សម្រាប់​បរិស្ថាន​ផងដែរ​។​

​លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា បានឱ្យដឹងថា កាលពី​ចុងឆ្នាំ​ ២០២២ កម្ពុជា​បានដាក់​ឱ្យ​អនុ​វត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធ​ភាព​ថាមពល ដោយ​គោលនយោបាយ​ជាតិ​នេះ​មាន​គោលដៅ​ប្រើប្រាស់​បច្ចេក​​វិទ្យា​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ឱ្យបាន​ក្នុង​កម្រិត ២០ ​ភាគរយ នៅ​ឆ្នាំ ២០៣៥​។​

​លោក​បញ្ជាក់ថា​៖«​យើង​ដឹង​ហើយ​ថា បារាំង​ជា​ប្រទេស​មាន​ភាព​រីកចម្រើន​ខ្លាំង​គួរសម​លើ​វិស័យ​ថាមពល​។ វា​ជា​ឱកាសល្អ ដែល​យើង​មាន​ដៃគូ​សហការ​ខ្លាំង​លើ​វិស័យ​ថាមពល​នេះ ហើយ​វា​ក៏​ជា​ពេលវេលា​មួយ​ដ៏​សមស្រប​ក្នុងការ​​គិតគូរ​ពី​ថាមពលបៃតង ព្រោះ​ឥឡូវនេះ​រាល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច តែងមាន​ការ​ផ្សារភ្ជាប់​នឹង​បរិស្ថាន​។ ខ្ញុំ​យល់ថា MoU ដែល​កម្ពុជា​ចុះ​ជាមួយ​ក្រុមហ៊ុន​បារាំង​គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំង​»៕