​ភ្នំពេញៈ កម្ពុជា​-​បារាំង បានបង្ហាញ​ការពេញចិត្ត​ចំពោះ​លទ្ធ​ផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ច​​សហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ ២ ​ទាំង​វិស័យ​ន​យោ​បាយ សេដ្ឋកិច្ច វប្បធម៌ ភាសា និង​អន្តរកាល​ថាមពល ព្រមទាំង​បាន​ឯកភាព​លើកកម្ពស់​ទំនាក់​ទំនង​ក្នុង​គោលដៅ​ធ្វើឱ្យ​សម្រេចបាន​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បីឱ្យ​ទំនាក់ទំនង​ទ្វេភាគី​កាន់​តែមាន​ភាព​ស៊ីជម្រៅ​។​


​នេះ​បើ​យោងតាម​សេចក្តី​ប្រ​កាស​ព័ត៌មាន ​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី ​២០ ខែមករា ស្តីពី «​ជោគ​ជ័យ​ដ៏​ត្រចះត្រចង់​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ របស់លោក​នាយក​រដ្ឋ​​មន្ត្រី​ហ៊ុន ម៉ា​ណែ​ត នៅ​សា​ធារ​ណ​រដ្ឋ​បារាំង និង​ការចូលរួម ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វ៊ី​ស​»កាលពី​ថ្ងៃទី ​១៦-១៩ ខែមករា ឆ្នាំ ​២០២៤​។​

​ជំនួប​មេដឹកនាំ​កំពូល​នៃ​ប្រទេស​បារាំង កម្ពុជា បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ប្រកបដោយមនោសញ្ចេតនា​ស្និទ្ធស្នាល ដោយ​លោក ហ៊ុន ម៉ា​ណែ​ត និង​ប្រ​ធា​នា​ធិបតី​បារាំង ក៏បាន​រំឭក​ពី​ប្រវត្តិនៃ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​-​បារាំង​។ 


​សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា ប្រធានាធិបតី​បារាំង​បាន​កោត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​របស់​ក​ម្ពុ​ជា​នៅក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ការប្រកាស​គោលជំហរ​ប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រ​ទេស​អ៊ុយ​ក្រែ​ន​ការបណ្តុះបណ្តាល​ជំនាញ​បោសសម្អាត​មីន​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ការពង្រឹង ពហុភាគី​និយម និង​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ជា​អន្តរជាតិ​ដើម្បី​ស្ថិរភាព វិបុលភាព​ក្នុង​តំបន់ និង​ពិភព​លោក​។ ជាការ​កត់សម្គាល់​ភាគី​បារាំង​បាន​សន្យា​បន្ត​ផ្តល់​ហិរញ្ញ​ប្ប​ទាន​សហប្រតិបត្តិការ​ដ​ល់​ប្រ​ទេស​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ២១៥ លាន​អឺរ៉ូ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ដើម្បី​គាំទ្រ​ដល់​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថាមពល និង​ផលិតកម្ម​ទឹកស្អាត​។​

​ប្រភព​ដដែល​ឱ្យដឹងថា​៖«​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​បារាំង​ដែល​តែងតែ​ផ្ដល់​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ស្តារ និង​​អភិវឌ្ឍ​ប្រទេស​ឱ្យមាន​ការរីកចម្រើន​ដូច​សព្វថ្ងៃ​»​។​


​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចសន្ទនា​រវាង​លោក ម៉ា​ក្រុង និង​លោក ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី​ ១៨ ខែមករា ឱ្យដឹងថា បារាំង និង​កម្ពុជា បាន​ស្វាគមន៍​ចំពោះ​សម្ទុះ​ថ្មី​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​កាលពី​ខែធ្នូ​ឆ្នាំ​ ២០២២ និង​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរម​នាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​

​ជាមួយគ្នា​នោះដែរ ឥស្សរជន​ទាំង ​២ ​បាន​អំពាវនាវ​ឱ្យ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​បារាំង​និង​កម្ពុជា លើ​វិស័យ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន និង​ខំ​ស្វែងរក​ធ្វើ​ពិពិធ​កម្មវិស័យ​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ ភាគី​ទាំង ​២​ ក៏បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការពង្រឹង​ការ​វិ​និ​យោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ និង​បាន​ប្ដេជ្ញា​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​ជំរុញ​ការវិនិយោគ ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ ភាគី​ទាំង​ ២​ បាន​ព្រម​ព្រៀង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទាំងនេះ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទំនាក់ទំនង​ទ្វេភាគី និង​ក្របខ័ណ្ឌ ពហុភាគី​។ តួនាទី​ដ៏​សំខាន់​របស់​សង្គម​ស៊ីវិល​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សកល​ក៏ត្រូវ​បានទទួល​ស្គាល់​ផងដែរ​។​

​សេចក្ដីថ្លែងការណ៍​រួម បាន​សង្កត់ធ្ងន់ថា​៖«​បារាំង​និង​កម្ពុជា​បាន​ឯកភាព​លើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ក្នុង​គោលដៅ​សម្រេចបាន​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដោយ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង ​២»​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារផ្លូវការ​ជាមួយ​លោក ហ៊ុន ម៉ា​​ណែ​ត នា​យប់​ថ្ងៃទី ​១៨ ខែមករា (​ម៉ោង​នៅ​កម្ពុជា​)​ លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ថ្លែង​ស្វាគមន៍​លោក ហ៊ុន ម៉ា​ណែ​ត មកកាន់​ប្រទេស​បារាំង​ដើម្បី​បន្ត​សរសេរ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង​ ២​ ជា​បន្តទៅទៀត​ដែលជា​ប្រវត្តិ​សាស្ត្រ​ផ្អែកលើ​មិត្តភាព​មិនចេះ​ប្រេះស្រាំ​រវាង​ប្រជាជន​និង​ប្រជា​​ជន​។​

​លោក​បញ្ជាក់ថា​៖ «​ការបំពេញ​ទស្សនកិច្ច​របស់​សម្តេច​នៅពេលនេះ​គឺជា​ឱកាស​មួយ​ដើម្បី​បង្កើត​គម្រោង​ថ្មីៗ​ទៀត​ជាមួយនឹង​ក្រុមហ៊ុន​យើងខ្ញុំ​ហើយ​ដែល​សម្តេច​បាន​មានឱកាស​ជ​ជែក​ផ្លាស់ប្តូរ​យោបល់​ជាមួយនឹង​ក្រុមហ៊ុន​ជាច្រើន​ជាពិសេស​ក្នុង​វិស័យ​ថាមពល ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​»​។ ទន្ទឹមនឹង​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​នាឱកាស​នោះ​ដោយ​លោក​បានបង្ហាញ​ឱ្យឃើញ​ពី​ភាព​ស៊ីជម្រៅ​នៃ​ចំណងមិត្តភាព​របស់​កម្ពុជា និង​ប្រទេស​បារាំង​។

​លោក​មានប្រសាសន៍ថា ៖  «​កម្ពុជា​ចងចាំ​ជានិច្ច​នូវ​តួនាទី​របស់​បារាំង​នៅក្នុងនាម​ជា​ស្ថាបនិក និង​ជា​សហប្រធាន​សន្និសីទ​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​ដែល​នាំទៅដល់​ការសម្រេចបាន​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ ១៩៩១ ​ដែលជា​ការរួមចំណែក​យ៉ាងខ្លាំង​របស់​បារាំង​នៅក្នុង​ការ​​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ​ចាប់ពីពេលនោះ​មក​»​។​

​សារៈសំខាន់​រវាង​កម្ពុ​ជា និង​បារាំង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក តាន់ ហ្ស​ង់ ហ្រ្វង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​លើ​កិច្ចការបរទេស​បាន​ថ្លែង​នា​សន្និសីទ​សារព័ត៌​​មាន​កាលពី​ល្ងាច​ថ្ងៃទី​ ​២០ ខែមករា​ ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហ៊ុន ម៉ា​ណែ​ត នា​ប្រទេស​បារាំង​កន្លងទៅនេះ​ពិតជា​ព្រឹត្តិ​ការណ៍​មួយ​សំខាន់​មែន ទែន សម្រាប់​ទំនាក់ទំនង​ក​ម្ពុ​ជា​-​បារាំង​ចាប់ពីពេលនេះ​តទៅ ក្នុង​សម័យកាល​ថ្មី សករាជ​ថ្មី​។​

​លោក​ថ្លែងថា​៖ «​បា​រាំងជា​មិត្ត​ជិតស្និទ្ធ​ជាងគេ​បង្អស់​មួយ​របស់​កម្ពុជា​នៅ​អឺរ៉ុប បានផ្តល់​កិត្តិយស​ដ៏​ធំធេង​ហួស​ពី​ការ​ស្មាន​ដល់​សម្តេច​ធិបតី​និង​ដល់​ប្រទេស​កម្ពុជា​យើង​ក្នុងនោះ​ថ្នាក់ដឹកនាំ​កំពូល​បំផុត​ទាំងអស់​របស់​បារាំង​សុទ្ធតែ​បានទទួល​ជួប​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​មាន ប្រធានាធិបតី​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​ថ្មី​របស់​បារាំង​ផងដែរ​»​។

លោក បន្តថា នេះ​ជា​សារៈសំខាន់​ ១​ ទៀត​ដែល​កម្ពុជា និង​បារាំង​បាន​រកឃើញ​នូវ​ជំហរ​រួម​ច្រើន​មិនដែល​មាន​ឡើយ​ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​កន្លងទៅនេះ រាប់​ចាប់ពី​ឆ្នាំ​ ១៩៩៣ ​មក ដែល​ជំហរ​រួមគ្នា​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ តំបន់ និង​ទាំង​ក្នុង​ក្រប​ខ័​ណ្ឌ​អន្តរ​រដ្ឋ​កម្ពុជា​-​បារាំង​។​

​កម្ពុជា និង​បារាំង​ មាន​ផល​ប្រយោជន៍​រួមគ្នា​កាន់តែច្រើន​ដូច​មានចែង​ជាក់ស្តែង និង​ជា​លាយ​លក្ខណ៍​អក្សរ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ក្រោយ​ជំនួប​រវាង​លោក​ហ៊ុន ម៉ា​ណែ​ត និង​ប្រ​ធា​នា​ធិបតី​បារាំង​។ ជំហរ​រួម​រវាង​កម្ពុជា​និង​បារាំង រួមមាន​៖​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​, ចក្ខុវិស័យ​នៃ​ការពង្រឹង​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ ២ និង​ការពង្រឹង​ទំនាក់ទំនង រវាង​បារាំង​និង​អាស៊ាន​, ការពង្រឹង​ពហុភាគី​និយម​និង​សហប្រតិបត្តិ​ការ​ដើម្បី​រក្សា និង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​ពិភពលោក និង​អាស៊ី រួម​នឹង​ជំហរ​រួមគ្នា​នៅ​ចំពោះ​មុ​ខ្រ​ហ្វង់​កូ​ហ្វូ​នី និង​តម្លៃ​ន្រៃ​ហ្វង់​កូ​ហ្វូ​នី​ជាដើម​។​

​លោក តាន់ ហ្ស​ង់ ហ្រ្វង់​ស័​រ បញ្ជាក់ថា​៖«​ជំហរ​រួម​ទាំងនេះ បានបង្ហាញ​ឱ្យឃើញ​ភ្លាមៗ​នូវ​លទ្ធផល​ធំៗ ចំនួន​ ៤ ក្នុងនោះ​មាន​៖ កិច្ចការ​នយោបាយ វប្បធម៌​និង​ភាសា វិស័យ​ថាមពល និង​ក្នុង​កិច្ចការ​សេដ្ឋកិច្ច ដែល​កម្ពុជា​និង​បារាំង បន្ដ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ដោយ​ផ្ដោតលើ​វិនិយោគ​និង​ពាណិជ្ជកម្ម​»​។​

​មួយវិញទៀត ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ទទួល​ជួប​ក្រុមហ៊ុន​មិន​ត្រឹមតែ​បារាំង​ទេ ថែមទាំង​បាន​ជួប​ក្រុមហ៊ុន​មកពី​ចិន សិង្ហ​បុរី អា​មេ​រិ​ក ហើយ​ទស្សនកិច្ច​នេះ ក៏មាន​ភាពជោគជ័យ​នៃ​ការ​សំណេះ​សំ​ណា​ល​រវាង​លោក ហ៊ុន ម៉ា​ណែ​ត និង​សហគមន៍​ខ្មែរ​នៅ​អឺរ៉ុប​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ដែរ​។​

​ការទាក់ទាញ​អ្នកវិនិយោគ​លោក​ហ៊ុន ម៉ា​ណែ​ត​បានលើកឡើង​នៅ​ចំពោះមុខ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃទី ​១៨ ខែមករា ដោយ​មោទនភាព​ថា ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​ឯកជន​នៅក្នុង​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ​២ ​បាន​កើន​ឡើងជា​លំដាប់​នៅលើ​គ្រប់​វិស័យ​។ លោក​សង្កត់ធ្ងន់ថា​៖«​ក្នុងន័យនេះ ខ្ញុំ​ចង់ឃើញ​
​ទំនាក់ទំនង​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​យើង​ទាំង ២​ កាន់តែ​មានការ​កើនឡើង នៅក្នុង​ទំហំ​នៃ​ទំនាក់ទំនង​របស់​យើង​មានការ​កើនឡើង​ទ្វេដង​ថែមទៀត​»​។​

​លោក​បន្ថែមថា ៖ «​ខ្ញុំ​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​រប​ស់​ខ្ញុំ​នៅ​ប្រទេស​បារាំង​នាពេលនេះ ជាពិសេស​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​នឹង​អាចឱ្យ​យើង​ជជែក​គ្នា​នៅក្នុង​កិច្ចការងារ​ដែល​ត្រូវ​បន្តទៅទៀត នៅក្នុង​ការ​​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បារាំង​»​។​

​យោងតាម​សេចក្តីប្រកាស​ព័​ត៌​​មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏បាន​លើកឡើង​ដែរ​ថា លោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​ជា​អធិបតី​ក្នុង​វេទិកា​ធុ​រ​​កិច្ច​បារាំង​-​កម្ពុជា ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចំនួន ១១០ ក្នុងនោះ ៨០ ក្រុមហ៊ុន​មកពី​ប្រ​ទេស​បារាំង និង​ ៣០ ​ក្រុមហ៊ុន​មកពី​ប្រទេស​កម្ពុជា​។ វេទិកា​នេះ​មាន​គោលដៅ​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​បារាំង​ជាពិសេស​ការលើក​កម្ពស់​កាលានុវត្តភាព​ធុរកិច្ច វិនិយោគ​និង​ពាណិជ្ជកម្ម​។

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ទទួល​ជួប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​បារាំង​លំដាប់​អន្តរជាតិ​ចំនួន ១១ ​ក្រុមហ៊ុន​ផងដែរ​។ លោកនាយក​​រដ្ឋមន្ត្រី ក៏បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​ក្នុង​វិស័យ ឯកជន​ចំនួន​ ៦ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ប្រទេស​និយាយ​ភាសា​បារាំង ក៏ដូចជា​គាំទ្រ​ដល់​ធុរកិច្ច ប្រទេស​និយាយ​ភាសា​បារាំង តាមរយៈ​ការរៀបចំ​ជំនួប​ពាណិជ្ជ​កម្មស​ន្និ​សីទ សិក្ខាសាលា​និង​ព្រឹត្តិការណ៍​ធុរកិច្ច​។​

​លោក​តាន់ ហ្ស​ង់ ហ្រ្វង់ស័​របា​ន​ថ្លែងឱ្យដឹងថា អ្នកវិនិយោគ​បរទេស​បាន​មើលឃើញថា កម្ពុជា​នឹង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ ពេញមុខ​ពេញមាត់​ដូច​គេឯង​ដែរ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​នៅ​ត្រូវការ​ជំនួយ​បរទេស​នៅឡើយ ក៏ប៉ុន្ដែ​កម្ពុជា​កំពុងតែ​ផ្លាស់ប្តូរ និង​ក្លាយទៅជា​ទីតាំង​មួយ​នៃ​ការវិនិយោគ​។

លោក​ថ្លែងថា​៖«​បន្តិច​ម្តងៗ​កម្ពុជា​នឹង​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ពេញមុខ​ពេញមាត់​ដូច​គេឯង​ដែរ ឱ្យតែ​ស្ថានភាព​ទូទៅ​ក្នុងប្រទេស​អំ​ណោ​យ​ផល​។ ជនបរទេស​ខ្លះ​ដែល​ចូល​កម្ពុជា ដែល​ខ្លះមក​កាលពី ​១០​ ឆ្នាំមុន និង​មកដល់​នាពេល​បច្ចុប្បន្ន​មានការ​ភ្ញាក់ផ្អើល ដោយ​ឃើញ​កម្ពុជា ផ្តើម​រីក​លូត​លាស់​លឿន​រហ័ស​។ កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា គឺជា​កំណើនសេដ្ឋកិច្ច​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន នៅក្នុង​ឆ្នាំ​ ២០២៣ ​កន្លងទៅ​»​។​

​លោក​បន្តថា នៅក្នុង​ស្មារតី​សាមគ្គីភាព​ជាតិ ទោះបី​មាន​ភាព​មមាញឹក​យ៉ាងណាក៏ដោយ​លោក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​ក៏បាន​ចំណាយ​ពេលវេលា​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​បងប្អូន​សហ​​គម​ន៍​ខ្មែរ​រស់នៅ​ទ្វីបអឺរ៉ុប​ប្រមាណ​ជាង ​២ ពាន់​នាក់ ដែល​ជំនួប​នេះ ក៏​មិន​ខុសពី​គន្លង​របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ដែរ គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ និង​
​តម្រូវការ​ចាំបាច់​នានា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​អឺរ៉ុប ព្រមទាំង​ផ្តល់ព័ត៌មាន​ពី​ស្ថានភាព​ជាទូទៅ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​មាតុប្រទេស​។​

​បារាំង​-​កម្ពុជា​លើកកម្ពស់​ទំនាក់​ទំនង​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​បារាំង​និង​កម្ពុជា​បាន​ឯកភាព​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី ក្នុង​គោលដៅ​សម្រេចបាន​នូវ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដោយ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ី​ជម្រៅ​រវាង​ប្រទេស​ទាំង​ ២​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស ក៏បាន​លើកឡើង​ឱ្យដឹង​ដែរ​ថា ទាំងនេះ​គឺជា​សក្ខីភាព​ដ៏​វិសេសវិសាល​ចំពោះ​សក្ដា​នុ​ពល​ថ្មី​នៅក្នុង​ទំនាក់ទំនង​ស្និទ្ធ​ស្នាល​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង​ក្នុង​រយៈពេល​ជាង ​១៨០​ ឆ្នាំ​។ ក្រសួង​ការបទេស​បញ្ជាក់ថា​៖«​ដោយ​កត់សម្គាល់ឃើញ​នូវ​សម្ទុះ​រីកចម្រើន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ​២  ថ្នាក់ដឹកនាំ​ទាំង ២ បាន​ឯកភាពគ្នា​លើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ក្នុង​គោលដៅ​សម្រេចបាន​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែលជា​សក្ខីភាព​យ៉ាង​ជាក់​ច្បាស់​នូវ​ភាព​ស៊ីជម្រៅ​នៃ​ចំណងមិត្តភាព​ជិតស្និទ្ធ​យូរអង្វែង​រវាង​ប្រទេស​ទាំង ​២»​។​

​ប្រភព​ដដែល​បន្តថា ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ ភាគី​កម្ពុជា និង​បារាំង​បាន​ផ្ដោត​សំខាន់​ទៅលើ​ការបន្ត​ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ស៊ីជម្រៅ​
​រវាង​ប្រទេស​ទាំង ​២ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ ២ និង​បាន​ប្តេជ្ញា​បន្ត​រឹតចំណង​រវាង​ក្រុម​មិត្តភាព​នៃ​សភា​ទាំង​ ២​ ថ្នាក់​របស់ ប្រទេស​ទាំង ​២​។ ភាគី​ទាំង​ ២​ ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​មោះមុត​ក្នុងការ​ជំរុញ​កិច្ច​ការទូត​សភា​តាម​រូបភាព​នៃ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​សភា ដើម្បី​ចែករំលែក​បទពិសោធន៍​ការងារ​សភា និង​ធ្វើ​កិច្ចសហ ប្រតិបត្តិការ​ទ្វេ​ភាគី​ទាំង​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់ និង​កម្រិត​សមាជិក​តាម​តំបន់​ក៏ដូចជា​កម្រិត​អន្តរជាតិ​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​បារាំង​មកដល់ពេលនេះ​កំពុង​តែមាន​ការវិវឌ្ឍ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត​នេះដែរ ភាគី​ទាំង​ ២​ កាន់​តែ​ខិត​ជិតគ្នា​ឡើង និង​បាន​ឯក​ភាព​គ្នា មាន​ទស្សនៈ​រួមគ្នា​លើ​បញ្ហា​ធំៗ​ជាច្រើន​រាប់ទាំង​បញ្ហា​ដែលជា​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​ដែលជា​កង្វល់​រួម​នៅក្នុង​កម្រិត​តំបន់ និង​សកលលោក​។​

​លោក គិ​ន ភា បញ្ជាក់ថា ៖ «​ការប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ដែល​នឹង​ដំឡើង​កម្រិត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ​២ ​ឱ្យទៅជា​ភាព​ដៃគូ​ជា​យុទ្ធ​សាស្ត្រ​នេះ ខ្ញុំ​គិតថា ជា​កាលានុវត្តភាព​សម្រាប់​កម្ពុជា ទាំងវិស័យ​នយោបាយ សេដ្ឋកិច្ច ពា​ណិ​ជ្ជ​កម្ម ទេសចរណ៍ វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​»​។ 

​លោក​ក៏​បង្ហាញ​ក្តីសង្ឃឹម​ផងដែរ​ថា តាមរយៈ​ការ​ប្តេជ្ញាចិត្ត​របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ​២ ​ក្នុងការ​ដំឡើង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២​ នេះ គឺ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​
​ពិពិធ​ភាព​នៅក្នុង​នយោបាយការទូត​របស់ខ្លួន ហើយ​បារាំង​នឹង​ក្លាយជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ ​ឬ​បស្ចិម​លោក​ដំបូង​គេ​ដែល ដំឡើង​កម្រិត​ទំនាក់ទំនង​ជាមួយនឹង​ប្រទេស​កម្ពុជា​៕