ភ្នំពេញៈ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានផ្តាំផ្ញើដល់សមាជិកសមាជិកាបក្សដែលកំពុងបម្រើការងារជូនរដ្ឋាភិបាលទាំងនៅតាមក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំបំពេញការងាររៀងៗខ្លួនបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងរួមគ្នារក្សាឱ្យបានសន្តិភាព ស្ថិរភាពសង្គម ទោះត្រូវបង់ខាតក្នុងតម្លៃណាក៏ដោយ។
ការផ្តាំផ្ញើនេះធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រមាណជិត ៣ ០០០ នាក់ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ នៅវិមាន ៧ មករា។ នេះបើយោងតាម ខ្លឹមសារផ្សព្វផ្សាយលើហ្វេសប៊ុករបស់លោកហ៊ុន សែន។
ក្នុងពិធីនេះដែរ លោក ហ៊ុន សែន បានសួរសុខទុក្ខ និងថ្លែងអំណរគុណដល់សមាជិកគណបក្សប្រជាជន និងបានលើកឡើងពីសមិទ្ធផលនានានៅគ្រប់អាណត្តិ ជាពិសេសក្នុងអាណត្តិទី៦ និងទី៧ នៃរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយបានរក្សាសន្តិភាព សណ្តាប់ធ្នាប់ ស្ថិរភាពសង្គម ហើយអាចគ្រប់គ្រងស្ថានភាពកូវីដ ១៩ បានល្អ ព្រមទាំងបានធានាបានកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបានបញ្ជាក់ថា៖ «ក្នុងកាលៈទេសៈដ៏លំបាកនៃការរាលដាលជំងឺកូវីដ ១៩ និងវិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានបង្កើតនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋតាមរយៈការផ្ដល់សាច់ប្រាក់ ក៏ដូចជាជំនួយផ្សេងៗជាច្រើនទៀត»។
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានណែនាំដល់សមាជិកបក្សដែលកំពុងបំពេញការងារនៅស្ថាប័នរដ្ឋនិងនៅតាមស្ថាប័ននានាត្រូវរួមគ្នារក្សាសន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក្តី ដើម្បីធានាកំណើនម៉ាក្រូសេដ្ឋកិច្ច ហើយត្រូវអនុវត្តឱ្យបានល្អយុទ្ធសាស្ត្របញ្ចកោណក្នុងអាណត្តិទី៧ នេះ។
ទន្ទឹមនឹងនេះ លោកក៏ផ្តាំផ្ញើដល់សមាជិកដែលកំពុងធ្វើការងារជាអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ រក្សាសណ្តាប់ធ្នាប់ ដោយអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបបទល្មើសផ្សេងៗដូចជាចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ថា៖ «ត្រូវយកចិត្តទុកដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២១ មករាថា ការជួបជុំសំណេះសំណាលរវាងប្រមុខគណបក្សជាមួយសមាជិកសមាជិកា ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់នេះ គឺដើម្បីជំរុញស្មារតីសមាជិកខ្លួនឱ្យត្រៀមលក្ខណៈល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ និងដើម្បីលើកឡើងពីសមិទ្ធផលដែលខ្លួនបានសាងឡើងកន្លងទៅផង។
លោកបានបញ្ជាក់ថា៖ «សមិទ្ធផលរបស់សម្តេចតេជោលើកឡើងក្នុងអង្គពិធី គឺជាការពិតជាក់ស្តែងនៃស្នាដៃរបស់គណបក្សប្រជាជន កម្ពុជានៅក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន បម្រើផលប្រយោជន៍កម្ពុជាយើងទូទាំងប្រទេស។ ដូច្នេះហើយ ទើបគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាជនលើសលប់ លើសពី ៧០ ភាគរយ ៨០ ភាគរយទៅហើយ»។
លោក សុខ ឥសាន បានបន្ថែមថា ជំនួបនេះក៏ជាការបង្ហាញពីមោទនភាពនៃភាពជាអ្នកដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ ទៅដល់បណ្តាសមាជិក សមាជិការបស់ខ្លួន៕