ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ ជាផែនទីបង្ហាញផ្លូវសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក និងប្រទេសដទៃទៀតលើបញ្ហានយោបាយ សនិ្តសុខ និងបញ្ហាសិទ្ធិមនុស្ស ក្នុងកម្រិតសកលលោក តំបន់ និងអនុតំបន់។
កិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ ធ្វើឡើងក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាពរួមក្នុងពិភពលោក» នាទីក្រុងកាប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា កាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤។
កិច្ចប្រជុំពិភាក្សានេះដែរ ប្រមុខរដ្ឋ រដ្ឋាភិបាល និងគណៈប្រតិភូនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ចំនួន ៩០ ប្រទេស បានលើកទ្បើងពីបញ្ហាចម្បងៗដូចជា៖ បញ្ហានយោបាយ សន្តិសុខ គោលការណ៍ច្បាប់អន្តរជាតិ បញ្ហាការប្រែប្រួលអាកាសធាតុ ក៏ដូចជាវិបត្តិសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ជាពិសេសសង្គ្រាមរវាងប៉ាទ្បេស្ទីន និងអ៊ីស្រាអែលជាដើម។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងតាមរយៈហ្វេសប៊ុករបស់លោកថា ជាង ២ ទសវត្សរ៍កន្លងទៅនេះ កម្ពុជាបានដោះស្រាយបញ្ចប់ជម្លោះផ្ទៃក្នុងជាស្ថាពរ បានអនុវត្តកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និងសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧% ដោយបានឆ្លងផុតពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
លោកបន្តថា ក្រោយការបោះឆ្នោត ឆ្នាំ ២០២៣ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សំដៅសម្រេចឱ្យបានឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
ទន្ទឹមនេះដែរ លោកលើកឡើងថា ប្រទេសកម្ពុជា គាំទ្រទាំងស្រុងលើខ្លឹមសារនៃកិច្ចប្រជុំកំពូលនាពេលនេះ ដែលផ្តោតលើបញ្ហាអព្យាក្រឹតភាពនៃនយោបាយ-សន្តិសុខ ដើម្បីជំរុញការកសាងសហគមន៍ពិភពលោកមួយ ចែករំលែកដោយគុណតម្លៃ សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តដ៏ស្មោះត្រង់រួមគ្នា ដើម្បីកសាងពិភពលោកឱ្យក្លាយជាកន្លែងដ៏ល្អប្រសើរសម្រាប់ទាំងអស់គ្នា និងដើម្បីធ្វើឱ្យមានសុខដុមនីយកម្មជាមួយគ្នាក្នុងវប្បធម៌ និងអរិយធម៌ចម្រុះ។
លោកបញ្ជាក់ថា៖ «កម្ពុជាគាំទ្រទាំងស្រុងចំពោះការអនុម័តឯកសារផលសម្រេច នៃកិច្ចប្រជុំកំពូលលើកទី១៩ នៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃចលនាមិនចូលបក្សសម្ព័ន្ធ។ វានឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការ ក្នុងចំណោមប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ និងប្រទេសដទៃទៀតលើបញ្ហានយោបាយ សនិ្តសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាសិទ្ធិមនុស្សក្នុងកម្រិតសកលលោក តំបន់ និងអនុតំបន់»។
កន្លងមកកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅគាំទ្រកិច្ចប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន៩ និងបានប្តេជ្ញាចិត្តប្រកាន់ខ្ជាប់ពហុភាគីនិយម និងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។
លោក ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ថា៖ «កម្ពុជា បានប្រឆាំងនឹងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយការប្រើប្រាស់កម្លាំង និងអំពាវនាវឱ្យភាគី ដែលកំពុងច្បាំងគ្នាប្រើប្រាស់យន្តការដោះស្រាយវិវាទដោយសន្តិវិធី។ ដូច្នេះ ចលនាមិនចូលបក្សសម្ព័ន្ធ គួរតែបន្តជាតួអង្គកត្តាលីករសម្រាប់កសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសតវត្សរ៍ដែលកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញនេះ»។
សូមបញ្ជាក់ថា ចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement-NAM) ត្រូវបានបង្កើតទ្បើងនៅឆ្នាំ ១៩៦១ នៅក្នុងពេលសង្គ្រាមត្រជាក់ បន្ទាប់ពីប្រទេសអាស៊ី និងអាហ្រ្វិកបានជួបប្រជុំគ្នានៅទីក្រុងបាន់ឌុង (Bandung) ប្រទេសឥណ្ឌូនេស៊ី និងបានចេញសេចក្តីថ្លែងការណ៍ទីក្រុងបាន់ឌុង «បញ្ចសិលា» ឬគោលការណ៍ ១០ ចំណុច ស្តីពីសន្តិសហវិជ្ជមាន។
គោលការណ៍ទាំងនោះរួមមាន៖ គោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, គោរពអធិបតេយ្យភាព និងបូរណភាពដែនដី, សមភាពនៃប្រទេសតូច និងធំ, មិនលូកដៃចូលកិច្ចការផ្ទៃក្នុង, គោរពសិទ្ធិស្វ័យការពារ, មិនប្រើកម្លាំងដើម្បីការពារផលប្រយោជន៍ប្រទេសធំ,មិនប្រើកម្លាំងយោធាឬគំរាមប្រើប្រាស់កម្លាំងយោធាប្រឆាំងប្រទេសអធិបតេយ្យ,ការដោះស្រាយជម្លោះដោយសន្តិវិធី,ការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងការគោរពយុត្តិធម៌ និងកាតព្វកិច្ចអន្តរជាតិ។
មកដល់ពេលបច្ចុប្បន្ននេះ ចលនាមិនចូលបក្សសម្ព័ន្ធ មានសមាជិកចំនួន ១២០ ប្រទេសប្រទេសសង្កេតការណ៍មានចំនួន ១៨ និងអង្គការសង្កេតការណ៍មាន ១០ ស្ថាប័ន៕