មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បានទទួល​ថវិកា​ចំនួន ៥០ ០០០ ​ដុល្លារ​អាមេរិក ជា​ព្រះ​រាជអំណោយ របស់​ព្រះ​មាតា​ជាតិខ្មែរ ដើម្បី​ប្រើប្រាស់​ក្នុង​កិច្ចការងារ​រំដោះ​មីន ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន ក៏ដូចជា​ផ្ដល់​ដី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ការ​បង្កបង្កើនផល​។​


លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បានឱ្យដឹងថា ព្រះមហាក្សត្រី​នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជ​ទ្រព្យ​ដ៏​ថ្លៃថ្លា​បំផុត​ចំនួន ៥០ ០០០​ ដុល្លារ ដល់​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុង​បុព្វហេតុ​ការងារ​របស់​អង្គភាព​លោក​។ 

 លោក​បានឱ្យដឹងថា​៖ «​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​នាពេលនេះ ក៏ដូចជា​នាពេល​កន្លងមក ទាំង​ព្រះរាជ​អំ​ណាយ​ជា​ថវិកា និង​ជា​សម្ភារ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន រំដោះ​ផ្ទៃដី​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ​សម្រាប់​បង្កបង្កើនផល លើកកម្ពស់​ជីវភាពរ​ស់​នៅ និង​គាំទ្រ​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​»​។​
​លោក ហេង រតនា បាន​បន្ថែមថា ព្រះរាជ​អំណោយ​នេះ បានបង្ហាញ​ពី​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់បំផុត​ដល់​កងកម្លាំង​ដោះមីន​ទាំងអស់​របស់​អង្គភាព​ស៊ីម៉ាក់ ដែល​កំពុង​បំពេញ​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​។​


ដោយឡែក​នៅ​ថ្ងៃទី​២២ ខែមករា ដែរ លោក ហេង រតនា ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​មកពី​តំបន់​អា​ហ្រិ្វ​ក​ចំនួន ៤​ ប្រទេស ដែល​ដឹកនាំ​ដោយ​លោកស្រី Eric Komukai​ ទីប្រឹក្សា​ជាន់ខ្ពស់​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ (JICA) ប្រចាំ​ទីក្រុង​តូ​ក្យូ រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង ប្រទេស​សូ​ម៉ាលី ប្រទេស​អេ​ត្យូ​ពី និង​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព​ស៊ីម៉ាក់ បានឱ្យដឹងថា ក្នុងជំនួប​នេះដែរ ថ្នាក់ដឹកនាំ​នៃ​អង្គភាព​ស៊ីម៉ាក់ បានបង្ហាញ​គណៈប្រតិភូ​ពី​សកម្មភាព​ការងារ​ស្នូល​របស់ខ្លួន​ក្នុង​ភាពជា​ដៃគូ​វិស័យ​សកម្មភាព​មីន ការ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​។ ជាពិសេស​គឺ​ការបណ្តុះបណ្តាល​លើ​វិស័យ​សកម្មភាព​មីន​ជូន​ដល់​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុងនោះ​ក៏មាន​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ផងដែរ​។  


​តាមរយៈ​អង្គភាព​ស៊ីម៉ាក់ គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​នៃ​តំណាង​ប្រទេស​នីមួយៗ​បានទទួល​ស្គាល់ ព្រមទាំង​ចាប់អារម្មណ៍​ជាខ្លាំង ចំពោះ​សមត្ថភាព ភាពខ្លាំង និង​ជោគជ័យ​របស់​អង្គភាព​ស៊ីម៉ាក់​កន្លងមក​។ 

​សូមបញ្ជាក់ថា អង្គភាព​ស៊ីម៉ាក់ សហការ​ជាមួយ ​JICA នឹង​រៀបចំ​សិក្ខាសាលា​ស្តីពី «​ភាពជា​ម្ចាស់​ដ៏​រឹងមាំ នៃ​ស្ថាប័ន​ជាតិ​សម្រាប់​កិច្ចប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​វិស័យ​សកម្មភាព​មីន​» ជូន​ដល់​ថ្នាក់ដឹកនាំ​មកពី​តំបន់​អាហ្វ្រិក​ដែលមាន​ចំនួន ៤ ប្រទេស ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៤៕