​ភ្នំពេញៈ​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​មកពី​ខេត្ត​ក្រចេះ ​ស្ទឹង​ត្រែង ព្រះ​វិហារ​ និង​កំពង់​ធំ ដែល​កំពុង​អាស្រ័យ​ផល និង​មាន​ជំនឿ​លើ​វប្ប​ធម៌ ​ទំនៀម​ទម្លាប់ ​ប្រពៃណី​ជា​ជន​ជាតិ​ដើម​ភាគ​តិច​កួយ នឹ​ង​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់ និង​បំបួស​ដើម​ឈើ ​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​ ដើម្បី​រំឭក​គុណ​ដល់​ព្រៃ​ឈើ ​និង​បួង​សួង​សុំឱ្យ​ព្រៃ​ឡង់​នៅ​គង់វ​ង្ស​។​


​លោក ​ហឿន សុភាព សមា​ជិក​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់ ​មកពី​ខេត្ត​កំពង់ធំ​ បាន​ប្រាប់​ថា​ ការ​ប្រារព្ធ​ពិធី​បុណ្យ​ព្រៃ​ឡង់​ និង​បំបួស​ដើម​ឈើ​នេះ ​គឺ​បណ្ដាញ​សហ​គមន៍​ទាំង​ ៤​ ខេត្ត ​បាន​រៀបចំ​ប្រា​រព្ធជា​រៀងរា​ល់ឆ្នាំ ​ហើយ​ឆ្នាំនេះ គ្រោង​មាន​អ្នក​ចូល​រួម​ពី​បណ្ដាញ​សហគ​មន៍​ព្រៃ​ឡង់​ទាំង​ ៤​ ខេត្ត​ អាជ្ញា​ធរ​មូល​ដ្ឋាន ​អង្គការ​ដៃគូ ​ក៏ដូ​ចជា​ភ្ញៀវ​ជាតិ និង​អន្តរជា​តិ ​សរុប​ប្រមាណ​ជា​ ៤០០ ​នាក់​។ 

​លោក​បាន​ឱ្យ​ដឹង​ថា ​ពិធី​នេះ​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ចំណុច​ដំណាក់​ធំ ក្នុង​តំបន់​ព្រៃ​ឡង់ ​ត្រង់ព្រំ​ប្រទល់​រវាង​ខេត្ត​កំពង់​ធំ ​ក្រចេះ និង​ស្ទឹង​ត្រែង នៅ​​ថ្ងៃទី​១៤ ​ដល់​ថ្ងៃទី​១៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ​ដោយ​មាន​រៀប​ពិធី​សែន​ព្រេន​តាម​បែប​ប្រពៃ​ណី​ជន​ជាតិ​ដើម​ភាគ​តិច ​និង​តាម​បែប​សា​សនា ​ជា​ពិសេស​នៅ​ពេល​រាត្រី​មាន​ការ​រៀបចំ​របាំ​វាយ​ខែល របាំ​ទន្សោង​ និង​របាំ​វង់​ភ្លេង​បុរាណ​ជា​ដើម​។​


​លោក​បាន​ឱ្យ​ដឹង​ទៀត​ថា៖«​ពិធី​បុណ្យ​ព្រៃ​ឡង់ ​និង​បំបួស​ដើម​ឈើ​នេះ ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឧទ្ទិស និង​រំឭក​គុណ​ដល់​ព្រៃ​ឈើ និ​ង​បួង​សួង​សុំឱ្យ​ព្រៃ​ឡង់​នៅ​គង់​វង្ស​ រក្សា​នូវ​អត្ត​សញ្ញាណ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ដែល​រស់​នៅ​ពឹង​អា​ស្រ័យ​ផល​នឹង​ព្រៃ​ឈើនិ​ង​ដើម្បី​ផ្សព្វ​ផ្សាយ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រជា​សហ​គមន៍​ ក៏​ដូចជា​សា​ធា​រណ​ជន​ពី​សក្ដានុ​ពល​របស់​ព្រៃ​ឡង់​ផង​ដែរ​»​។​

​បើតា​ម​លោក ហឿ​ន សុភាព ក្នុង​ឆ្នាំនេះ​ បណ្ដាញ​​សហ​គមន៍​ទាំង​៤​ខេត្ត​បាន​ស្នើ​សុំ​កិច្ច​សហ​ការ​ជា​មួយ​ក្រសួងប​រិស្ថាន​ មន្ទីរ​ប​រិស្ថាន និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ ដើម្បី​អនុញ្ញាត​ឱ្យ​សហ​គមន៍​បាន​ប្រារព្ធ​ពិធី​បំបួស​ដើម​ឈើ​នេះ​នៅ​តំបន់​ព្រៃ​ឡង់​ បន្ទាប់​ពី​ពិធី​បំបួស​ដើម​ឈើ​កន្លង​ទៅ ​ក្រសួង​បរិ​ស្ថានបា​ន​ហាម​ប្រារព្ធ​ក្នុង​តំបន់​ព្រៃ​ឡង់​។

​ជុំវិញ​ការ​ប្រារព្ធ​ពិធី​បំបួស​ដើម​ឈើ​នេះ​ដែរ​ លោក​ ម៉ែន គុង អ្នក​នាំ​ពាក្យ​សា​លាខេ​ត្ត​ស្ទឹង​ត្រែង​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា ​អា​ជ្ញាធ​រខេត្ត​នឹងមិ​ន​មាន​ការ​ហា​មឃាត់​ទេ​ចំពោះ​ការ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ក្នុង​ករណី​សហគ​មន៍​ទាំង​នោះ​ត្រូវបា​ន​ទទួល​ស្គាល់​ និង​បាន​ចុះប​ញ្ជី​ត្រឹម​ត្រូវ​ជាមួយ​ក្រសួង​មហា​ផ្ទៃក៏ដូចជា​​អាជ្ញា​ធរ​មូល​ដ្ឋាន​។ 


​លោក​បាន​បន្ត​ថា ​ក្នុង​តំបន់​ព្រៃ​ឡង់​ មិនមែ​ន​អាច​ចេញ​ចូល​សេរី​បាន​ទេ ​ដោយ​សារ​រាជ​រដ្ឋា​ភិបាលបាន​ដាក់​តំបន់​នេះ​ជា​ព្រៃ​កា​រពារ និង​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ផងដែ​រ​។​

​លោក​ ម៉ែន គុ​ង បាន​ថ្លែងថា​៖ «​ទោះបី​ជា​យ៉ាងណា​ក៏ដោ​យ ​ឱ្យតែ​មានកា​រ​រៀបចំ​ព្រឹត្តិ​ការណ៍​ដែល​ទាក់ទ​ង​ព្រៃឈើគឺ​សុទ្ធតែ​បាន​រួម​ចំណែក​លើក​កម្ពស់​ការកា​រ​ពារ​ធន​ធាន​ធម្មជាតិ​ដ៏​មាន​សារៈ​សំខាន់​ទាំងនោះ​ ក៏​ប៉ុន្តែ​ក្នុង​កិច្ចការ​ដ៏​មាន​សារៈ​សំខាន់​ហ្នឹង​គឺ​ត្រូវ​ការ​កិច្ចស​ហប្រ​តិបត្តិ​ការនិង​ការអ​នុវត្ត​ទៅតា​ម​គោល​ការណ៍​នានា​ដែល​មាន​ជា​ធរមាន​»​។​

​សហ​គម​ន៍​មាន​សិទ្ធិ​អាច​ប្រារព្ធពិ​ធី​នេះ​បាន​ហើយ​ប្រសិនបើ​ចង់​​រៀបចំ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​ពួក​គាត់​ត្រូវ​មាន​ការ​ស្នើសុំ​​ការ​អនុញ្ញា​ត​ពី​ក្រសួង​បរិ​ស្ថាន​ជា​មុនសិ​ន ​ដើម្បីឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​នៅក្នុង​តំ​បន់​ដែល​គ្រប់​គ្រង​ទាំង​អស់នោះ​​របស់​អាជ្ញា​ធ​រ​។ នេះ​បើតាម​​ការប​ន្ថែម​របស់​លោក ​ម៉ែន គុង​។​

​ចំណែក​លោក​សុង ​ច័ន្ទ​សុជាតិ​ ប្រធាន​មន្ទីរ​បរិ​ស្ថាន​ខេត្ត​ព្រះវិហា​រ ក៏បា​ន​ថ្លែង​ដែរ​ថា អ្វី​ដែល​សហ​គមន៍ ​តែងតែ​រៀបចំ​ធ្វើ​នេះ ​បាន​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ទៅដល់​សាធា​រណជ​ន​ឱ្យដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ការពារ​តំបន់​ព្រៃ​ឡង់ ក៏​ដូច​ជា​លើក​កម្ពស់​កិច្ច​ការ​ងារ​អភិ​រក្ស​របស់​សហ​គម​ន៍ និង​របស់​ក្រសួង​បរិ​ស្ថាន​ជា​ដើម​។
 
​លោក​បាន​បន្ត​ថា ​ក៏ប៉ុន្តែ​បណ្ដាញ​សហ​គមន៍​របស់​ពួក​គាត់​​មិន​ដឹង​មកពី​ខាង​ណា​ទេហើ​យក៏​មិន​ទាន់​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ពី​អាជ្ញាធ​រ​ឡើយ ​ខណៈ​ដែល​ក្រសួង​ក៏មាន​បណ្ដាញ​សហ​គមន៍​ផង​ដែរ​ ដើម្បី​ធ្វើ​កិច្ច​ការ​ការ​ពារ​ធ​ន​ធាន​ធម្មជាតិ​នៅ​តាម​មូល​ដ្ឋាន​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​បើ​គាត់​ជា​បណ្ដាញ​ការពារ​ធនធាន​ធ​ម្មជាតិ​ដែរ​ យើង​សុំឱ្យ​គាត់​ត្រូវ​សហកា​រ​ជា​មួយ​ក្រសួង ប​រិ​ស្ថាន ក៏​ដូចជា​​មន្ទីរ​បរិស្ថាន ​ទៅសុំ​​ច្បាប់​អនុញ្ញាត ​សម្រាប់​ធ្វើ​ការ​រៀបចំ​ជា​មួយ​គ្នា​​ទៅ​ដើម្បី​កុំឱ្យ​គាត់​ធ្វើ​តែ​ឯង​»​។​

​ដោយ​ឡែក​នេះ ​លោក ​ផៃ ប៊ុន​ឈឿន អ្នក​នាំពា​ក្យ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​២២ ​ខែមករា​ ឆ្នាំ​២០២៤ ​មិន​បាន​ឆ្លើយ​តប​ជាមួយ​សំណួរ​ទាក់ទ​ង​នឹង​ការសុំ​អនុញ្ញាត​របស់​បណ្ដាញ​សហគ​មន៍​ព្រៃ​ឡង់ ​ដើម្បី​រៀបចំ​ពិធី​បំបួស​ដើម​ឈើ​នេះ​ នៅ​ឡើយ​ទេ​៕