ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះវិហារ Church of Jesus Christ បានប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជា ដោយគ្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូង១កន្លែង នៅក្នុងខេត្តសៀមរាប។
លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ បានលើកឡើងដូចនេះក្នុងជំនួបពិភាក្សាការងារ ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាវិមានសន្តិភាព។ នេះបើយោងតាមខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោក Elder Dale G.Renlund បានថ្លែងប្រាប់លោក ហ៊ុន ម៉ាណែត ដោយសង្ខេបនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់កិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន។
តាមរយៈខ្លឹមសារដដែលនេះ លោក Elder Dale G. Renlund បានបញ្ជាក់ថា៖ «Church of Jesus Christ មានគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូង ១ កន្លែង នៅក្នុងខេត្តសៀមរាប សំដៅជួយដល់ការព្យាបាល និងលើកកម្ពស់សុខភាពប្រជាជនកម្ពជា ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Church of Jesus Christ ក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ នៅតាមមូលដ្ឋានផងដែរ»។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល ដែលសម្រេចបានរបស់ Church of Jesus Christ ក្នុងការគាំទ្រលើគម្រោងជាច្រើន ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងគម្រោងថ្មីៗរបស់ Church of Jesus Christ ដែលបានរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើការធានាឱ្យមានសេរីភាពខាងជំនឿសាសនា និងការធានានូវសុខដុមនីយកម្មខាងសាសនានៅក្នុងសង្គមកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ «កម្ពុជាជាប្រទេស ដែលធ្លាប់បានឆ្លងកាត់នូវប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅពេលនោះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បានលុបបំបាត់ចោលទាំងស្រុងរាល់ជំនឿសាសនារបស់ប្រជាពលរដ្ឋ»។
តាមរយៈបទពិសោធន៍ដ៏ជូរចត់នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានផ្ដោតយកចិត្តទុកដាក់លើការរក្សានូវសុខដុមនីយកម្មផ្នែកសាសនា ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាព និងស្ថិរភាពពេញលេញនៅកម្ពុជា៕