ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវន និងកីឡា បានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាឧបករណ៍ដែលមិនអាចខ្វះបាន ក្នុងការធ្វើឱ្យសម្រេចបាននូវវត្ថុបំណងផ្សេងៗ ដោយសារវាមានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
លោក ហង់ ជួន ណារ៉ុន បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំកំពូលលើកទី៣នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៤ ក្រោមប្រធានបទ «កុំទុកនរណាម្នាក់ចោល»ដែលធ្វើឡើងនៅទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
លោកបានថ្លែងថា ៖ «តាមរយៈការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យើងអាចតភ្ជាប់ឧបករណ៍ឌីជីថល ស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ លើកកម្ពស់ការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងអភិវឌ្ឍការអនុវត្តសកម្មភាពទាំងឡាយណាដែលមិនប៉ះពាល់ដល់បរិស្ថាន»។
លោក ហង់ជួន ណារ៉ុន បានបន្តថា នៅក្នុងប្រវត្តិសាស្ត្រពិភពលោក មិនធ្លាប់មាន មនុស្សជាតិបានកសាងសក្តានុពល និងសមត្ថភាពក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីបង្កើតទ្រព្យសម្បត្តិដ៏មហិមា និងសុខុមាលភាពនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ពិភពលោកក៏មិនដែលជួបប្រទះភាពមិនស្មើគ្នា និងវិសមភាពបែបនេះពីមុនមកដែរ។
លោក ហង់ជួន ណារ៉ុន បន្ថែមថា បដិវត្តន៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានកាត់បន្ថយចម្ងាយ និងធ្វើឱ្យពិភពលោកនេះកាន់តែរួមតូចជាងមុន តាមរយៈការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូន និងទូរគមនាគមន៍បែបទំនើប បញ្ញាសិប្បនិម្មិត (AI) និងបដិវត្តន៍ឧស្សាហកម្មទី៤ (IR) រួមជាមួយនឹងការកើនឡើងគម្លាតរវាងអ្នកមាន និងអ្នកក្រ ក៏ដូចជារវាង ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។
លោកបានថ្លែងថា៖«បញ្ហាប្រឈមដែលយើងកំពុងជួបប្រទះបច្ចុប្បន្ន គឺមានវិសាលភាពធំធេង ប៉ុន្តែការតាំងចិត្ត និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការដោះស្រាយ ក៏មានសភាពមោះមុតផងដែរ។ ខ្ញុំជឿជាក់ថា ផ្អែកលើចក្ខុវិស័យ និងការប្តេជ្ញាចិត្តនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់អនាគតរបស់មនុស្សជាតិ យើងទាំងអស់គ្នាត្រូវជឿជាក់លើចំណេះដឹងរួមគ្នា និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបរិបទនៃពហុភាគីនិយម»។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យទាំងអស់គ្នាប្រើប្រាស់ថាមពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសាងអនាគតប្រកបដោយភាពរុងរឿង បរិយាបន្ន មានភាពធន់ និងមាននិរន្តរភាពសម្រាប់មនុស្សជាតិគ្រប់គ្នា។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី២២ ខែមករា ដោយលោកបានទទួលស្គាល់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិតជាបានរួមចំណែកដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ការប្រើប្រាស់បច្ចេកវិទ្យាមិនទាន់បានទូលំទូលាយទេ ទោះជាកម្ពុជាដើរយឺតជាងបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកក៏ដោយ ក៏បច្ចុប្បន្ននេះសូម្បីតែអ្នកលក់បន្លែត្រីសាច់ និងអ្នកអូសរទេះ ក៏មាន QR code ប្រើដែរ។
លោក ហុង វណ្ណៈ បានថ្លែងថា៖ «បើយើងនិយាយពីសេវាសាធារណៈ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើបច្ចុប្បន្នភាព ឱ្យទាន់សម័យកាលបច្ចេកវិទ្យាដែរ។ អ៊ីចឹង! សម័យភាវូបនីយកម្មនេះ យើងប្រើប្រាស់បច្ចេកវិទ្យាទាំងអស់ ដែលទាំងអស់នេះបានជួយសម្រួលដល់ប្រព័ន្ធ សេដ្ឋកិច្ចនៅក្នុងប្រទេស និងសង្គម»។
បើតាម លោក ហុង វណ្ណៈ ទន្ទឹមនឹងមានការរីចចម្រើន លើបច្ចេកវិទ្យាយ៉ាងទូលំទូលាយនេះ រាជរដ្ឋាភិបាលគួរតែជំរុញឱ្យល្បឿននៃការប្រើប្រាស់អ៊ីនធឺណិត ឱ្យបានលឿនបន្ថែមទៀត គឺពលរដ្ឋអាចប្រើប្រាស់បច្ចេកវិទ្យានេះបានលឿនផងដែរ៕