​ភ្នំពេញៈ លោក​ ទៀ បាញ់ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ​ទៅដល់​សមាជិក​សមា​ជិ​កា​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ត្រូវខិតខំ​បំពេញភារកិច្ច​រៀងៗ​ខ្លួន ស្របតាម​គោលនយោបាយ​អា​ណ​ត្តិ​ទី​​៧ និង​រួមគ្នា​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ នៃ​រដ្ឋាភិបាល​ថ្មី​។​


​លោក ទៀ បាញ់ បាន​ថ្លែង​តាម​ទូរ​ស័ព្ទ កាលពី​ថ្ងៃទី ​២២ ខែមករា​ថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បំពេញភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អជា​បន្តបន្ទាប់ ហើយ​លោក​ក៏បាន​ជួបប្រជុំ​ជាមួយនឹង​សមា​ជិ​ក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ខេត្តសៀមរាប​ផងដែរ​កាលពី​ថ្ងៃទី​ ២១ ​ខែមករា​។​

​លោក​បានឱ្យដឹងថា លោក​បាន​ចុះ​ជួប​ពួកគាត់ ដើម្បី​បង្ហាញខ្លួន​ផង និង​ដាស់តឿន​ស្មារតី​ដល់​អង្គ​បោះឆ្នោត​អសកល​ប្រចាំ​ភូមិសាស្ត្រ​ខេត្ត​សៀម​​រាប​របស់​គណបក្ស​ប្រជាជន ឱ្យ​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ចុងខែ​កុម្ភៈ ខាងមុខ​ផងដែរ​។


លោក​មានប្រសាសន៍ថា​៖ «​ការជួបជុំ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នាពេល​ខាង​មុខ ដោយសារ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ជា​អង្គ​បោះឆ្នោត ជា​អ្នកសម្រេច ហើយ​យើង​ជួបជុំ​ដើម្បីឱ្យ​សមាជិក​យើង​ក្តាប់​ព័ត៌មាន​បាន និង​បំពេញ​តួនាទី​ខ្លួន​ឱ្យបាន​ល្អ ហើយ​ពួកគេ​ក៏​ប្តេជ្ញាចិត្ត​ក្នុង​ការបំពេញ​តួនាទី​នេះដែរ​»​។​

​លោក​ ទៀ បាញ់ បានបង្ហាញ​នូវ​ការ​ជឿជាក់​ខ្ពស់​លើ​ភាពជោគជ័យ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​លើកឡើងថា អង្គ​បោះឆ្នោត​មួយ​ភាគ​ធំ​គឺជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្ទាល់​ដែល​តួលេខ​នេះ​បង្ហាញ​ពី​ជ័យជម្នះ​រួចស្រេច​ទៅហើយ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ក្នុង​ពេលខាងមុខ​។​


​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២៤ លោក ទៀ បាញ់ បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ក្នុង​ពិធី​នោះ​លោក​បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក​សមា​ជិ​ការ​គណបក្ស​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​បំពេញការងារ​របស់ខ្លួន​ដោយ​ទំនួល​ខុសត្រូវ ទាំង​ការងារ​បក្ស​ការ​ងារ​រដ្ឋបាល ដោយបាន​សម្រេច​នូវ​សមិទ្ធផល​នានា​ជាច្រើន​កន្លងទៅ​។​

​លោក​ថ្លែងថា​៖ «​មន្ត្រី​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ដែលមាន​តួនាទី​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​រួមគ្នា​បន្ត​ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងសង្គម និង​ត្រូវខិតខំ​លើកកម្ពស់ ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​បំពេញការងារ​របស់​រដ្ឋ ទៅតាម​តួ​​នាទី​ភារកិច្ច​រៀងៗ​ខ្លួន​»​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក​ សុខ​ ​ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជនកម្ពុជា បានលើកឡើង​នៅ​ថ្ងៃទី​ ២២ មករា​ថា ការចុះទៅ​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅតាម​បណ្តា​រាជធានី​ខេត្ត របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៨​ភូមិភាគ ជា​រឿង​ធម្មតា​។​

​លោក​បាន​បន្តថា ៖ «​ការចុះ​ជួប​នេះ​គឺជា​រឿង​ធម្មតា ដើម្បី​ពង្រឹង​គោល​ជំហរ​របស់​សមាជិក​គណបក្ស ជា​ពិសេស​ពង្រឹងគោលជំហ​រ​របស់​អង្គ​បោះឆ្នោត ត្រៀមខ្លួន​យ៉ាង​ស្វាហាប់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​សល់​ពេល​ជាង ១ ​ខែ​ទៀត​»​។​

​សម្រាប់​លោក​ យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​យ​ល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រាកដ​ជាមាន​ភាគរយ​ឈ្នះ​សម្រាប់​ការបោះ​ឆ្នោត​ខាងមុខ ដោយសារ​អង្គ​បោះឆ្នោត​ភាគច្រើន​លើសលប់​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ ទាំងនេះ​នឹង​បោះ​ឆ្នោត​ជូន​គណបក្ស​ខ្លួន​មិន​ខាន​។​

​លោក​បន្ថែមថា​៖ «​ពួកគាត់​នឹង​បន្ត​បោះឆ្នោត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ល្គឹកណា​គណបក្ស​នេះ​នៅតែ​ជា​គណបក្ស​នាំមក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ​ជូន​ប្រជាជាតិ និង​មិនមាន​អ្វី​ខុសឆ្គង​អ្វី​ទេ ហើយ​គាត់​នឹង​ជ្រើស​រើស​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា​»៕