​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​អូស្ត្រាលី ចាប់តាំងពី​សម័យ​ស្វែងរក​សន្តិភាព រហូតមកទល់​បច្ចុប្បន្ន ខណៈដែល​អូស្ត្រាលី​តែង​ជួយ​គាំទ្រ​កម្ពុជា​។​


​ការលើកឡើង​ពី​បញ្ហា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការ​​ងារ​រវាង​លោក ហ៊ុន ម៉ា​ណែ​ត និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​លោក ចា​ស្ទី​ន ខេ​វិ​ន វ៉ា​យ​​អេ​ត (Justin Kevin Whyatt) នា​វិមាន​សន្តិភាព នៅ​ថ្ងៃទី ​២២ ខែមករា ឆ្នាំ​ ២០២៤​។​

​ក្នុងឱកាស​នោះ លោក ​ហ៊ុន ម៉ា​ណែ​ត ​បាន​សាទរ​ចំពោះ​វឌ្ឍន​ភាព​នៃ​ទំនាក់ទំនង​កម្ពុជា​-​អូ​​ស្ត្រា​លី ដោយ​លោក​បាន​លើក​ឡើង​ថា អូស្ត្រាលី​តែង​ជួយ និង​គាំទ្រ​កម្ពុជា​ចាប់តាំងពី​ដំណើរ​ការស្វែងរក​សន្តិភាព​មកដល់​បច្ចុប្បន្ន​ទៅលើ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​ជំនួប ដែល​បាន​ផ្សព្វផ្សាយ​តាម​តេ​ឡេ​ក្រាម​របស់លោក​ហ៊ុន ម៉ា​ណែ​ត​។​


​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ប្រាប់​សមភា​គី​អូស្ត្រាលី​ផងដែរ​ពី​គោលនយោបាយ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ ​នៃ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៧ ជុំវិញ​ការទាក់ទាញ​នៃ​ច្បាប់​វិនិយោគ និង​គោលនយោបាយ​លើកទឹកចិត្ត​វិនិយោគិន និង​ធុរជន របស់​កម្ពុជា​ដែល​ធានា​ភាព​ប្រា​កដ​និយមនៃ​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាពអនុគ្រោះ​។​

​តាមរយៈ​ខ្លឹមសារ​ដដែល​នេះដែរ​លោក​ ចា​ស្ទី​ន ខេ​វិ​ន វ៉ា​យ​អេ​ត ក៏បាន​លើកឡើង​ផងដែរ​ពី​ការ​​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា ជាពិសេស​កិច្ច​សហប្រតិបត្តិការ​ទៅលើ​គ្រប់​វិស័យ​បន្ថែមទៀត តួយ៉ាង​សេដ្ឋ​​កិច្ច វិនិយោគ ពាណិជ្ជកម្ម សុខា​ភិ​បាល អប់រំ កសិកម្ម បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​ពង្រឹងសមត្ថភាព​វិស័យ​ការពារ​ជាតិ​។ ក្រៅពីនេះ ភាគី​ទាំង ​២ បាន​ពិភាក្សា​ការងារ​គ្នា​ទៅលើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដើម្បី​ជា​ផលប្រយោជន៍​រួម ដែល​អាច​នឹង​បង្កើន និង​ពង្រឹង​តួនាទី​រៀងៗ​ខ្លួន សម្រាប់​វេទិកា​តំបន់ និង​សកល​។​


​លោក ​ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ឯក​ភាព​ចំពោះ​ការលើកឡើង​របស់លោក ​ហ៊ុន ម៉ា​ណែ​ត ខណៈ​អូស្ត្រាលី​ជា​ប្រទេស​ដែល​ជួយ​ជ្រោមជ្រែង​កម្ពុជា​ពី​ដំណើរ​ការកសាង​ជាតិ​ឡើងវិញ​ក្រោយ​របប​ខ្មែរក្រហម ហើយ​មិនដែល​មាន​ភាព​ល្អក់កក​រ​ផ្នែក​ការទូត​រវាង​គ្នា និង​គ្នា​ឡើយ​។​

​លោក​បន្តថា ប្រទេស​ទាំង ​២ មាន​ភូមិសាស្ត្រ​មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ឡើយ ដែល​កម្ពុជា​ត្រូវការ​ជំនួយ និង​ការ​ជ្រោមជ្រែង​ពី​អូស្ត្រាលី ខណៈ​ប្រទេស​នេះ ជា​ប្រទេស​អភិវឌ្ឍន៍​មាន​សក្តានុពល និង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​។

លោក ស៊ឺន​ សម ប្រាប់ថា​៖ «​កម្ពុជា​ត្រូវការ​ជំនួយ​របស់​អូស្ត្រាលី​មិន​ថា ការអប់រំ មនុស្សធម៌ ផ្នែក​កងទ័ព​ជា​ដើម​ជាពិសេស​ទីផ្សារ​។ អូស្ត្រាលី​ក៏ត្រូវ​ការ​កម្ពុជា​ដែរ ខណៈ​កម្ពុជា​ជា​ប្រទេស​នៅតាម​ដង​ទន្លេ​មេ​គ​ង្គ​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​នៅ​អាស៊ី ហើយ​កម្ពុជា​ជាស​មា​ជិ​ក​អាស៊ាន​ដែល​ប្រើ​គោល​ការ​ណ៍​កុងសង់ស៊ីស ហើយ​មាន​សក្តានុពល​ក្នុងភូមិ​សាស្ត្រ​យុទ្ធ​សាស្ត្រ​សម្រាប់​មហាអំណាច​ទោះបី​កម្ពុជា​តូចក្តី​»​។

​លោក​ថា ដើម្បីឱ្យ​ភាគី​ទាំង​ ២ អាច​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​, កម្ពុជា និង​អូស្ត្រាលី​គួរ​បង្កើន​ការស្វែងយល់​ពីគ្នា ស្វែងយល់​ពី​ភាពខ្វះខាត​រវាង​គ្នា និង​គ្នា​ដើម្បី​បំពេញ​ភាពខ្វះខាត​នោះ ហើយ​ត្រូវ​បង្កើន​ការជួបគ្នា​ដើម្បី​លើកឡើង​ពី​ការខ្វែងគំនិត​គ្នា ដែល​មិនគួរ​ធ្វើ​សេចក្តីថ្លែងការណ៍​ដាក់គ្នា​មុន​ការជួប​ជជែក​គ្នា​ដោយផ្ទាល់​ឡើយ ហើយ​កម្ពុជា​គួរ​ចៀសវាង​ការកាត់បន្ថយ​ការ​​ប្រតិកម្ម​តប​ទៅនឹង​ការរិះគន់​របស់​អូស្ត្រាលី ឬ​ប្រទេស​នានា តួយ៉ាង​ទៅលើ​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ទេសចរណ៍ ជាដើម​។​

​សម្រាប់​លោក រ៉ូ វណ្ណៈ អ្នក​​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ក៏បាន​ថ្លែង​ដែរ​ថា ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​ចំពោះ​ទំនាក់ទំនង​កម្ពុជា​-​អូស្ត្រាលី ជា​ផ្នែក​នៃ​ពិពិធ​កម្ម​ការទូត​របស់ខ្លួន ស្របពេល​ទំនាក់ទំនង​កាន់តែ​វិ​វ​ឌ្ឍ​ទៅ​ប្រសើរឡើង​ហើយ​សា​រន​យោ​បាយ​ការទូត​របស់​អូស្ត្រាលី​មកលើ​កម្ពុជា​ក៏មាន​ភាពទន់ភ្លន់ បើទោះបី​កម្ពុជា​រង​ការរិះគន់​ពី​លោក​ខាងលិច​ក្តី​ជុំវិញ​បញ្ហា​ប្រជា​ធិ​ប​តេ​យ្យ​ក៏ដោយ​។​

​លោក​បញ្ជាក់ថា​៖ «​ការពង្រីក និង​ពង្រឹង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ទាំង ​២ ​បន្ថែមទៀត ដើម្បី​កំណើនសេដ្ឋកិច្ច និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា បន្ថែម​ពីលើ​ការផ្តល់​អាហា​រូប​​ករ​ណ៍​ដល់​និស្សិត និង​មន្ត្រី​រាជ​ការ​កម្ពុជា​។ 

​កម្ពុជា និង​អូស្ត្រាលី​គួរផ្តោត​សំខាន់​លើ​ការលាង​លុយកខ្វក់ និង​លើក​ពី​សុ​ចរិតភាព​ពាណិជ្ជកម្ម និង​ការកាត់បន្ថយ​អំពើពុករលួយ​នៅក្នុង​វិស័យ​ធុរកិច្ច ដើម្បី​ទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពី​អូស្ត្រាលី​។​

ទាក់ទង​នឹង​មតិ​រិះគន់​របស់​អ្នកនយោបាយ​អូស្ត្រាលី​មកលើ​រដ្ឋាភិបាល​កម្ពុជា​វិញ លោក ​រ៉ូ វណ្ណៈ ថ្លែងថា មិនសូវ​ជាមាន​ឥទ្ធិពល​ឡើយ​លើ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ខណៈ​តំណាងរាស្ត្រ​អូស្ត្រាលី​ដែល​លើកឡើង​ពី​បញ្ហា​កម្ពុជា មាន​ចំនួន​តិចតួច ហើយ​រដ្ឋាភិបាល​អូស្ត្រាលី​ទាំង​មូល​នៅតែ​ប្រកាន់​គោលការណ៍​ការទូត​ទន់ភ្លន់​ចំពោះ​កម្ពុជា និង​ផ្តោតលើ​ប្រយោជន៍​សេដ្ឋកិច្ច​ជាសំខាន់​៕​