​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ បានស្នើ​ដល់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​ពី​ចក្ខុវិស័យ​ជា​អាទិភាព​មួយចំនួន លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ទាក់ទង​ជា​​មួយ​នឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការសហប្រជាជាតិ និង​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ​(UNESCAP)​ ទៅ​ថ្ងៃ​អនាគត ខណៈ​លោក ហ៊ុន​ សែន បានបញ្ជាក់​ពី​ចំណុច​អាទិភាព​របស់​កម្ពុជា គឺ​រក្សាសុខ​សន្តិភាព និង​ការយកចិត្ត​ទុកដាក់​លើ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​


​លោកស្រី អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា (Armida Salsiah Alisjahbana) អគ្គ​លេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ និង​ជា​ប្រធាន​គណៈ​​កម្ម​ការ​សេដ្ឋកិច្ច និង​សង្គម​នៃ​អង្គការសហប្រជាជាតិ ​(UNESCAP) បានលើកឡើង​ដូចនេះ ក្នុងឱកាស​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន​ សែន នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២៤ នា​វិមាន ​៧ ​មករា​។​

​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​របស់លោក​ស្រី​អគ្គលេខាធិការរង អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បន្ទាប់ពី​លោក​បាន​ជួប​លោកស្រី​ម្តងម្កាល​ពី​ឆ្នាំ​ ២០១៩​ កន្លងទៅ​។


​លោក ហ៊ុន សែន បាន​ថ្លែង​ឡើង​ដែរ​ថា ដំណើរ​បេសកកម្ម​រប​ស់លោក​​ស្រី Armida​ នៅពេលនេះ នឹង​ពិនិត្យឃើញ​អំពី​ការវិវឌ្ឍ និង​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​។​

​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​នេះ​ដែល​ផ្សព្វផ្សាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន សែន​, លោកស្រី Armida​ បាន​លើកឡើងថា នេះ​ជា​លើក​ទី ​៣ ​ហើយ ចាប់តាំងពី​ឆ្នាំ​ ២០១៩ ដែល​លោកស្រី​បានមក​បំពេញ​ទស្សន​កិច្ច នៅ​កម្ពុជា​។​


​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​៖ «​លោកជំទាវ​បានស្នើ​សុំ​សម្ដេច​តេ​ជោ បង្ហាញ​អំពី​ចក្ខុវិស័យ​ជា​អាទិភាព​មួយចំនួន លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ទាក់ទង​ជាមួយនឹង​កិច្ច​សហប្រតិបត្តិ​ការ​របស់ ​ESCAP ទៅ​ថ្ងៃ​អនាគត​»​។​

​ក្នុងឱកាស​នោះដែរ លោកស្រី​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីក​​ចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​លើ​ផ្នែក​សេដ្ឋកិច្ចសង្គម​ចាប់ពី​ឆ្នាំ​ ២០១៩​ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ជា​អតីត​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជាមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ ESCAP ​ជាមួយនឹង​កម្ពុជា ក្នុង​តំបន់ និង​ជា​​មួយ​នឹង​ពិភពលោក កាន់តែ​មានការ​រីកចម្រើន​បន្ត​ថែមទៀត​។ លោកស្រី​ក៏បាន​ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​នៃ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ចសង្គម បន្តទៅទៀត​ផងដែរ​។​

​ចំណែក​លោក ហ៊ុន សែន បាន​ថ្លែង​ឡើង​ដែរ​ថា វិបត្តិ​កូ​វីដ​ ១៩​ បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ជួប​ការលំបាក ក៏​ដូច​​ជា​តំបន់​មានការ​លំបាក ប៉ុន្តែ​ក្រោយ​កូ​វីដ​ ១៩ កម្ពុជា​បាន​ស្ដារ​ប្រទេស​ឡើងវិញ​ជា​បណ្ដើរៗ​។​

​ចំពោះ​កម្ពុជា​គោលដៅ​អនាគត លោក​បាន​បញ្ជាក់ថា​៖ «​គោលដៅ​របស់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​មាន​ចំណុច​អាទិភាព​ចំនួន​ ២ ​សំខាន់ គឺ​១. កម្ពុជា​បន្ត​រក្សាសុខ​សន្តិភាព ស្ថិរភាព​នយោបាយ ដើម្បី​កំណើន និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ទី​២. កម្ពុជា​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ដោយ​ធ្វើយ៉ាងណា ដើម្បីឱ្យ​មានការ​អភិវឌ្ឍ​ដោយ​ចីរភាព និង​សម្រួល​ដល់​ជីវ​​ភាព​រស់នៅ​របស់​ប្រជាជន​»​។​

​ដោយឡែក នៅ​ថ្ងៃ​ដដែល​នោះដែរ លោកស្រី​ Armida ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ផងដែរ ដោយ​ភាគី​ទាំង​ ២ បាន​និង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​នេះ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា អង្គការ UNESCAP បាន​ចូលរួម​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ទៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​នាពេល​កន្លងមក ហើយ​លោក​ក៏បាន​កោត​សរសើរ និង​អរគុណ​ចំពោះ​ការប្តេជ្ញា​​ចិត្ត នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ  ​របស់​អង្គការ UNESCAP ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​ក្នុងជំនួប​នេះ លោកស្រី​ Armida បានលើកឡើង​ដោយ​សង្ខេប​ពី​វិស័យ​អាទិភាព​ចំនួន ៤ ដែល​នៅក្នុង​ក្រប​ខ័​ណ្ឌ​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​នេះ ក្នុងនោះ​រួមមាន​៖ ទី​១) ការផ្ដល់​កិច្ច​គាំពារ​ដល់​ប្រជាជន​ដោយ​ឈរលើ​គោលការណ៍ «​មិន​ទុក​នរណាម្នាក់ ចោល​» និង​កិច្ចការពារបរិស្ថាន​ដោយ​ផ្ដោត​ជា​អាទិភាព​លើ​ការប្រែប្រួល​អាកាសធាតុ​។

លោកស្រី​បាន​បន្តថា ទី​២) ការ​សម្របសម្រួល​នៅក្នុង​ការជំរុញ​ការ​​វិនិយោគ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​ការតភ្ជាប់​នៃ​វិស័យ​ពាណិជ្ជកម្ម​នៃ​បណ្ដា​ប្រទេស​សមាជិក​នៃ​អង្គការ UNESCAP, ទី​៣) ការកសាង និង​ពង្រឹងសមត្ថភាព​ឌីជីថល សម្រាប់​ប្រជាពលរដ្ឋ និង​ទី​៤)​ ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​រួមចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs)​។

​លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​នាឱកាស​នោះដែរ​ថា អ្វីដែល​លោក​​ស្រី​ Armida ​បានលើកឡើង​នេះ គឺមាន​ភាព​ប្រទាក់ក្រឡា និង​ស្របគ្នា​ជាមួយនឹង​ក្របខ័ណ្ឌ​គោ​លន​យោ​បាយ និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋ​សភា​។

លោក​ថា​៖ «​ជាពិសេស ការ​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ ដែល​ផ្តល់​អាទិភាព​លើ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការកសាង​ភាព​ធន់ និង​កំណើន​ចីរភាព​សំដៅ​ឈានទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ ​២០៥០ ដើម្បី​ប្រែ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​»៕