​ភ្នំពេញៈ​ លោក ​យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២៤ ​ថា មន្ត្រី​កសិកម្ម​ឃុំ នឹង​នៅតែ​ទទួល​ការបណ្តុះបណ្តាល​បន្ថែម និង​ការចែករំលែក​បទ​​ពិសោធន៍​ការងារ​គ្នា​ទៅវិញ​ទៅ​​មក​រៀងរាល់ ​១ ​ខែម្តង បើទោះបីជា​ពួកគាត់​បាន​ចុះ​បំពេញការងារ​នៅតាម​ឃុំ​នានា​ហើយក៏​ដោយ​។​


​លោក​បាន​ឱ្យដឹងទៀតថា ទោះបី​ក្រសួង​បាន​បណ្តុះបណ្តាល​មន្ត្រី​កសិកម្ម​ឃុំ​ ២៥០ ​នាក់​ដំបូង​ចប់​នៅ​ចុងខែ​មករា​នេះ​ក៏ដោយ​ក៏​ក្រសួង​នឹង​បន្ត​ប្រឡង​ជ្រើសរើស មន្ត្រី​កសិកម្ម​ឃុំ​នៅ​វគ្គ​ទី ​២ ​បន្តទៀត​ចំនួន​ ៨០០​ នាក់​នៅ​ខែមីនា ឆ្នាំ​ ២០២៤ ​ខាងមុខ រីឯ​វគ្គ​ទី​ ៣ ​ដែល​ត្រូវ​ជ្រើសរើស​នៅ​ឆ្នាំ​ ២០២៥ មាន​ ៥៥០ ​នាក់​ដើម្បី​ដាក់ពង្រាយ​នៅតាម​ឃុំ​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​បណ្តុះបណ្តាល​តម្រង់ទិស​មន្ត្រី​កសិកម្ម​ឃុំ​របស់​យើង​ដំបូង​នៅ​ទីស្តីការក្រសួង​អស់​រយៈ​​ពេល ​២​ សប្តាហ៍​។ ក្រោយមក​យើង​បាន​បណ្តុះបណ្ដាល​ស៊ី​​ជម្រៅ​លើ​បច្ចេកទេស​ទៅលើ​ផលិតកម្ម​ស្រូវ ដោយ​យើង​ក៏​នឹង​រៀបចំ​បណ្តុះបណ្តាល​ពួកគាត់​នៅតាម​ខេត្ត​ដែល​គាត់​ត្រូវ​បំពេញការងារ ប៉ុន្តែ​យើង​អាច​ផ្គួប​ចូលគ្នា ​២​ ទៅ ​៣​ ខែ​សិន​មុន​បញ្ជូន​ពួកគាត់​ទៅតាម​ទីតាំង​ឃុំ​ដោយឡែក​»​។​


«​ពេល​គាត់​ចុះទៅ​បំពេញ​ការ​ងារ​នៅតាម​ឃុំ​នោះ​ហើយក៏​ដោយ ការបណ្តុះបណ្តាល​បន្ថែម​នៅតែមាន​ជាប្រចាំ ដោយ​យើង​នឹងធ្វើ​ ១ ​ខែម្តង ដើម្បី​រំឭក​ឡើងវិញ ការឆ្លុះបញ្ចាំង​នានា និង​ការចែករំលែក​បទពិសោធ​ន៍​ទៅវិញទៅមក ដើម្បី​យក​ជា​មេរៀន ជំរុញ​ដល់​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​»​។ លោក យ៉ង សាំង​កុមារ បញ្ជាក់បន្ថែម​។​

​លោក​បាន​បន្ថែមថា កាលពី​ថ្ងៃទី​ ១៩ ខែមករា កន្លងទៅ​ថ្មីៗ​នេះ លោក​បាន​ជួប​ជា​លើកដំបូង​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ នៅ​ខេត្តតាកែវ ដែល​ទើប​ប្រឡង​ជាប់ ដោយ​លោក​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បម្រើ​កសិករ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​


​បើតាម​លោក យ៉ង សាំង​​កុមារ មន្ត្រី​កសិកម្ម​ទាំងនេះ​នឹង​ឆ្លងកាត់​វគ្គ​កម្មសិក្សា​ ១ ​ឆ្នាំ​មុននឹង​ក្លាយទៅជា​មន្ត្រីរាជការ​ពេញសិទ្ធិ ។ ជាមួយគ្នា​នោះដែរ ការបណ្តុះបណ្តាល​ត្រូវតែ​ធ្វើឡើង​រៀងរាល់​ ១​ ខែម្តង សម្រាប់​មន្ត្រី​កសិកម្ម​ឃុំ​ទាំងអស់ បើទោះជា បាន​ចុះទៅ​បំពេញការងារ​នៅតាម​ឃុំ​ទាំងនោះ​ហើយក៏​​ដោយ​។ មន្ត្រី​ទាំងអស់​នឹងត្រូវ​ស្នាក់នៅ​ជា​អចិ​ន្រៃ្ដ​យ៍​នៅ​មូល​​ដ្ឋា​ន​តែម្តង​ដើម្បី​ផ្សារភ្ជាប់​ជីវភាព​ជាមួយនឹង​ប្រជាកសិករ និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​សំណូមពរ ហើយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យទាន់ពេល​។​

​ដោយសារតែ​មន្ត្រី​កសិកម្ម​ឃុំ ២៥០ នាក់​ដំបូង ត្រូវ​ផ្តោតលើ​ផលិតកម្ម​ស្រូវ លោក ចាន់​ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា បានបង្ហាញ​ពី​ក្តី​រីករាយ ចំពោះ​វត្តមាន​មន្ត្រី​កសិកម្ម​ឃុំ ដែល​នឹងត្រូវ​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​កសិករ​នៅ​ខែក្រោយ ដោយ​លោក​រំពឹងថា ការធ្វើ​ស្រូវ​របស់​កសិករ​នឹងមាន​ការយល់​ដឹង​ច្រើនជាង​មុន នៅពេល​មាន​អ្នកជំនាញ​នៅក្បែរ​។​

​លោក​ ចាន់ សុ​ឃាំង បាន​លើកឡើងថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នេះ គឺជា​គោល​នយោបាយ​មួយ​ដែល​បាន​ដាក់ចេញ​ចំណុច​ចង់បាន​របស់​វិស័យ​ឯកជន​ក្នុង​ផ្នែក​ស្រូវ​អង្ករ ខណៈដែល​ប្រជាកសិករ​ក៏មាន​តម្រូវ​ការ​ផងដែរ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​វត្តមាន​របស់​មន្ត្រី​កសិកម្ម​ឃុំ​នេះ គឺ​សំខាន់​ណាស់​។ ខ្ញុំ​សង្ឃឹម​និង​ជឿជាក់ថា មន្ត្រី​ដែល​បាន​ចុះទៅ​ជួយ​ដល់​កសិករ​ផ្នែក​ផលិត​កម្ម​ស្រូវ​នេះ នឹង​ជួយ​កសិករ​បាន​ច្រើន​ទាំង​ផ្នែក​បច្ចេកទេស ទីផ្សារ និង​ផ្នែក​សំខាន់​មួយចំនួនទៀត​នៅក្នុង​វិស័យ​ស្រូវ​-​អង្ករ ដើម្បី​ធ្វើឱ្យ​ប្រទេស​យើង​ក្លាយជា​ប្រទេស​ផលិត និង​នាំចេញ​កសិផល ជាពិសេស​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​កាន់តែច្រើន​ថែមទៀត​»​។​

​សូមបញ្ជាក់ថា បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ត្រូវធ្វើ​កម្មសិក្សា និង​តាំងស៊ប់​ក្នុង​ប្រភេទ​ក្របខ័ណ្ឌ​ក​, ខ​, គ ផ្អែកលើ​កម្រិត​បណ្តុះបណ្តាល​របស់​សាមីខ្លួន​ហើយនឹង​ត្រូវ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ទាប​បំផុត​ចាប់​ពី​ ១​ លាន ​៤ ​សែន​រៀល​នៅតាម​ប្រភេទ​ក្របខ័ណ្ឌ និង​ទទួល​​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ​១៦ ​ម៉ឺន​រៀល ​ក្នុង​១ ​ខែ រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​។​

​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេក​​ទេស​កសិកម្ម​ទៅគ្រប់ ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស ជា​កម្មវិធី​នយោបាយ​អាទិភាព​ទី៦ ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ ក្នុងការ​លើកស្ទួយ​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​។​

​ចំណែក​យន្តការ​សម្រប​សម្រួល និង​កម្មវិធី​ហិរញ្ញ​ប្ប​ទាន​ដែលជា​កម្មវិធី​នយោបាយ​អាទិភាព​ទី​៥ គឺ​សំដៅ​លើក​ស្ទួយ​ផលិតកម្ម​, រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ ក្នុង​កម្រិត​សមរម្យ តាមរយៈ​ការដាក់ចេញ​កញ្ចប់​ថវិកា​ជាក់​លាក់ ដោយ​ចាប់ផ្តើម​ពី​ចំនួន​ ១០០ ​លាន​ដុល្លារ​អាមេរិក និង​អាច​វិភា​ជ​ថវិកា​បន្ថែម​ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេល ក្នុង​ការទិញ​កសិផល​ពី​ប្រជា​​កសិករ​ជាមួយនឹង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ​នៅ​រាល់​រដូវ​ប្រមូល​ផល ជាពិសេស​លើ​ផលិតផល​កសិកម្ម​មួយចំនួន ជាអាទិ៍ ស្រូវ ស្វាយកែវ​រមៀត មៀន​ប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និង​ផលិតផល​ផ្សេងទៀត​
​តាម​ការចាំបាច់​៕